ភ្នំពេញ ថ្ងៃទី 02 ខែ កញ្ញា ឆ្នាំ 2026៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និងដំណោះស្រាយ ICT នៅកម្ពុជា និងអាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេមួយនៅកម្ពុជា បានប្រកាសនូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលចាប់ផ្តើមតាមរយៈការឧបត្ថម្ភក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC)។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Smartនឹងក្លាយជាដៃគូផ្នែកទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលរបស់ក្លឹបដោយក្នុងនោះមានការតភ្ជាប់សេវាអ៉ីនធឺណិត និងការផ្ដល់ជូននូវដំណោះស្រាយទូរគមនាគមន៍ ក៏ដូចជាសេវាកម្មឌីជីថលរបស់ Smart ភ្ជាប់ជាមួយអាជីវកម្មដ៏ទូលំទូលាយរបស់ ISI Group ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់អ្នកគាំទ្របាល់ទាត់ សហគមន៍ និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោមកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំនេះ ក្រុមហ៊ុន Smart នឹងគាំទ្រ អាយ អេស អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) លើគំនិតផ្តួចផ្តើមជាច្រើនក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍បាល់ទាត់សម្រាប់អ្នកគាំទ្របាល់ទាត់ និងសហគមន៍។ សកម្មភាពទាំងនេះរួមមានការផ្សព្វផ្សាយពីកីឡដ្ឋាន និងថ្ងៃប្រកួត ការផ្តល់សេវា Wi-Fi សម្រាប់អ្នកចូលរួមគាំទ្របាល់ទាត់ ការផ្សាយផ្ទាល់ការប្រកួត សកម្មភាពចូលរួមរបស់អ្នកគាំទ្រតាមប្រព័ន្ធឌីជីថល ការរួមបញ្ចូលមុខងារសេវាកម្មលក់សំបុត្រ និងកម្មវិធីជួបសំណេះសំណាល រវាងកីឡាករ គ្រូបង្វឹក និងសិស្សនិស្សិតព្រមទាំងយុវជនផងដែរ។ ក្រុមហ៊ុន Smart នឹងសហការជាដៃគូផ្នែកទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលរបស់ក្លឹបពេញមួយពេញមួយឆ្នាំនៃការគាំទ្រនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កីឡាបាល់ទាត់កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការផ្សារភ្ជាប់សហគមន៍ និងជំរុញទឹកចិត្តយុវជននៅកម្ពុជា។ ក្រុមហ៊ុន Smart ទទួលស្គាល់ថា កីឡា ជាពិសេសកីឡាបាល់ទាត់ មានសមត្ថភាពក្នុងការនាំមកនូវការជួបជុំដ៏មានអត្ថន័យ បង្កើនមោទនភាពសហគមន៍ និងបង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ តាមរយៈកិច្ចសហការជាមួយ អាយ អេស អាយ គ្រុប និងការគាំទ្រក្លិប អាយ អេស អាយដង្កោសែនជ័យ FC នេះ ក្រុមហ៊ុន Smart មានបំណងរួមចំណែកដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ព្រមទាំងលើកកម្ពស់បទពិសោធន៍របស់អ្នកគាំទ្រតាមរយៈការតភ្ជាប់សេវាអ៉ីនធឺណិត បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមដែលផ្ដោតលើផលប្រយោជន៍ដល់សហគមន៍យើង។
លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូសហការជាមួយ អាយ អេស អាយ គ្រុប (ISI GROUP) តាមរយៈការឧបត្ថម្ភ ISI Dangkor Senchey FC។ កីឡាបាល់ទាត់មានសមត្ថភាពពិសេសក្នុងការផ្សារភ្ជាប់ទំនាក់ទំនង បំផុសគំនិតសហគមន៍ និងបង្កើតបទពិសោធន៍រួមមួយសម្រាប់សហគមន៍។ តាមរយៈភាពជាដៃគូនេះ យើងខ្ញុំមានមោទនភាពការផ្ដល់ការតភ្ជាប់សេវាអ៉ីនធឺណិតប្រកបដោយគុណភាពនិងបទពិសោធន៍ឌីជីថលកាន់តែប្រសើរសម្រាប់អ្នកគាំទ្រ ខណៈពេលរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ជាមួយគ្នានេះ ការឧបត្ថម្ភនេះក៏ជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមក្នុងការពង្រឹងលើកកម្ពស់សហគមន៍ និងជំរុញអនាគតឌីជីថលរបស់កម្ពុជា»។

លោក កាំង សេន នាយកប្រតិបត្តិនៃក្រុមហ៊ុន អាយ អេស អាយ E&C និងជានាយកនៃក្លឹប អាយ អេស អាយ ដង្កោសែនជ័យ បានមានប្រសាសន៍ថា៖
«យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍ ក្រុមហ៊ុន Smart Axiata ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោ សែនជ័យFC។ កិច្ចសហការនេះគឺជាការបោះជំហានដំបូងនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងស្ថាប័នទាំងពីរដែលមានការប្តេជ្ញាចិត្តរួមចំពោះការពង្រឹងនវានុវត្តន៍ ការអភិវឌ្ឍសហគមន៍ និងការកសាងសហគមន៍កម្ពុជាឱ្យកាន់តែប្រសើរ។ យើងមានក្តីរីករាយក្នុងការចាប់ផ្ដើមដំណើររួមគ្នាមួយនេះ តាមរយៈវិស័យកីឡាបាល់ទាត់ ហើយយើងនឹងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហការបន្ថែមទៀតនាពេលអនាគត»។
ខណៈដែលការឧបត្ថម្ភដល់ក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ FC គឺជាកិច្ចសហការដំបូងដែលត្រូវបានប្រកាសនៅថ្ងៃនេះ អង្គភាពទាំងពីរចាត់ទុកថានេះជាជំហានចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនាពេលអនាគត។

អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត 8 លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរស័ព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារអភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។
អំពី ISI Group
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ជាសហគ្រាសគ្រួសារតូចមួយដែលផ្តោតលើការកែច្នៃ និងផលិតដំបូលដែក ISI Group បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងចំណោមក្រុមហ៊ុនឯកជនធំៗនៅកម្ពុជា។ តាមរយៈការពង្រីកអាជីវកម្មទៅកាន់វិស័យជាច្រើន ក្រុមហ៊ុនបានបន្តអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ គុណភាព និងនិរន្តរភាព ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត និងការអភិវឌ្ឍសង្គមកម្ពុជា។
សព្វថ្ងៃ ISI Group គឺជាក្រុមហ៊ុនឈានមុខគេមានវត្តមាននៅក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន ឧស្សាហកម្មដែក និងសម្ភារសំណង់ សំណង់ និងវិស្វកម្ម តំបន់ឧស្សាហកម្មចម្រុះ អចលនទ្រព្យ និងអាហារ និងភេសជ្ជៈ។
តាមរយៈរោងចក្រផលិតទំនើប និងប្រព័ន្ធគ្រប់គ្រងស្តង់ដារអន្តរជាតិ ISI Group បាននាំយកសម្ភារសំណង់ និងដំណោះស្រាយថ្មីៗមកកាន់ទីផ្សារកម្ពុជា ជួយបង្កើនប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពក្នុងការសាងសង់។ ជាមួយការទទួលយកបច្ចេកវិទ្យាថ្មី និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ក្រុមហ៊ុនអាចផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏គ្រប់ជ្រុងជ្រោយ ស្របតាមតម្រូវការរបស់អតិថិជន និងទីផ្សារដែលកំពុងវិវត្ត។
ដោយពឹងផ្អែកលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួន ISI Group បានក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលជាអ្នកឯកទេសសំណង់ និងបានពង្រីកខ្លួនចូលទៅក្នុងវិស័យអចលនទ្រព្យ ដោយផ្តោតលើការរចនាដែលលើតម្រូវការអតិថិជនជាចម្បង។ គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនរួមមាន អគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់សហគមន៍ និងសហគមន៍លំនៅឋានដែលរៀបចំផែនការយ៉ាងមានចីរភាព និងទទួលស្គាល់ពី គុណភាព។
ក្នុងវិស័យអាហារ និងភេសជ្ជៈ ISI Group ក៏មានភាពល្បីល្បាញជាមួយការបង្កើតហាងកាហ្វេដ៏ល្បីផងដែរ សម្រាបជួបជុំ ការភ្ជាប់ទំនាក់ទំនង និងការរស់នៅប្រកបដោយគុណភាព។
ក្នុងដំណើររីកចម្រើនជិតបីទសវត្សរ៍នេះ ISI Group នៅតែប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល គឺភាពស្មោះត្រង់ ការទទួលខុសត្រូវ ការច្នៃប្រឌិត និងការយកចិត្តទុកដាក់ចំពោះអតិថិជន។ ក្រុមហ៊ុនបន្តពង្រឹងអភិបាលកិច្ចសាជីវកម្ម លើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព និងចូលរួមអភិវឌ្ឍសហគមន៍តាមរយៈគម្រោងដែលមានឥទ្ធិពលវិជ្ជមានលើសង្គម និងបរិស្ថាន។
ជាមួយនឹងទស្សនវិស័យក្នុងការកសាងអនាគតដែលប្រសើរជាងមុន ISI Group ប្តេជ្ញាបន្តបង្កើតតម្លៃរយៈពេលវែងសម្រាប់បុគ្គលិក អតិថិជន ដៃគូអាជីវកម្ម និងសង្គមទាំងមូល ដោយជឿជាក់ថា ការកសាងជីវិតកាន់តែប្រសើរ គឺជាមូលដ្ឋាននៃភាពជោគជ័យប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប។





