ទឹកចិត្តបងប្រុស! នៅក្មេងអាយុទើប ១១ឆ្នាំទេ ខំតស៊ូងើបពីព្រឹក ដើរដកបន្លែយកទៅលក់មុនទៅរៀន ដើម្បីរកប្រាក់ជួយព្យាបាលជំងឺប្អូនប្រុស (មានវីដេអូ)

//s6.kh1.co/53/53b3e7c3071331d17c351822b513f46508241235.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ក្មេងប្រុសជនជាតិចិនម្នាក់ បានធ្វើឲ្យមហាជនជាច្រើន ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង តាមរយៈសកម្មភាពដែលបង្ហាញឲ្យឃើញ ពីសេចក្តីស្រលាញ់ដោយគ្មានលក្ខខណ្ឌ សុខចិត្តលំបាកលំបិនខ្លួនឯង ងើបពីព្រលឹមដើរដកបន្លែយកទៅលក់ មុនទៅសាលារៀន ដើម្បីយកប្រាក់មកជួយព្យាបាលជំងឺប្អូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុមារា Yan Yihang
កុមារា Yan Yihang

បើយោងតាមប្រភពសារព័ត៌មាន ក្មេងប្រុសកំសត់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Yan Yihang មានអាយុ ១១ឆ្នាំ។ កាលពីឆ្នាំមុន កុមារា Yihang ត្រូវបានគេរាយការណ៍ថា ក៏ធ្លាប់បានបរិច្ចាគខួរឆ្អឹងខ្នងដើម្បីជួយសង្គ្រោះជីវិតប្អូនប្រុសរបស់គេ ដែលបានធ្វើរោគវិនិច្ឆ័យរកឃើញថា កើតមានជំងឺឈាមដ៏កម្រម្យ៉ាងផងដែរ។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ ជំងឺរបស់ប្អូនប្រុសរបស់គេ ក៏នៅតែមិនថមថយ និងត្រូវការចំណាយខ្ពស់ទៀតដើម្បីព្យាបាល រហូតធ្វើឲ្យកុមារា Yihang ដែលជាបងរូបនេះ សម្រេចចិត្តងើបពីព្រឹកព្រលឹម ខ្ទង់ម៉ោង៥ជារៀងរាល់ថ្ងៃ ដើម្បីដើរដកបន្លែយកទៅលក់នៅឯផ្សារ កាត់ក្តៅកាត់ភ្លៀងទាំងមិនរុញរា ក៏ព្រោះតែចង់រកប្រាក់ជួយដល់ប្អូនប្រុស។

កុមារា Yan Yihang
កុមារា Yan Yihang

កុមារា Yihang បាននិយាយថា៖

«ខ្ញុំពិតជាចង់ជួយសង្គ្រោះជីវិតប្អូនប្រុសខ្ញុំណាស់! ខ្ញុំចង់ទៅសាលារៀនជាមួយគ្នា។ បន្លែទាំងនេះ គឺដាំដុះបន្តិចបន្តួចដោយគ្រួសាររបស់ខ្ញុំ ហើយខ្ញុំចង់រកប្រាក់ដោយការលក់វា» ។

នៅពេលដែលសួរថា ហេតុអ្វីបានជា Yihang មិនប្រកាសសុំជំនួយពីសប្បុរសជន កុមារារូបនេះបានឆ្លើយតបថា៖

«ខ្ញុំចង់ស្វែងរកប្រាក់ដោយខ្លួនឯង ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន» ។

ប្រភពដដែលបន្តថា បច្ចុប្បន្នកុមារា Yihang ជាសិស្សថ្នាក់ទី៥ គេគឺជាក្មេងប្រុសម្នាក់ដែលមានភាពរឹងប៉ឹង​ ប្រៀបបីដូចជាឆ្អឹងខ្នងគ្រួសារ ពោរពេញដោយភាពក្លាហានរឹងមាំ និងភាពចាស់ទុំ។ Yihang រស់នៅក្នុងភូមិតូចមួយ Shitai ក្នុងខេត្ត Henan ប្រទេសចិន។ តាំងពីក្មេងមក កុមារារូបនេះត្រូវបានគេដឹងថា ខិតខំធ្វើការងារយ៉ាងខ្លាំង ក៏ព្រោះតែចង់ផ្លាស់ប្តូរវាសនាគ្រួសាររបស់គេ។

កុមារា Yan Yihang
កុមារា Yan Yihang

ប្អូនប្រុសរបស់ Yihang មានឈ្មោះថា Yan Ce មានអាយុ៧ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា កើតមានជំងឺឈាមដ៏កម្រម្យ៉ាង កាលពីកំឡុងឆ្នាំ២០១៥ ដែលជំងឺនេះទាមទារឲ្យមានការព្យាបាលសង្គ្រោះជីវិតផងដែរ។ ពោលគឺ Yan Ce ទទួលរងនូវភាពស្លេកស្លាំង (ឬកង្វះឈាមក្រហម) ដែលជាស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយខួរឆ្អឹងនិងកោសិកាដើម មិនអាចផលិតកោសិកាឈាមបានគ្រប់គ្រាន់។

