ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនឹងការលុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្ត ដល់ភ្ញៀវជាតិ អន្តរជាតិ មកទេសចរណ៍នៅស្រុកយើងកាន់តែច្រើន ឡើងថែមទៀត។ បញ្ហាសន្តិសុខ សុវត្ថិភាព ជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្ដម ឃួង ស្រេង បានស្នើបែបនេះកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជាខេមាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដោយសារតែនៅរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយមពីភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ បើប្រទេសយើងអសន្តិសុខ ភ្ញៀវបរទេស គេមិនមកលេងប្រទេសយើងទេ។ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានសម្រាក ឬសម្រាន្តទេ គឺអង្គុយនៅចាំបញ្ជាកងទ័ពជួរ មុខនិងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅបញ្ចប់សង្រ្កាមជាមួយចោរឈ្លានពានថៃ។ ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃជាមួយទាហានឈ្លានពានថៃបើទោះបីកម្ពុជាយើងមានពលរដ្ឋតិចជាងថៃ ទាំងកម្លាំងទ័ព ទាំងអាវុធ និងសេដ្ឋកិច្ចមិនទាន់ខ្លាំងយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជាយើងមានទឹកចិត្តយ៉ាងមោះមុត អង់អាចក្លាហាន ដោយឈរការពារបូរណ ភាពទឹកដីរបស់យើង បានយ៉ាងរឹងមាំ មិនបានបាត់បង់ឡើយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខគឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយរួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខជាការលើកទឹកចិត្ត តាមរយៈការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ គឺស្មារតីជាតិខ្មែរតែមួយ។ ដូច្នេះសូមអរគុណជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលកន្លងមកបានបរិច្ចាគធនធានផ្ទាល់ខ្លួន។ គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រទេសជាតិមិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាមជាមួយថៃទើប ដឹងច្បាស់ថា ប្រទេសកម្ពុជាយើង មិនអាចខ្វះបានសម្តេចទាំងទ្វេជាដាច់ខាត់ «សម្ដេចតេជោ និងសម្ដេចធិបតី។ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំដោយចោរឈ្លានពានសៀម មិនចង់ឱ្យយើងដើរទៅដល់ចំណុចនេះទេ សមាជិក សមាជិកាយើងទាំងអស់ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន

