ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ យុវជន និងកីឡា សហការពង្រីកឱកាសសិក្សាសម្រាប់កុមារកម្ពុជានៅក្នុងសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន តាមរយៈការសាងសង់សាលារៀន ក្នុងខេត្តឧត្តរមានជ័យ

//s9.kh1.co/ec/ecadcc2b60a2fc9c719554abdf480d6b3f62caa2.png
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២៦ ៥ល្ងាច · ៣ ម៉ោងមុន

ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ យុវជន និងកីឡា សហការពង្រីកឱកាសសិក្សាសម្រាប់កុមារកម្ពុជានៅក្នុងសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន តាមរយៈការសាងសង់សាលារៀន ក្នុងខេត្តឧត្តរមានជ័យ

ភ្នំពេញ  ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Smart Axiata និង ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានប្រកាសជាផ្លូវការនូវភាពជាដៃគូក្នុងការគាំទ្រ «គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ» នៅខេត្តឧត្តរមានជ័យ។ គម្រោងនេះមានគោលបំណងពង្រីកលទ្ធភាពទទួលបានការអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសហការនេះ គឺជាការប្រកាសបើកដំណើរការ «គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ» ដើម្បីសម្រួលដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតបឋមភូមិ នៅសាលាបឋមសិក្សាចំនួន ៥ ដែលមានទីតាំងនៅជុំវិញទីតាំងគម្រោង រួមមាន សាលាបឋមសិក្សាស្រះកែវ សាលាបឋមសិក្សាអាតោ សាលាបឋមសិក្សាបាក់វែក សាលាបឋមសិក្សាបាត់ថ្កៅ និងសាលាបឋមសិក្សាស្រះទឹក ឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការបន្តការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ។ ជាពិសេសនោះ គឺផ្តល់លទ្ធភាពដល់សិស្សានុសិស្សមកពីគ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះតាមព្រំដែន និងកំពុងរស់នៅក្នុងតំបន់នៃគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ឱ្យទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិផងដែរ។តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Smart មានគោលបំណងចូលរួមពង្រីកលទ្ធភាពទទួលបានការអប់រំ និងគាំទ្រសហគមន៍ក្នុងការស្តារ និងអភិវឌ្ឍរយៈពេលវែង។

https://s9.kh1.co/__image/w=650,h=434,q=100/40/40e6189f9521cb7b5a9b1e4d1b1ebd8568b02887.png

លោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

"ការអប់រំ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយសម្រាប់អនាគតរបស់កម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា យើងកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសសិក្សា និងបង្កើតបរិយាកាសដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចបន្តការសិក្សានៅជិតសហគមន៍របស់ខ្លួនដែលនេះជាកត្តាសំខាន់ក្នុងការកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ។ យើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងគម្រោងមួយដែលនឹងបង្កើតផលវិជ្ជមាន និងប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ ខណៈពេលដែលជួយពង្រឹងសក្តានុពលរបស់យុវជនជំនាន់ក្រោយរបស់កម្ពុជា។"

https://s9.kh1.co/__image/w=650,h=434,q=100/b4/b464e5a02d00945949bfcc750e5265da76a7084d.png

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖

"ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Smart Axiata ដែលបានបន្តគាំទ្រវិស័យអប់រំនៅកម្ពុជា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងស្ថាប័នទាំងពីរ។ គម្រោងនេះនឹងជួយធានាថា កុមារ និងសិស្សានុសិស្សនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន អាចបន្តការសិក្សាបានដោយមិនមានការរំខាន ព្រមទាំងទទួលបានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងអំណោយផល។ យើងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស ហើយទន្ទឹងរង់ចាំការបន្តកិច្ចសហការនាពេលអនាគត ដើម្បីជំរុញការអប់រំឌីជីថល និងពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា។"

https://s9.kh1.co/__image/w=650,h=434,q=100/99/9919add786b904b0c5a5b7fa2e4be3a42a1eda9e.png

គួរបញ្ជាក់ផងដែរថា កិច្ចសហការនេះ គឺជាផ្នែកមួយនៃ គម្រោងគាំទ្រ និងស្តារឡើងវិញសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន របស់ ក្រុមហ៊ុន Smart ដើម្បីជួយសហគមន៍ និងគ្រួសារកម្ពុជាដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ឱ្យមានជីវភាពរស់នៅប្រសើរឡើងវិញ។ ជាមួយគម្រោងនេះក្រុមហ៊ុនក៏បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូសហគមន៏នានា ក្នុងការបន្តស្ដារជីវភាពសហគមន៏ តាមរយៈសកម្មភាព រួមមាន ការគាំទ្រផ្នែកអាហារូបត្ថម្ភ សម្ភារៈសិក្សាសម្រាប់កុមារ ផ្ដល់ទឹកស្អាត និងសម្ភារៈអនាម័យសម្រាប់ស្ត្រីនិងកុមារី ការផ្ដល់ជម្រកបណ្ដោះអាសន្ន ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងកម្មវិធីអភិវឌ្ឍសហគមន៍ដទៃទៀតដូចជា​ ការពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំគម្រោងគាំទ្រសហគមន៍នៅតាមជំរំុជនភៀសសឹក និងសហគមន៍ជាដើម។

https://s9.kh1.co/__image/w=650,h=434,q=100/da/da26b32c23f1dd7f214e8b5b25bb8eeff62cfc83.png

ការផ្តួចផ្តើមទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការពង្រឹងភាពធន់របស់សហគមន៍ និងបង្កើតផលប៉ះពាល់ជាវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងប្រជាជនកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/42/42ffa848c5356938ccd451091cbd611338e9b573.png

អំពី Smart

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត 8 លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។ 

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារ អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។ 

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T