ABA និងធនាគារ Mizuho ចាប់ដៃគ្នា ជំរុញសេវាហិរញ្ញវត្ថុឆ្លងប្រទេស

//s9.kh1.co/4d/4d823b38bcfd4b1c5e1f9cd6bef7ec33ad50acc5.jpg
សង្គម

 ១២-កុម្ភៈ-២០២៤ ១ល្ងាច · ៣ ខែមុន

ធនាគារ ABA របស់ប្រទេសកម្ពុជា និងធនាគារ Mizuho នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងទិសដៅពង្រឹងសេវាហិរញ្ញវត្ថុឆ្លងប្រទេស និងពង្រីកឱកាសវិនិយោគក្នុងតំបន់។

ធនាគារ ABA របស់ប្រទេសកម្ពុជា និងធនាគារ Mizuho នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងទិសដៅពង្រឹងសេវាហិរញ្ញវត្ថុឆ្លងប្រទេស និងពង្រីកឱកាសវិនិយោគក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ពិធីចុះហត្ថលេខាលើ MoU នេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ធនាគារ ABA ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ2024 ក្រោមវត្តមានរបស់នាយកប្រតិបត្តិ នៃធនាគារទាំងពីរ។ ភាពជាដៃគូយុទ្ធសាស្ដ្រនេះ មានគោលបំណងផ្ដល់នូវអត្ថប្រយោជន៍សម្បូរបែបជាច្រើន ជូនដល់អតិថិជនរបស់ធនាគារ ABA និងធនាគារ Mizuho រួមទាំងធុរកិច្ចរបស់ជនជាតិជប៉ុន និងសាជីវកម្មពហុជាតិ។ កិច្ចសហការនេះបានចែងនូវផ្នែកសំខាន់ៗ ដូចជា៖

§  ការផ្តល់ជូនសេវាកម្មដ៏ល្អបំផុតកម្រិតសកល៖ អនុស្សរណៈនេះ ត្រួសត្រាយផ្លូវសម្រាប់ប្រតិបត្តិការឆ្លងប្រទេសឲ្យកាន់តែងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ។ កិច្ចសហការនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ ជាពិសេសសម្រាប់បណ្ដាធុរកិច្ច និងក្រុមហ៊ុនរបស់ជប៉ុន ដែលចង់ធ្វើពាណិជ្ជកម្មឆ្លងប្រទេស ឬគ្រប់គ្រងកាតព្វកិច្ចហិរញ្ញវត្ថុក្រៅប្រទេស។

§  ការពង្រីកឱកាសវិនិយោគ៖ កិច្ចព្រមព្រៀងនេះ អាចបើកឲ្យមាននូវឱកាសវិនិយោគរួមគ្នា ទៅលើផលិតផល និងសេវាកម្ម ដែលស្របតាមតម្រូវការជាក់ស្ដែង របស់ធុរកិច្ចមកពីប្រទេសជប៉ុន និងសាជីវកម្មពហុជាតិ ដែលអាចផ្ដល់នូវលទ្ធភាព​ចូលទៅកាន់ទីផ្សារថ្មី និងផលបត្រចម្រុះ។

§  ការជំរុញហិរញ្ញប្បទានពាណិជ្ជកម្ម៖ តាមរយៈការសម្រួលដល់ដំណើរការហិរញ្ញប្បទានពាណិជ្ជកម្ម ភាពជាដៃគូរវាង​ធនាគារទាំងពីរ​ ពង្រឹងដល់ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ  ដោយរក្សាបាននូវសុវត្ថិភាពប្រតិបត្តិការ និងកាត់បន្ថយហានិភ័យ សម្រាប់ធុរកិច្ចនាំចេញ និងនាំចូលតូចធំគ្រប់ប្រភេទ។

§  ការលើកកម្ពស់ការផ្លាស់ប្ដូរចំណេះដឹង៖ អនុស្សរណៈនេះលើកទឹកចិត្តឲ្យធនាគារទាំងពីរ សហការគ្នាផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក និងជាប្រចាំ លើការវិភាគទីផ្សារ និងឱកាសធុរកិច្ចថ្មីៗ សម្រាប់អត្ថប្រយោជន៍ជូនដល់អតិថិជនរបស់ខ្លួន។

រូបភាព
រូបភាព

លោក Askhat Azhikhanov នាយកប្រតិបត្តិការធនាគារ ABA បានមានប្រសាសន៍ថា  “ភាពជាដៃគូជាមួយធនាគារ Mizuho ដែលជាធនាគារឈានមុខកម្រិតសកល គឺជាការបោះជំហានដ៏សំខាន់ និងជោគជ័យមួយ នៅក្នុងដំណើរធុរកិច្ចរបស់ធនាគារ ABA ក្នុងការផ្សារភ្ជាប់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ពិភពលោក។ យើងជឿជាក់ថា កិច្ចសហការរបស់យើង នឹងបើកឱកាស​ថ្មីៗជូនដល់អតិថិជន ដែលរួមចំណែកដល់កំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច​របស់កម្ពុជា”។

រូបភាព
រូបភាព

លោក Koichi Zaiki នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Mizuho មានមតិ​ចំពោះភាពជាដៃគូនេះ​ផងដែរថា “យើងមានសេចក្ដីសោមនស្សក្រៃលែង ក្នុងការសហការជាមួយ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា ហើយធនាគារនេះមានការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីទីផ្សារក្នុងស្រុករបស់ខ្លួន។ ធនាគារ Mizuho ប្ដេជ្ញាចិត្តផ្តល់នូវសេវាកម្មធនាគារកម្រិតសកល ព្រមទាំងពង្រីកឱកាសវិនិយោគ និងពង្រឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម ក៏ដូចជា ចែករំលែកជំនាញ និងចំណេះដឹងរបស់ខ្លួនជាមួយធនាគារ ABA ផងដែរ។ យើងស្វះស្វែងផ្ដល់នូវដំណោះស្រាយល្អបំផុត និងលើសពីការរំពឹងទុក ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ធនាគារទាំងពីរអាចសម្រេចបាននូវលទ្ធផល ឈ្នះ-ឈ្នះ ប្រកបដោយផ្លែផ្កា”។

រូបភាព
រូបភាព

តាមរយៈអនុស្សរណៈនេះ ធុរកិច្ចរបស់ជប៉ុន និងសាជីវកម្មពហុជាតិ មានលទ្ធភាពទទួលបានឱកាសថ្មីៗ សម្រាប់កិច្ចសហការ និងសកម្មភាពហិរញ្ញវត្ថុឆ្លងដែនប្រទេស។ ABA និងធនាគារ Mizuho នឹងចាប់ដៃគ្នា ដើម្បីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់ និងជំរុញធុរកិច្ច ឲ្យចាប់យកឱកាសវិនិយោគទាំងនេះ ព្រមទាំងរួមចំណែកដល់ទិដ្ឋភាពសេដ្ឋកិច្ចដ៏រស់រវើក និងផ្សារភ្ជាប់គ្នាទៅវិញទៅមក នៅក្នុងតំបន់៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T