ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​មាន​តម្លៃ​៣​លាន​៥​សែន​៩​ម៉ឺន​បាត ស្មើ​នឹង​ជាង​១៣​ម៉ឺន​ដុល្លា​រ​​ ​ដែល​​មាន​ម្ចាស់​ជាជនជាតិថៃ​បាន​តាម​រក​ពី​ប្រទេស​ថៃ​ ​ទីបំផុត​ត្រូវ​កម្លាំង​អាវុធហត្ថ​​កម្ពុជា​ចាប់​បាន​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ស្ថិត​​ក្នុងភូមិ​ក្តិ​ប​ថ្ម​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ កាលពី​យប់​ថ្ងៃ​ទី​៨ ​កញ្ញា ឆ្នាំ​២០១៩ ​ហើយ​បាន​ធ្វើ​ពិធី​ប្រគល់​-ទទួល​ជូន​ម្ចាស់​វិញ​ និង​​មានការ​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​ផង​ដែរ​លើ​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-ខ្ល​ង​លឹ​ក​។​

បុរសជា​ម្ចាស់​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ខាងលើ មិន​ត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ គ្រាន់តែ​ដឹង​ថាជាជនជាតិថៃ ។

តាម​ប្រភព​ព័ត៌មានបាន​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា​នេះ ​ម្ចាស់​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ខាងលើ​បាន​ចូល​មក​កម្ពុជា​តាម​រយៈ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ-​ថៃ​កម្ពុជា​ ​ភ្ជាប​់​មក​ជាមួយ​ឯ​កសារ​ពាក់ព័ន្ធ​រថយន្ត​​បាន​មក​ជួប​ជាមួយ​កម្លាំង​អាវុធហត្ថ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ទទួល​យករថយន្ត​​​​​​​ខាងលើ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​។

តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​​ថា ​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ខាងលើ​នេះចេញពី​ប្រទេស​ថៃ​ បើ​តាម​ព័ត៌មាន​ថា​​​តាម​ច្រករបៀង​ ប៉ុន្តែ​មិនដឹង​ច្រក​មួយ​ណា​ឲ្យ​ពិតប្រាកដឡើយ ​ហើយ​បាន​មក​ដល់​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៧ កញ្ញា ​លុះ​កំពុង​បើក​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ​ដល់​ចំណុច​ភ្លើងស្តុប​មួយកន្លែង ​ក្នុង​ក្រុង​សិរី​សោភ័ណ​ (​ស្តុ​ប​ទឹកថ្លា​)​ ក៏​ខូច​មិន​អាច​ដំណើរកា​រ​បាន ​។ ​បន្ទាប់​មក​គេ​ក៏​ជួល​រថយន្ត​ស្ទូច​ដឹក​​ចូលទៅ​កន្លែង​ជាងជួស​ជុល​​មួយ​កន្លែង​​នៅ​​ចំណុច​ភូមិស្រ​ម៉ោ​ច​អស់​​រយៈពេល​​មួយ​​យប់​ លុះ​ព្រឹក​ឡើង​ក៏​ជួល​រថយន្ត​ដដែល​ដឹក​បន្ត​​បំរុង​​យក​ឆ្លង​ព្រំដែនចូល​​ទៅ​ប្រទេស​​ថៃ​វិញ​តាម​ច្រករបៀង​ដដែល​ តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ ក៏​ត្រូវ​កងរាជ​អាវុធហត្ថ​ស្ទាក់​ចាប់​បាន​តែម្តង​។

​លោក​វរ​សេនី​យ៍ទោ​ ប៊ុ​ន​ណាំ​ អ៊ា​ង ​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​ ប្រាប់​តាម​ទូរស័ព្ទ​ថា ​មុននឹង​​ឈាន​ទៅ​ស្ទាក់​ចាប់​បាន​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ខាងលើនេះ គឺ​ខាង​ភាគី​ថៃ​បាន​ទំនាក់ទំនង​មក​ខាង​លោក​ឲ្យ​ជួយ​ស្រាវ​ជ្រាវ​រក​ ។ ​លោក​បន្ត​ថា​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ដែល​ខាង​មន្ត្រី​និង​សមត្ថកិច្ច​ថៃ​ផ្តល់​ឲ្យ ​លោក​ឧត្តម​សេនី​យ៍​ត្រី​បោ​ន ​ប៊ិ​ន​ មេបញ្ជាការកងរាជ​​អាវុធហត្ថ​ខេត្ត​ ក៏​បាន​បញ្ជា​ដល់​កង​កម្លាំង​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ ក៏ប្រទះឃើញ​រថយន្ត​និង​ជនសង្ស័យក៏​ឃាត់​យក​​មកធ្វើ​សាកសួរ​តែ​ម្តង​។

