សន្និសីទសារព័ត៌មានស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ»!

//s5.kh1.co/a1/a156fa67db17ca2f7ecc27b433cd62407e918726.jpg
សង្គម

 ១៩-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា ​(CBC) បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ» នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជាបានជ្រាបកាន់តែច្បាស់អំ​ពីអត្ថប្រយោជន៍នៃការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាទៀងទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC

សន្និសីទសារព័ត៌មាននេះ មានវត្តមានជាកិត្តិយស​ពីសំណាក់​លោក អឿ សុធារ័ត្ន ប្រធាន​នាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា (CBC) ក៏ដូចជាតំណាងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ​​ភ្នាក់ងារដៃគូយុទ្ធសាស្រ្តរបស់ CBC ដែលមានដូចជា​លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងលោក ណៃ សំបូរ នាយកការិយាល័យទិន្នន័យឥណទាន នៃធនាគារអេស៊ីលីដា ភីអិលស៊ី ព្រមទាំងអ្នកសារព័ត៌មានជាច្រើន​​មកពីស្ថាប័នផ្សេងៗ និងប្រជាពលរដ្ឋ​ទូទៅ​ដែល​បានអញ្ជើញ​មកកម្សាន្តនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផងដែរ។

កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទានរបស់ខ្លួន​ តាមរយៈ CBC ឬភ្នាក់ងារដៃគូ។ ការតាមដាន​ពីស្ថានភាព​សុខភាព​ហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំ​គឺមានភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសារវាផ្តល់ឱកាស​វិភាគដោយខ្លួនឯង​អំពី​លទ្ធភាព​ក្នុងការប្រើប្រាស់ឥណទាន និងសមត្ថភាពក្នុងការសងត្រលប់ មុនពេល​ធ្វើការស្នើសុំឥណទានទៅតាមស្ថាប័នឥណទាននានា និងអាច​បញ្ជាក់ព្រមទាំង​ផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន​ ក៏ដូចជាព័ត៌មានកម្ចីដែលកំពុងចែករំលែកនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ហើយអាចដាក់ពាក្យស្នើសុំទៅ CBC ដើម្បីធ្វើការកែប្រែ​ព័ត៌មាន ដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទានរបស់បុគ្គលម្នាក់ៗ​ផងដែរ​។

នៅក្នុងសន្និសីទសារព័ត៌មាននេះលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា​ បានលើកឡើងតាមរយៈការថ្លែងសុន្ទរកថាបើកកម្មវិធីថា៖

«ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយភាពជឿជាក់និងតម្លាភាព មិនត្រឹមតែជូនដល់ស្ថាប័នសមាជិកយើងប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅជូនដល់ប្រជាពលរដ្ឋទូទៅទាំងនៅទីក្រុង និងតាមបណ្តាខេត្តឱ្យបានរឹតតែទូលំទូលាយ ការិយាល័យឥណទានកម្ពុជា បានសហការជាមួយនឹងស្ថាប័នដែលជាដៃគូយុទ្ធសាស្ត្ររបស់យើងដែលរួមមានធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ គ្រឹស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការដាក់អោយដំណើរការជាផ្លូវការនូវ សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ Financial Health Check ដែលអនុញ្ញាតឱ្យអតិថជនអាចត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាសាខានានារបស់ស្ថាប័នទាំងពីរនៅទូទាំង ២៥ ខេត្ត-ក្រុង​ តាំងពីដើមឆ្នាំ២០១៩ មកម្ល៉េះ»។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា៖

«ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធរួមមាន​ ស្ថាប័នហិរញ្ញវត្ថុ ​ប្រជាជន និងវិស័យហិរញ្ញវត្ថុទាំងមូល​។ សម្រាប់ស្ថាប័នជាសមាជិករបស់យើង អាចស្វែងយល់ពីអតិថិជនរបស់ពួកគាត់កាន់តែច្បាស់ និងធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និងទំនួលខុសត្រូវ។ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ។ ​បន្ថែមពីលើនេះប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេឱ្យកាន់តែប្រសើរឡើង ដែលនឹងជួយពួកគាត់ក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី»។

កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC

ដើម្បីមានឱកាសប្រាស្រ័យទាក់ទង និងប្រឹក្សាយោបល់​ជាមួយអតិថិជនជាសាធារណជនឱ្យបានរឹតតែប្រសើរ ការិយាល័យឥណទានកម្ពុជាបានប្រារព្ធ កម្មវិធីត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ នៅទីប្រជុំជនក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ដោយមានក្រុមការងារជំនាញ​ពី CBC ប្រចាំការប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ក៏ដូចជារបាយការណ៍ឥណទានផ្ទាល់ខ្លួនជូនដល់សាធារណជន ដែលបានអញ្ជើញមកកម្សាន្តនៅទីនោះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគាត់ និងអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនដោយមិនគិតថ្លៃផងដែរ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​ ​បានមានប្រសាសន៍ថា៖

«ខ្ញុំសូមអរគុណដល់ការិយាល័យឥណទានកម្ពុជា ដែលតែងតែជួយផ្តល់ការបណ្តុះបណ្តាលអំពីប្រព័ន្ធនិងព័ត៌មានផ្សេងៗ​ អំ​ពីរបៀបដាក់ពាក្យស្នើសុំសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់បុគ្គលិក អេ អឹម ខេ និងបានរៀបចំជាសម្ភារៈផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ថែមលើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះបានទូទាំង ២៥ ទីរួមខេត្ត-ក្រុងនៃសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ ជាពិសេសនោះគឺការរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យបងប្អូនកាន់តែយល់ដឹងអំពីសុខភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងផងដែរ»។

លោក ណៃ សំបូរ នាយកការិយាល័យទិន្នន័យឥណទាននៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា៖

«ខ្ញុំជឿជាក់ថា ការសហការជាមួយការិយាល័យឥណទានកម្ពុជាក្នុងការដាក់ដំណើរការសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះគឺអាចជួយសម្រួល និង​អាចឲ្យបងប្អូនទាំងឆ្ងាយទាំងជិតងាយស្រួលក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ខ្លួនបានកាន់តែខ្ជាប់ខ្ជួនជាមួយសាខាសរុបចំនួន ២៦២ របស់ធនាគារអេស៊ីលីដា។ បងប្អូនពុំចាំបាច់ធ្វើដំណើរ និងចំណាយពេលយូរ ដោយគ្រាន់តែអញ្ជើញ​ទៅសាខាណាមួយដែលនៅជិតលោកអ្នក នោះជាការ​ស្រេច»។

ដោយបន្ថែមថា៖

«ខ្ញុំប្រាកដថាសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ប្រាកដណាស់ ដែលអាចជួយឲ្យបងប្អូនដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្នុងការស្នើសុំកម្ចីថ្មី និង ដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មានរបស់ខ្លួន»។

ក្នុងរយៈ​ពេល​ពេញមួយថ្ងៃនេះ ការិយាល័យឥណទានកម្ពុជា (CBC) ក៏មានអ្នកជំនាញ ដើម្បីជួយប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ការឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ដើម្បីឱ្យបានជ្រាបកាន់តែច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ដែលទីតាំងប្រឹក្សាយោបល់ គឺស្ថិតនៅជាន់ផ្ទាល់ដីតាមច្រកចូលកណ្តាលនៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩យប់៕

កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T