ភ្នំពេញ៖ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ Standard & Poor’s (S&P) Global Ratings ត្រូវបានដំឡើងពីកម្រិត «B» ទៅ «B+» ជាមួយនឹងទស្សនវិស័យសេ្ថរភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស«យើងពិតជារីករាយណាស់ ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ»។
នេះបើតាមប្រសាសន៍របស់លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA។
លោក Zhiger Atchabarov បានបន្ថែមថា៖
«នេះគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវរបស់យើង ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន»។

អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថា មានគុណសម្បត្តិល្អក្នុងការប្រកួតប្រជែង រួមជាមួយនឹងការគាំទ្រពីសម្ពន្ធធនាគារជាតិកាណាដាផងដែរ។
«យើងបានដំឡើងចំណាត់ថ្នាក់របស់យើងដល់ធនាគារ ABA ដោយផ្អែកលើសម្ភារៈរបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារនៃប្រាក់កម្ចី និងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។ បច្ចុប្បន្នធនាគារ ABA គឺជាធនាគារធំលំដាប់ទីបីនៅកម្ពុជា ហើយសិទ្ធិអាជីវកម្មរបស់ខ្លួនគ្របដណ្តប់អតិថិជនទាំងនៅក្នុងទីក្រុង និងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងទីផ្សារផងដែរ។ តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារ ទំនងជានឹងបន្តគាំទ្រដល់ស្ថេរភាពអាជីវកម្មរយៈពេលវែងបាន»។
នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P។
អ្នកវិភាគរបស់ S&P បានបន្ថែមថា៖
«សិទ្ធិអាជីវកម្មរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំរបស់ខ្លួន ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចនិងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។ ធនាគារ ABA បាននិងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១០ ជាពិសេសនៅក្នុងផ្នែក MSME ។ យើងប៉ាន់ស្មានឃើញថា ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា ១០ ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា ១២ ភាគរយ សម្រាប់ប្រាក់បញ្ញើ នេះបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩»។
ទស្សនវិស័យសេ្ថរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។
ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត «B» ដល់ធនាគារ ABA នៅក្នុងឆ្នាំ២០១៧ និងរក្សាចំណាត់ថ្នាក់នេះដដែលនៅក្នុងឆ្នាំ២០១៨៕