នៅពេលល្ងាច បើអ្នកក្រឡេកទៅទិសខាងលិចអ្នកនឹងឃើញផ្កាយ២ មានពន្លឺយ៉ាងខ្លាំង បើអ្នកឆ្ងល់ នៅទីនេះមានចម្លើយ

//s5.kh1.co/4b/4b861593e08f3c8ddf5e3dc72e3e9200c5b0ff69.png
សង្គម

 ២៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ជារៀងរាល់ល្ងាចនៅចុងខែវិចិ្ឆកានេះ ប្រសិនជាអ្នកឧស្សាហ៍ក្រឡេកមើលទៅទិសខាងលិច អ្នកនឹងមើលឃើញផ្កាយពីរដួងដែលមានពន្លឺលើសតារាៗឯទៀត តើអ្នកចង់ដឹងទេថាពន្លឺទាំងពីរនោះគឺជាអ្វី? ការពិតទៅពន្លឺទាំងពីរដួងនោះគឺជាពន្លឺរបស់ផ្កាយចោរ (ភពសុក្រ) និងភពព្រហស្បតិ៍ ហើយពន្លឺទាំងពីរនេះនឹងនៅកាន់តែកៀកគ្នានៅល្ងាចថ្ងៃអាទិត្យទី ២៤ខែវិច្ឆិកានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីតាំងភពសុក្រនិងព្រហស្បតិ៍ថ្ងៃទី២៤ខែវិច្ឆិកាវេលាម៉ោង៥:១៥នាទីល្ងាច
ទីតាំងភពសុក្រនិងព្រហស្បតិ៍ថ្ងៃទី២៤ខែវិច្ឆិកាវេលាម៉ោង៥:១៥នាទីល្ងាច

បើតាមសារព័ត៌មាន EarthSky បានឲ្យដឹងថាពន្លឺរបស់ភពទាំងពីរនេះគឺអាចមើលឃើញដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយអ្វីឡើយ។ បើអ្នកមើលនឹងភ្នែក អ្នកប្រហែលគិតថាភពទាំងពីរនេះអាចនឹងនៅជិតគ្នា តាមពិតពួកវាទាំងពីរស្ថិតនៅឆ្ងាយពីគ្នារាប់លានគីឡូម៉ែត្រ។ បន្ទាប់ពីព្រះអាទិត្យលិចបាត់ទៅ អ្នកនឹងអាចមើលឃើញអង្គទាំងពីរនេះមានពន្លឺដាច់គេតែម្ដងនៅពេលល្ងាច។ ព្រឹតិ្តការណ៍ភពសុក្រ និងព្រហស្បតិ៍រះនៅជិតគ្នាគឺជារឿងមួយដ៏កម្រ ហើយវាធ្លាប់កើតឡើងម្ដងកាលពីខែមករាឆ្នាំនេះ និងម្ដងទៀតគឺនៅចុងខែវិច្ឆិកានេះ ប៉ុន្តែបើអ្នកខកខានមិនបានមើលព្រឹត្តិការណ៍ដ៏កម្រនេះ អ្នកត្រូវរង់ចាំរហូតដល់ខែកុម្ភៈឆ្នាំ២០២១។

រូបភាពភពសុក្រនិងព្រហស្បតិ៍ថតនៅប្រទេសហ្សីមបាវេនៅថ្ងៃទី១៨ខែវិច្ឆិកា
រូបភាពភពសុក្រនិងព្រហស្បតិ៍ថតនៅប្រទេសហ្សីមបាវេនៅថ្ងៃទី១៨ខែវិច្ឆិកា

សារព័ត៌មាន EarthSky បានចាប់អារម្មណ៍ថានៅក្នុងឆ្នាំនេះពិតជាអស្ចារ្យដែលព្រឹត្តិការណ៍មួយនេះកើតមានពីរដងក្នុងមួយឆ្នាំ ប៉ុន្តែជាទូទៅព្រឹត្តិការណ៍នេះជាមធ្យមកើតមានរយៈពេល១៣ខែម្ដង។ ប្រសិនជាអាកាសធាតុអំណោយផល អ្នកអាចនឹងមើលឃើញពន្លឺទាំងពីរដួងនេះជាក់ជាមិនខាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T