ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះ១កន្លែងនៅស្រុកស្អាង បណ្តាលឱ្យប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីអំឡុងថ្ងៃទី១៤ ខែកក្កដានោះ បានដឹងការពិតហើយ គឺជាករណីឃាតកម្មដោយបុរសប្តីច្របាច់.កសម្លាប់ប្រពន្ធ រួចចាក់សាំងដុត ដើម្បីបិទបាំងទង្វើរបស់ខ្លួន បន្ទាប់ពីសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកការពិតដោយប្រើរយៈពេល២ខែ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីថ្ងៃទី១៤ កក្កដា វេលាម៉ោង២និង៤០នាទី ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ហើយថ្ងៃដែលឃាត់ខ្លួនជនសង្ស័យជាប្តីរូបនេះ គឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការបន្តថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ហាន ស្រីមុំ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនី ស្លាប់នៅក្នុងផ្ទះកន្លែងកើតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ចំណែកជាជនសង្ស័យជាប្តីឈ្មោះ វ៉េង វិរៈ ហៅល័ក្ខ អាយុ៣០ឆ្នាំ មុខរបរជាងផ្សាដែក រងរបួស មានទីលំនៅភូមិ- ឃុំជាមួយគ្នា ។
ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេត និងស្ដាប់ចម្លើយមក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តកណ្ដាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក៏ឈានដល់កំណត់មុខសញ្ញាថា គឺជាប្ដីជនរងគ្រោះ ។ ចំពោះមូលហេតុ ក្រោយពេលជនសង្ស័យរងរបួសដោយភ្លើងឆេះហើយបញ្ជូនទៅមន្ទីរពេទ្យព្យាបាល លុះថ្ងៃទី១១ កញ្ញា អាការៈធូរស្បើយចេញពីពេទ្យ ទើបសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីស្ដាប់ចម្លើយ ទើបជនសង្ស័យយល់ព្រមសារភាពថា មុនពេលសម្លាប់ប្រពន្ធប្រហែល៣ទៅ៤ថ្ងៃជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធខឹងគំរាមសុំលែងលះ លុះថ្ងៃកើតហេតុជនសង្ស័យក៏ទៅផឹកកាហ្វេមើលមាន់ជល់តាមទូរទស្សន៍ រហូតដល់ម៉ោង៥ល្ងាចក៏ជិះម៉ូតូម៉ាកហុងដាវេវត្រឡប់មកផ្ទះវិញដាំបាយ លុះដល់ម៉ោងប្រហែលជាង៦ល្ងាចប្រពន្ធត្រឡប់មកពីធ្វើការនៅរោងចក្រវិញទិញម្ហូបឆ្អិនស្រាប់មកជាមួយក៏នាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះចូលទៅងូតទឹករួចឡើងទៅបន្ទប់ឡៅតឿបាត់ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើលហ្វេសប៊ុកដល់ម៉ោងប្រហែលជាង៩យប់ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ។
ប្រភពដដែលបន្តទៀតថា ពេលនោះជនរងគ្រោះកំពុងចុចមើលទូរស័ព្ទ ចំណែកជនសង្ស័យមើលរឿងចិនតាមទូរស័ព្ទ បន្ទាប់មកជនរងគ្រោះក៏រអ៊ូសុំជនសង្ស័យលែងលះគ្នា ដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ រួចច្របាច់ក.រហូតដល់ស្លាប់តែម្ដង។ ក្រោយមកជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូក រួចយកភួយនិងខោអាវគរគ្របពីលើ បន្ទាប់មកចុះមកក្រោមកាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធប្រហែលជាងកន្លះលីត្រយកទៅជះក្នុងបន្ទប់ខាងក្រោម រួចឡើងទៅជះស្រោចជញ្ជាំងបន្ទប់ឡៅតឿទៀត។
ប្រភពដដែលបន្តថា ក្រោយពីជះសាំងហើយ ក៏ទាញអាវយឺតពាក់ រួចចុះមកបន្ទប់ខាងក្រោមវិញ បន្ទាប់កេសដែកកេះដុត បណ្ដាលឲ្យភ្លើងឆាបឆេះរាលរលាកទាំងខ្លួនឯងទៀតទៀត ទើបជនសង្ស័យដោះអាវយឺតចេញ ស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួន ហើយក៏ឡើងគោកវិញឃើញកង់គេទុកចោល ក៏ទាញជិះទៅផ្ទះឪពុកបង្កើត ក្រោយមកត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញតែម្តង។
យោងលើចម្លើយរបស់ជនសង្ស័យ និងសាក្សី រួមទាំងពិនិត្យកន្លែងកើតហេតុផងនោះ សមត្ថកិច្ចបានចាត់ទុកករណីខាងលើនេះ ជាអំពើឃាតកម្មគិតទុកជាមុន ដូច្នោះសមត្ថកិច្ចបានកសាងសំណុរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
ប្រភព៖ កោះសន្តិភាព