ថៃ៖ រឿងរ៉ាវជុំវិញនឹងស្រ្តីជនជាតិថៃ ដែលជាអ្នកលក់បុកល្ហុងម្នាក់ បាននឹងកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយលើបណ្តាញសង្គម ក្រោយបែកធ្លាយវីដេអូឃ្លីប ចាក់ប៊ីចេងមិនប្រណីដៃសឹងតែអស់មួយកញ្ចប់ធំ នៅរាល់ពេលបុកល្ហុងលក់ម្តងៗ ដែលធ្វើឲ្យមហាជនជាច្រើនធ្វើការរិះគន់ និងព្រួយបារម្ភពីបញ្ហាសុខភាពរបស់អ្នកទទួលទាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែមិនថាយ៉ាងណា ក្រោយរងការរិះគន់ខ្លាំងលើបណ្តាញសង្គម ដូចទឹកបាក់ទំនប់នេះ នៅទីបំផុតស្រ្តីលក់បុកល្ហុងនោះ ក៏បានចេញមុខបកស្រាយការពិត ដើម្បីកុំឲ្យមហាជនគ្រប់គ្នា មានការយល់ច្រឡំផងដែរ។
អ្នកស្រី Tanyaporn Natawat មានអាយុ ៤២ឆ្នាំ រស់នៅក្នុងខេត្ត Amnat Charoen ដែលជាអ្នកលក់បុកល្ហុង បានពន្យល់ប្រាប់អ្នកចុះយកព័ត៌មានថា អ្នកស្រីពុំបានដាក់ប៊ីចេងច្រើនហួសហេតុដូចតែពាក្យគេថានោះទេ។ ពោលគឺ ប្រើត្រឹមតែបរិមាណប្រមាណជាកន្លះកញ្ចប់ធំតែប៉ុណ្ណោះ។ ដូច្នេះសូមកុំមានការព្រួយបារម្ភអី។

អ្នកស្រីថា អ្នកលួចថតវីដេអូនោះ គឺគេថតនៅពេលដែលអ្នកស្រីចាក់ប៊ីចេងតែប៉ុណ្ណោះ ប៉ុន្តែគេមិនបានថតពីដំណើរការបន្តរបស់អ្នកស្រីធ្វើនោះឡើយ ដែលជាហេតុមើលទៅធ្វើឲ្យគ្រប់គ្នាគិតថា វាគឺជារឿងមួយដ៏អាក្រក់ទៅវិញ។
អ្នកស្រីបន្តថា អ្នកស្រីមិនខ្វល់ចំពោះរឿងមួយនេះនោះទេ ព្រោះថាគ្រឿងផ្សំរបស់គាត់មិនបានលើសកម្រិតនោះឡើយ។ ហើយអ្នកស្រីក៏ជឿជាក់ដែរថា នៅតាមបណ្តាហាងលក់ជាច្រើនផ្សេងទៀត គេក៏មានរូបមន្តធ្វើខុសៗគ្នាផងដែរ។

អ្នកស្រី Tanyaporn Natawat ថា រូបមន្ត ក៏ដូចជាគ្រឿងផ្សំនេះ គឺគាត់ចេះតពីម្តាយរបស់គាត់មក ដែលជាអ្នកលក់បុកល្ហុងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឃ្លីបវីដេអូដែលបែកធ្លាយ ឃើញអ្នកស្រីចាក់ប៊ីចេងឈូៗហូរដូចទឹកនោះ អ្នកស្រីទទួលស្គាល់ថាវាជាការពិត ប៉ុន្តែនោះមិនមែនបុកត្បាល់តូច សម្រាប់ញ៉ាំមួយចាននោះទេ។ ពោលគឺ អ្នកស្រីបុកលក់ម្តងៗតែងប្រើត្បាល់ធំ ដែលក្នុងមួយត្បាល់នោះ អាចខ្ចប់បានចន្លោះពី ៤០ ទៅ ៥០កញ្ចប់ឯណោះ។ រីឯតម្លៃវិញ មួយកញ្ចប់តម្លៃ ៥០បាត (ប្រហែល ១,៦៣ដុល្លារអាមេរិក ឬ ៧,០០០រៀល លុយខ្មែរ) ។

ដូច្នេះមានន័យថា រាល់គ្រឿងផ្សំផ្សេងៗទាំងអស់ គឺអ្នកស្រី Tanyaporn Natawat បានស្ទាបស្ទង់ថ្លឹងថ្លែង ដឹងពីកម្រិតសមល្មមរបស់វារួចជាស្រេចហើយ (ល្ហុង ម្ទេស ប៉េងប៉ោះ ទឹកត្រី ប៊ីចេង...) ដែលមិនដូចការរិះគន់ពីសំណាក់មហាជន ដែលមិនទាន់បានដឹងការពិតនៅឡើយនោះទេ។

គួរឲ្យដឹងផងដែរថា តាមការឲ្យដឹងបន្ថែមពីអ្នកស្រី Tanyaporn Natawat ជើងចាស់បុកល្ហុងរូបនេះ ក៏បានបង្ហើបប្រាប់ដែរថា ហាងបុកល្ហុង Somtam Yai Phloeng របស់គាត់ គឺតែងតែមានភ្ញៀវកុម្ម៉ង់ និងតម្រង់ជួរទិញមិនដែលស្ងាត់ មិនថាមេឃភ្លៀងយ៉ាងណាក៏ដោយ។ នេះអាចនិយាយបានថា មកពីស្នាដៃបុកល្ហុងរបស់គាត់ គឺមានរសជាតិឆ្ងាញ់តែម្តង៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោន៖














