អាមេរិក៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់នៅឯសហរដ្ឋអាមេរិក ភ័យរន្ធត់ស្ទើរធ្លាក់បេះដូង នៅពេលដែលឃើញខ្មោចអង្គុយក្បែរកូនរបស់ខ្លួន ក្នុងកាមេរ៉ាសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Leila ជាម្ដាយបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ នាងបានទុកកូនចំនួន៤នាក់របស់នាង នៅជាន់ខាងក្រោមឲ្យមើលទូរទស្សន៍។ ចំណែករូបនាងវិញ បានឡើងទៅជាន់ខាងលើដើម្បីតុបតែងខ្លួន ហើយនាងក៏បានឃ្លាំមើលកូនៗតាមរយៈអាយផេតដែលតភ្ជាប់ជាមួយនឹងកាមេរ៉ាសុវត្ថិភាព។ ពេលនោះ នាងបានឃើញស្ត្រីចម្លែកម្នាក់កំពុងអង្គុយក្បែរកូនៗរបស់នាង ស្រាប់តែនាងស្ទុះចុះទៅជាន់ខាងក្រោមដើម្បីពិនិត្យមើល ប៉ុន្ដែមិនឃើញស្ត្រីម្នាក់នោះឡើយ។ បន្ទាប់មក នាងបានឡើងទៅជាន់ខាងលើវិញ ដើម្បីមើលកាមេរ៉ាសុវត្ថិភាពម្ដងទៀត ហើយក៏បានឃើញស្ត្រីម្នាក់នោះកំពុងអង្គុយនៅកន្លែងដដែល។ ក្រោយពីពិនិត្យមើលឲ្យបានច្បាស់រួចមក ទើបនាងដឹងថា ស្ត្រីម្នាក់នោះគឺជារូបនាងផ្ទាល់ ធ្វើឲ្យនាងផ្ទុះសំណើច និងហូរទឹកភ្នែកក្នុងពេលតែមួយ។
នាង Leila ក៏បានពន្យល់ដែរថា កាមេរ៉ាសុវត្ថិភាពមានបញ្ហា ដែលបានបង្ហាញពីសកម្មភាពកើតឡើងរួចមកហើយតាំងពីព្រឹកព្រលឹម ដោយមិនបង្ហាញពីសកម្មភាពឡាយផ្ទាល់។
ក្រោយពីនាង Leila បានរៀបរាប់រឿងរ៉ាវខាងលើនេះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនបានឆ្ងល់ថា ហេតុអ្វីបានជានាងមិនស្គាល់រូបរាងរបស់ខ្លួនឯង។ នាង Leila ក៏បានពន្យល់ថា នាងមិនបានចាប់អារម្មណ៍ ព្រោះពេលនោះ នាងបារម្ភពីកូនៗពេក ហើយម៉្យាងវិញទៀត សក់ពណ៌មាសរបស់នាងនៅក្នុងកាមេរ៉ាសុវត្ថិភាព គឺក្លាយទៅជាពណ៌ត្នោត៕
សូមទស្សនារូបភាពខាងក្រោម៖


