ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO ចុះMoU នាំដំឡូងមីស្ងួត ៥សែនតោន ទៅប្រទេសចិន

//s9.kh1.co/1d/1d3f92c62e34ab6e49fb5af833409f1557fd1ad3.png
Khmerhome

 ២២-សីហា-២០២៥ ៩ព្រឹក · ២០ ម៉ោងមុន

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

https://s9.kh1.co/__image/w=650,h=342,q=100/1d/1d3f92c62e34ab6e49fb5af833409f1557fd1ad3.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកអគ្គនាយក Zhou Yijue តំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខ MoU នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។

បើតាមក្រសួងពាណិជ្ជកម្ម MoU នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

MoU សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

ការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។

គូសបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T