ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries and Food Trade Corporation) បានសហការជាមួយគ្នា ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផល ដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី Kim Chae-EUN ដែលជានាយកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា៖
«ក្រុមហ៊ុនរបស់ខ្ញុំ គឺជាក្រុមហ៊ុនល្បីឈ្មោះមួយ ដែលប្រជាជនកម្ពុជាបានស្គាល់ច្រើន ហើយក៏ជាក្រុមហ៊ុន ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសពិធីបុណ្យធំៗជាច្រើនផងដែរ។ ជាការពិតណាស់ព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យដ៏សប្បាយរីករាយជាទីបំផុត សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ដែលមានការជួបជុំគ្នាពីគ្រប់បណ្តាខេត្តទូទាំងប្រទេស មកដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញបែបនេះហើយទើបក្រុមហ៊ុនរបស់លោកស្រីចង់ចូលរួម និងចង់ក្លាយជាផ្នែកមួយក្នុងការណែនាំផលិតផល ដែលមានគុណភាពល្អបំផុតរបស់ប្រទេសកូរ៉េ និងលំដាប់ពិភពលោកដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។
ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុន aT Korea នឹងធ្វើការបង្ហាញផលិតផលកូរ៉េ ដែលមានគុណភាពល្អបំផុត និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងទីផ្សារមានដូចជា៖ យិនស៊ិន ស្រាធម្មជាតិប្រពៃណីកូរ៉េ Makgeolli ភេសជ្ជៈខូឡាជេន និងភេសជ្ជៈប៉ូវកម្លាំង Vita ដែលផលិតផលទាំងអស់នេះនឹងដាក់លក់ និងបង្ហញជូនក្នុងស្តង់ដែលមានឈ្មោះថា «NhamNham Ahha Korea» ។
សូមបញ្ជាក់ថា អតិថិជនទាំងអស់ដែលបានទស្សនាស្តង់អាហារ និងផលិតផលកូរ៉េចំនួន ៣ ស្តង់ នឹងទទួលបានកញ្ចប់កាដូដ៏ពិសេស ដោយឥតគិតថ្លៃ។ ក្រៅពីការភ្លក់ម្ហួបអាហារកូរ៉េក្រុមហ៊ុន aT Korea នឹងមានកម្មវិធីបង្រៀនសរសេរ និងបង្ហាញអក្សរកូរ៉េជូនអតិថិជន ដែលមានបំណងចង់រៀនពីសិល្បៈ ក៏ដូចជាទទួលបានបទពិសោធន៍ជាលើកដំបូង ក្នុងការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ដែលយើងតែងតែឃើញក្នុងខ្សែភាពយន្តភាគកូរ៉េរាល់ថ្ងៃផងដែរ។
លោកស្រី Kim Chae-Eun ក៏បានបន្ថែមទៀតថា៖
«ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលពិភពលោកស្គាល់ច្បាស់ តាមរយៈក្រុមតារាចម្រៀង និងសម្តែង Kpop ហើយអ្វីដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងបានស្គាល់ និងចងចាំប្រទេសកូរ៉េខាងត្បូងកាន់តែច្បាស់ទៀតនោះ គឺតាមរយៈផលិតផល និងអាហារកូរ៉េនេះតែម្តង។ សូមបញ្ជាក់ផងដែរថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ គឺជាពេលវេលាដ៏ពិសេបំផុតសម្រាប់លោកស្រី ក៏ដូចជាប្រទេសកូរ៉េខាងត្បូងដើម្បីចែករំលែក និងបង្ហាញផលិតផលចំណីអាហារដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ល្អចំពោះសុខភាព ហើយប្រជាជនកូរ៉េទូទាំងប្រទេស និងគ្រប់ប្រទេសទូទាំងពិភពលោក ចូលចិត្តទទួលទានផងដែរ»។

គួររំឭកផងដែរថា មានក្រុមហ៊ុនកូរ៉េប្រមាណជាង ១០០ ក្រុមហ៊ុន បានចូលរួមក្នុងការដាក់លក់ ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសផងដែរ។ ជាងនេះទៅទៀត នៅជុំវិញស្តង់នៃការដាក់បង្ហាញផលិតផលកូរ៉េរបស់យើងនេះ ក៏មានឆាកប្រគំតន្ត្រីផងដែរ។ ដូច្នេះអតិថិជនទាំងអស់ នឹងមានភាពកាន់តែសប្បាយរីករាយក្នុងឱកាសពិធីបុណ្យអុំទូកនេះ។
ជាចុងក្រោយលោកស្រី Kim Chae-Eun ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា៖
«ចំណីអាហារ គឺមិនគ្រាន់តែជួយដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវបរិយាកាសដ៏រីករាយ និងអនុស្សាវរីយ៍ផ្អែមល្ហែម ជាមួយនឹងមិត្តភក្តិក៏ដូចជាក្រុមគ្រួសារផងដែរ ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែប្រសើរឡើងផងដែរ។»