មន្ត្រីចរាចរណ៍ជាន់ខ្ពស់៖ អាជ្ញាធរត្រៀមខ្លួនជាស្រេច​រឿងចុះពិន័យអ្នកបើកបរល្មើសច្បាប់ដល់ផ្ទះ

//s5.kh1.co/d5/d5b7c1ed34c347dbd02487ed94e0f385a7937370.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ មានលេចឮព័ត៌មានដែលថានគរបាលចរាចរណ៍ នឹងយកឯកសារទៅពិន័យដល់ផ្ទះ បើអ្នកបើកបររំលោភលើគំនូសចរាចរណ៍ និងភ្លើងស្តុបនានា។ មានមតិជាច្រើន​មានការងឿងឆ្ងល់ថាតើ ការបង្ហើបខាងលើនេះ ជាព័ត៌មានពិតរឺទេ? ហើយបើពិត តើអាជ្ញាធរនឹងមានចំណាត់ការបែបណា? ខណៈមកដល់បច្ចុប្បន្ន មានយានជំនិះយ៉ាងច្រើនស្អេកស្កះនៅក្នុងក្រុង ហើយភ្លើងចរាចរណ៍យ៉ាងច្រើនសន្ធឹកយ៉ាងដូច្នេះនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីនគរបាលចរាចរណ៍ផ្លូវគោក
រូបភាពពីនគរបាលចរាចរណ៍ផ្លូវគោក

តបនឹងចម្ងល់នេះ លោកវរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានKhmerload នាថ្ងៃ២៣ធ្នូថា ការចុះទៅពិន័យដល់ផ្ទះដោយផ្អែកលើកាមេរាសុវត្ថិភាពនៅតាមភ្លើងស្តុបគឺជារឿងពិត ហើយអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេច រង់ចាំតែចុះអនុវត្តន៍ប៉ុណ្ណោះ។

លោកថី វិសាល បញ្ជាក់ថា៖«យើងបានត្រៀមក្រុមការងារួចរាល់អស់ហើយ។ ហើយរង់ចាំតែចុះផាកពិន័យប៉ុណ្ណោះ។ ចំពោះមូលហេតុដែលយើងរៀបចំឲ្យមានការពិន័យដោយមានជំនួយពីបច្ចេកវិទ្យាបែបនេះ គឺដោយសារមូលហេតុពីរយ៉ាង។»

មន្ត្រីជាន់ខ្ពស់ខាងលើ បកស្រាយបន្ថែមថា៖ «១.​ កាត់បន្ថយកម្លាំងមនុស្ស និងភាពឆកល្វែង។ បើនគរបាលចរាចរណ៍ជាអ្នកពិន័យ អាចមានការឆកល្វែងព្រោះថាពេលមេឃក្តៅ ភ្លៀង ឬម៉ោងអាជ្ញាធរសម្រាកអាចជាឳកាសឲ្យអ្នកបើកបរមួយចំនួនបំពានច្បាប់​មិនញញើត។ ហើយដូចដែលដឹងហើយថា អ្នកបើកបរខ្លះទៀត ពេលឃើញអាជ្ញាធរជួយសម្រួល ពួកគេមិនហ៊ានបំពានទេ តែបើមិនឃើញមានមន្ត្រីចរាចរណ៍នៅក្បែរភ្លើង ឬស្លាកសញ្ញាចរាចរណ៍ ពួកគេបើកបំពានច្បាប់យ៉ាងគគ្លើន។ ចឹងហើយវិធីដាក់កាមេរាសុវត្ថិភាពនេះគឺមានប្រសិទ្ធិភាព។​ ២. ប្រើបញ្ចេកវិទ្យាជាជំនួយ៖ នៅប្រទេសផ្សេងៗក៏គេប្រើដើម្បីជំនួយកម្លាំងមនុស្សដែរ។ សម័យនេះហើយ យើងគួរប្រើបច្ចេកវិទ្យាឲ្យត្រូវតាមកាលៈទេសៈ ដើម្បីប្រសិទ្ធិភាពខ្ពស់ និងភាពឆាប់រហ័សផងដែរ។»

លោកថា កាមេរាសុវត្ថិភាពនឹងជួយថតមុខអ្នកបើកបរ ព្រមទាំងស្លាកលេខយានជំនិះផងដែរ។ លោកថា ស្លាកលេខយានយន្ត និងឯកសារខ្លះៗរបស់សាម៉ីខ្លួននឹងបញ្ជាក់ពីទីកន្លែងដែលពួកគេស្នាក់នៅ ដូច្នេះហើយពេលណាដែលអ្នកបើកបរទាំងនោះបំពានច្បាប់ អាជ្ញាធរនឹងបញ្ជូនឯកសារមកដល់ផ្ទះរបស់ពួកគេតែម្តង។ យ៉ាងណា លោកថាការចុះផាកពិន័យអ្នកបើកបរដែលមិនគោរពច្បាប់ដល់ផ្ទះបែបនេះ គឺមានលក្ខណៈខុសគ្នា ដូចជាម៉ូតូត្រូវពិន័យថវិកាផ្សេង ម៉ូតូកង់បី រថយន្តធំ និងរថយន្តតូចក៏ផ្សេងគ្នាដែរ។

រូបភាពពីនគរបាលចរាចរណ៍ផ្លូវគោក
រូបភាពពីនគរបាលចរាចរណ៍ផ្លូវគោក

មន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈរូបនេះបានបង្ហាញនូវសុទិដ្ឋិនិយមថា​ ការពិន័យលើអ្នកបើកបរដែលរំលោភលើគំនូស និងភ្លើចរាចរណ៍ ដោយផ្អែកលើកាមេរាសុវត្ថិភាព​នឹងមានប្រសិទ្ធិភាពបំផុត។ លោកថា ចាប់ពីពេលនេះតទៅ ទោះមិនមានមន្ត្រីចរាចរណ៍ ក៏គង់មានកាមេរាសុវត្តិភាពជួយដែរ ដូចនេះមិនជាបញ្ហាច្រើនដល់អាជ្ញារធរឡើយ ហើយក្រុមការងារត្រៀមតែឯកសារបញ្ជូនទៅដល់ផ្ទះអ្នកមិនគោរពច្បាប់ចរាចរណ៍តែប៉ុណ្ណោះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T