កាណាដា៖ ស្នេហាគឺជាអ្វី? មនុស្សម្នាក់ៗតែងឱ្យនិយមន័យស្នេហាខុសៗគ្នា។ អ្នកខ្លះក៏សប្បាយចិត្តព្រោះតែស្នេហា ខ្លះទៀតក៏ឈឺចាប់ព្រោះស្នេហា ប៉ុន្តែនៅលើលោកនេះ ស្នេហាស្មោះស្ម័គ្រពិតជាមានពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះមានរឿងរ៉ាវស្នេហាដ៏ក្តុកក្តួលមួយទាក់ទិនទៅនឹងនារីម្នាក់បានបាត់បង់ការចងចាំ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែប្តីនាងមិនបានបោះបង់ចោលនាងនោះទេ។ ផ្ទុយទៅវិញ គាត់នៅក្បែរខ្លួននាង លើកទឹកចិត្តនាងរហូត ចុងក្រោយនាងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ប្តីនាងម្តងទៀត រួចក៏រៀបការជាមួយគាត់ម្តងទៀត។

យោងតាមប្រភពបានឱ្យដឹងថា មាននារីម្នាក់ឈ្មោះ Laura Hart Faganello បានបាត់បង់ការចងចាំ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍កាលពីជាង ២ឆ្នាំមុន។
មុនពេលកើតហេតុ នាងបានស្រលាញ់គ្នាជាមួយបុរសម្នាក់ឈ្មោះ Brayden Faganello ហើយពួកគេក៏បានរៀការជាមួយគ្នាកាលពីឆ្នាំ ២០១៦។
ក្រោយពីរៀបការជាមួយគ្នាបាន ៩ខែ រឿងអកុសលក៏បានកើតឡើងចំពោះអ្នកនាង Laura ពោលគឺ នាងបានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យនាងរបួសក្បាល និងបាត់បង់ការចងចាំ។

អ្នកនាង Laura បាននិយាយថា៖
«អ្វីដែលខ្ញុំចងចាំបាននោះគឺថា ខ្ញុំប្រៀបដូចជាមនុស្សអាយុ ១៧ឆ្នាំអីចឹង។ ខ្ញុំពុំស្គាល់ Brayden ថាជាអ្នកណានោះទេ។ ការចងចាំខ្ញុំទាក់ទិនទៅនឹងការជួប Brayden ធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់ ស្រលាញ់គាត់ រៀបការជាមួយគាត់ គឺបានរលាយអស់ទាំងស្រុង។»
លើសពីនេះទៅទៀត អ្នកនាង Laura ក៏បាននិយាយថា នាងត្រូវរៀននិយាយ អាន សរសេរអក្សរសាជាថ្មីផងដែរ។
នាងបានបន្តរៀបរាប់ទៀតថា៖
«ខ្ញុំពិតជាសង្ឃឹមថា ការចងចាំខ្ញុំនឹងត្រលប់មកវិញនៅថ្ងៃណាមួយ ហើយពេលខ្ញុំសម្លឹងមើលទៅ Brayden ខ្ញុំនឹងអាចចងចាំរឿងគ្រប់យ៉ាងដែលយើងធ្លាប់ធ្វើរួមគ្នាពីមុនៗនៅថ្ងៃណាមួយ។»
យ៉ាងណាមិញ អ្នកនាង Laura ក៏បានសម្រេចចិត្តទាក់ទងលោក Brayden សាជាថ្មី។ នាងបានពន្យល់ទៀតថា Brayden គឺជាមនុស្សល្អ ដែលមានចិត្តអំណត់ និងយល់ពីនាងច្រើន។

ក្រោយពីទាក់ទងគ្នាម្តងទៀត ចុងក្រោយ អ្នកនាង Laura ក៏ធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់ Brayden ម្តងទៀត។
នាងបានបន្តរៀបរាប់ទៀតថា៖
« Brayden ក្លាយទៅជាមិត្តល្អរបស់ខ្ញុំ និងក្លាយទៅជាមនុស្សដែលខ្ញុំស្រលាញ់ម្តងទៀត។ ខ្ញុំពិតជាមិនចងចាំនូវអារម្មណ៍ពីមុនដែលខ្ញុំមានចំពោះគាត់នោះទេ ប៉ុន្តែអារម្មណ៍ថ្មី ការចងចាំថ្មី បានធ្វើឱ្យខ្ញុំស្រលាញ់គាត់ម្តងទៀត។ ចុងក្រោយនៅពេលគាត់សុំខ្ញុំរៀបការម្តងទៀត ខ្ញុំក៏យល់ព្រមជាមួយគាត់ម្តងទៀត។»

អ្នកនាង Laura បាននិយាយទៀតថា នាងពិតជារីករាយនូវការចាប់ផ្តើមជីវិតសាជាថ្មី ហើយក៏រីករាយនូវអនាគតដែលពួកគេដើរផ្លូវរួមគ្នាផងដែរ។
រឿងរ៉ាវស្នេហារបស់អ្នកនាង Laura និងលោក Brayden បានល្បីពេញបណ្តាញសង្គម ធ្វើឱ្យមនុស្សម្នាជាច្រើនទប់ទឹកភ្នែកពុំបាន។ អ្នកខ្លះក៏បានជូនពរពួកគេឱ្យស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរ៕