​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​​បាន​​បន្ត​ថា ​ជនជាតិ​ថៃ​ម្នាក់​​ដែលជាប់ចោទថាជាអ្នក​​យក​រថយន្ត​គេ​​នោះ មិនស្គាល់​អត្ត​សញ្ញាណឡើយ​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ពេល​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិ​វិធី​ហើយ​។

​ពេល​សាកសួរ​រក​គោលដៅ​លួច​​រថយន្ត​ឆ្លងដែនពី​ប្រទេសថៃ​ ជនសង្ស័យ​ជាជនជាតិថៃ​ដែល​ត្រូវ​ឃាត់ខ្លួន​​បាន​ប្រាប់​ថា​ អ្នក​ដែល​ទៅ​ទទួល​បើករថយន្ត​ឆ្លង​ដែន​គឺ​ជាជនជាតិ​​ខ្មែរ​បាន​រត់​គេចខ្លួន​បាត់​អស់ហើយ ​។ ​ជនសង្ស័យជាជនជាតិថៃ​បាន​​​អះអាង​ថា​ ខ្លួន​មិន​ដែល​មក​ព្រំដែន​ទេ​ ទើប​មិន​ស្គាល់ឈ្មោះ​ច្រករបៀង​នោះ​ ប៉ុន្តែ​គេ​ប្រាប់​ថា ​រថយន្ត​ខាងលើ​ជួល​គេ​ដឹក​ប្រុង​ទៅ​ច្រករបៀង​ដែល​ខ្លួន​ឆ្លងកាត់​ តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្តង​។

បើ​ទោះជា​ប្រភព​នានា​សង្ស័យ​ថា​ រថយន្ត​ខាងលើ​អាច​លួច​ឆ្លង​ដែន​តាម​ច្រករបៀង​ ក្នុង​ខេត្តបន្ទាយមានជ័យ ​ពិសេស​ក្នុងស្រុក​ថ្មពួក​ តែ​ត្រូវ​សមត្ថកិច្ច​យោធា​ និង​នគរបាល​ការពារ​ព្រំដែន​បដិសេធ​ ។​

តាម​​ប្រភពព័ត៌មានបាន​​បន្ត​​ថា ​រថយន្ត​​ខាងលើ​មិន​អាច​ដំណើរការ​បាន​ ដោយសារ​ត្រូវ​ម្ចាស់​ផ្តាច់​ប្រព័​ន្ធ​GPS​ កុំ​អី​រថយន្ត​ខាងលើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​បាត់​ទៅ​ហើយ​។

​ម្ចាស់​រថយន្ត​ក៏​ដូច​ជា​មន្ត្រី​និង​សមត្ថកិច្ច​ថៃ​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​ដែល​បាន​ជួយ​ទប់ស្កាត់​និង​ស្រាវជ្រាវ​​រក​ឃើញ​រថយន្ត​នេះវិញ​​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ គិតមកត្រឹមវេលាម៉ោង​​៤​និង​​១នាទីថ្ងៃទី​១១ កញ្ញា នេះ​​ ក៏​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​​៤នាក់ផងដែរ​ ប៉ុន្តែនៅពេលធ្វើការ​សាកសួរ គឺ​កងរាជអាវុធហត្ថ​អះអាង​ថា មនុស្ស​​​ចំនួន​៣នាក់​គឺជា​​កម្មករស៊ីឈ្នួលដឹកទេ ដោយសារ​រកឃើញ​ថា​ អ្នកទាំង​៣​មិន​មានពាក់ព័ន្ធ​ក៏ដោះលែង​ឱ្យ​ត្រឡប់ទៅវិញ ដោយឡែក​ឃាត់ខ្លួនតែ​ជនជាតិថៃម្នាក់ដែល​ជាប់ពាក់ព័ន្ធ​លួចយករថយន្តគេតែប៉ុណ្ណោះ ហើយ​កំពុងបន្តនីតិវិធីនៅតុលាការ​ខេត្ត៕

ប្រភព​​​៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]