ដោយសារតែជំងឺមួយនេះ ម្តាយរបស់ Yihang ក៏បានសម្រេចចិត្តយកប្អូនប្រុសរបស់គេ ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅទីរួមខេត្ត ខណៈឯឪពុករបស់គេវិញ ធ្វើការនៅឯទីក្រុងផ្សេង ធ្វើជាកម្មករស៊ីឈ្នួលគេ  ដើម្បីរកប្រាក់មកជួយបង់ថ្លៃចំណាយវិក័យបត្រពេទ្យផងដែរ។

កុមារា Yan Yihang
កុមារា Yan Yihang

វាពិតជាលំបាកខ្លាំងណាស់ ចំពោះស្ថានភាពបែបនេះ ព្រោះនារយៈពេលជាង៤ឆ្នាំមកនេះ ជីដូនជីតារបស់កុមារា Yihang ក៏ធ្លាប់បានខ្ចីលុយគេអស់ជាច្រើន ពីមិត្តភក្តិ និងសាច់ញាតិ ដល់ទៅ ៧០០,០០០យ័ន (ឬប្រហែលជាង ៩ម៉ឺនដុល្លារអាមេរិក) ឯណោះ ដើម្បីយកមកជួយព្យាបាលជំងឺចៅប្រុសតូច។

ងាកមកបច្ចុប្បន្ន ជុំវិញនឹងរឿងរ៉ាវរបស់កុមារា Yihang វិញ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ក្មេងប្រុសរូបនេះបានលម្អិតប្រាប់ថា គេតែងងើបពីម៉ោង៥ព្រឹក ទៅដកស្លឹកខ្ទឹមនៅឯចម្ការ រួចទើបធាក់កង់ជិះយកទៅលក់នៅផ្សារ ប្រហែលជាម៉ោង៦ព្រឹក។ Yihang លក់ស្លឹកខ្ទឹមក្នុងមួយបាច់តម្លៃត្រឹមតែ ១យ័នប៉ុណ្ណោះ (ឬប្រហែល ០.១៤ដុល្លារអាមេរិក ឬ ៥០០រៀលខ្មែរ)។ ក្រោយរៀបចំដាក់ហើយ ទើប Yihang ទៅសាលារៀន។

ពោលគឺមានន័យថា អ្នកដែលចង់ទិញបន្លែរបស់ Yihang គឺត្រូវដាក់លុយនៅក្នុងកំប៉ុងដែល Yihang បានរៀបចំ និងមានសរសេរស្លាកប្រាប់។ លុះពេលសម្រាកបាយថ្ងៃត្រង់ ទើប Yihang មកមើលកន្លែងលក់របស់គេម្តង និងបិទលែងលក់ត្រលប់ទៅផ្ទះវិញ បន្ទាប់ពីគេចេញពីរៀននៅពេលល្ងាច។

កុមារា Yan Yihang
កុមារា Yan Yihang

Yihang ថា ក៏មានអ្នកខ្លះមានទឹកចិត្តល្អ ធ្លាប់មានម្តងទិញបន្លែគេឲ្យដល់ទៅ ៥០យ័នផងដែរ (ឬប្រហែលជា ៧ដុល្លារអាមេរិក) ប៉ុន្តែក៏មានថ្ងៃខ្លះ Yihang លក់បន្លែមិនដាច់ដូចគ្នា។ រយៈពេល៤ខែ ក្នុងការរកលុយដ៏លំបាកនេះ Yihang សន្សំទុកបាន ១,១៨២យ័ន (ឬប្រហែល ១៦៦ដុល្លារអាមេរិក) ។

ជាក់ស្ដែង កាលពីថ្មីៗនេះ កុមារា Yihang ក៏បានយកប្រាក់ដែលខិតខំរកបាននោះ ដាក់ក្នុងកាបូបយកទៅឲ្យម្តាយរបស់គេនៅឯមន្ទីរពេទ្យផងដែរ។ ម្តាយរបស់ Yihang ឈ្មោះ Zhai Feifei បាននិយាយថា គាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលទាញក្រដាសប្រាក់ចេញពីកាបូបស្ពាយរបស់ Yihang ។

កុមារា Yan Yihang និងប្អូនប្រុស
កុមារា Yan Yihang និងប្អូនប្រុស

ម្តាយរបស់ Yihang និយាយទាំងទឹកភ្នែកថា៖

«កូនប្រុសរបស់ខ្ញុំធំដឹងក្តី និងជាក្មេងដែលចេះបែងចែកទំនួលខុសត្រូវជាមួយខ្ញុំណាស់» ។

ជាចុងក្រោយ Yihang បាននិយាយថា បំណងប្រាថ្នាធំបំផុតរបស់គេ គឺគេចង់ឲ្យប្អូនប្រុសរបស់គេបានជាសះស្បើយវិញឆាប់ៗ ដូច្នេះពួកគេទាំងពីរនាក់ នឹងអាចទៅរៀនជាមួយគ្នា ដើម្បីអនាគតជាបន្តទៀត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

ឪពុករបស់កុមារា Yan Yihang
ឪពុករបស់កុមារា Yan Yihang
កុមារា Yan Yihang និងប្អូនប្រុស
កុមារា Yan Yihang និងប្អូនប្រុស
វីដេអូពីសកម្មភាពរបស់កុមារា Yan Yihang
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T