លោក Jason Padgett បានបោះបង់ការសិក្សានៅមហាវិទ្យាល័យសហគមន៍ ហើយទៅធ្វើការលក់គ្រឿងសង្ហារឹមនៅហាងរបស់ឪពុកគាត់ ខណៈដែលបុរសពីរនាក់បានចូលមកវាយប្រហារគាត់នៅខាងក្រៅហាងខារ៉ាអូខេមួយកន្លែងក្នុងទីក្រុង Tacoma កាលពីខែកញ្ញា ឆ្នាំ ២០០២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពួកគេបានវាយ Jason ឱ្យសន្លប់ដួលទៅក្រោយ ហើយបន្តវាយគាត់ទៀតនៅពេលដែលគាត់ដួលទៅលើដី ជាលទ្ធផល គាត់បានរងរបួសប៉ះទង្គិចខួរក្បាល និងជាំតម្រងនោម។
អ្វីដែលគាត់បានបាត់បង់នោះគឺស្ថានភាពខួរក្បាលធម្មតាពីមុនរបស់គាត់ ដោយសារតែហេតុការណ៍មួយនេះ។ ក្រោយមក Jason ចាប់ផ្តើមមើលឃើញរូបរាងធរណីមាត្រនៅក្នុងអ្វីៗគ្រប់យ៉ាង ដូចជាទឹកដែលហូរចេញពីក្បាលរ៉ូប៊ីណេ ឬខ្សែកោងនៃតួឡានជាដើម ដោយអ្វីៗទាំងអស់នោះត្រូវបានគេមើលឃើញថាជាការរួមបញ្ចូលគ្នានៃរង្វង់ និងត្រីកោណដែលត្រួតលើគ្នា ដូចជាដ្យាក្រាមមួយ។

គាត់បានចាប់ផ្តើមកាន់ខ្មៅដៃជាលើកដំបូងក្នុងជីវិត ហើយចាប់ផ្តើមគូររូបភាពធរណីមាត្រស្មុគស្មាញ (fractals) ដោយដៃ ដោយស្វែងយល់ពីតម្លៃ "pi" តាមរយៈការមើលឃើញរូបភាព មុនពេលដែលគាត់អាចពន្យល់ពីគោលការណ៍គណិតវិទ្យានៅពីក្រោយវាទៅទៀត។

បន្ទាប់ពីនោះ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់មានអាការៈដែលគេហៅថា "acquired savant syndrome" (ស្ថានភាពដែលមនុស្សម្នាក់ទទួលបានសមត្ថភាពពិសេសដ៏អស្ចារ្យបន្ទាប់ពីមានរបួសខួរក្បាល)។ នេះគឺជាស្ថានភាពដ៏កម្រមួយ ដែលធ្វើឱ្យ Jason ក្លាយជាមនុស្សម្នាក់ក្នុងចំណោមករណីតិចតួចបំផុតដែលត្រូវបានកត់ត្រានៅលើពិភពលោក ពោលគឺមនុស្សដែលពីមុនមិនមានសមត្ថភាពពិសេសអ្វីសោះ ប៉ុន្តែបែរជាមានសមត្ថភាពពិសេសកើតឡើងបន្ទាប់ពីមានរបួសខួរក្បាល។

ក្រៅពីនេះ គាត់ក៏បានជួបប្រទះបញ្ហា OCD (ជំងឺថប់បារម្ភដែលមានគំនិតឬសកម្មភាពដដែលៗ) និង PTSD (ជំងឺតក់ស្លុតផ្លូវចិត្តក្រោយហេតុការណ៍អាក្រក់) ដែលបណ្តាលមកពីការវាយប្រហារនោះ ប៉ុន្តែគាត់និយាយថា រូបភាពធរណីមាត្រគណិតវិទ្យាទាំងនោះពិតជាបានជួយគាត់ក្នុងការគ្រប់គ្រងស្ថានភាពទាំងនេះបាន។

បុរសពីរនាក់ដែលចង់បង្កជម្លោះ បានប្រែក្លាយអ្នកលក់គ្រឿងសង្ហារឹមម្នាក់ឱ្យទៅជាម្ចាស់ខួរក្បាលមួយដែលត្រូវបានគេសិក្សាស្រាវជ្រាវយ៉ាងខ្លាំងបំផុតនៅក្នុងវិស័យវិទ្យាសាស្ត្រសរសៃប្រសាទសម័យទំនើប។
ប្រភព៖ TheFeedSki





