ទាហានថៃ ទាំងឈុតប៉ារ៉ា និងឈុតខ្មៅប្រមាណ៥០- ៦០ នាក់ ចូលរាយបន្លាលួស ព័ទ្ធក្រណាត់ស្បៃខ្មៅ ក្នុងទឹកដីកម្ពុជា

//s9.kh1.co/4d/4d3e3f77e26f5d839a02cc94431f58ee36950c72.jpg
សង្គម

 ១៨-សីហា-២០២៥ ១ល្ងាច · ១៥ ម៉ោងមុន

សកម្មភាពនេះបានបង្កឲ្យមានភាពតានតឹង ដោយទាហានថៃបានធ្វើការរាយបន្លាលួស ព័ទ្ធក្រណាត់ស្បៃខ្មៅ និងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១២ គ្រួសារ។

កម្លាំងទាហានថៃទាំងឈុតប៉ារ៉ា និងឈុតខ្មៅប្រមាណ៥០ ទៅ៦០ នាក់ បានចូលមកក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ។ សកម្មភាពនេះបានបង្កឲ្យមានភាពតានតឹង ដោយទាហានថៃបានធ្វើការរាយបន្លាលួស ព័ទ្ធក្រណាត់ស្បៃខ្មៅ និងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១២ គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពផ្ទាល់ពីឃុំអូរបីជាន់ សកម្មភាពឈ្លានពាននេះបានចាប់ផ្ដើមនៅវេលាម៉ោង ២៖១៧ រសៀល ដែលទាហានថៃបានចាប់ផ្ដើមរាវមីន និងព័ទ្ធរបងក្រណាត់ពណ៌ខ្មៅមកលើផ្ទះប្រជាពលរដ្ឋ។ សកម្មភាពនេះធ្វើឡើងដើម្បីបិទបាំងកុំឲ្យមានការមើលឃើញពីខាងក្នុង។ បន្ថែមពីនេះ ពួកគេបានដាក់សំណាញ់ និងបំពាក់កាមេរ៉ាចំនួន ២ គ្រឿងនៅច្រកតំបន់ ៥ ដើម្បីតាមដានសកម្មភាពចេញចូល។

លោកស្រី ហ៊ុល ម្លិះ អាយុ ៥២ ឆ្នាំ ដែលផ្ទះរបស់គាត់ស្ថិតក្នុងចំណោមផ្ទះដែលរងការហ៊ុមព័ទ្ធ បានអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពាននេះ។ ខណៈពេលដែលលោកស្រីកំពុងផ្ដល់សម្ភាស ទាហានថៃបានបន្តធ្វើសកម្មភាពដោយចូលមកដាក់ស្បៃពណ៌ខ្មៅ និងតម្លើងកាមេរ៉ាបន្ថែមនៅម៉ោង២៖៣០រសៀល។ ប្រជាពលរដ្ឋម្ចាស់ផ្ទះដែលរងផលប៉ះពាល់បានចេញមុខតវ៉ា និងស្រែកទាមទារឱ្យទាហានថៃប្រគល់ផ្ទះរបស់ពួកគេមកវិញ។ ពួកគេក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍លើបញ្ហានេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មានប្រជាពលរដ្ឋសរុប១២ គ្រួសារ ឬស្មើនឹង៥៩នាក់ ដែលរងផលប៉ះពាល់ ក្នុងនោះមានជនពិការ៤នាក់ និងស្ត្រីមានផ្ទៃពោះ២នាក់ផងដែរ។ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបានជួយដោះស្រាយជាបណ្ដោះអាសន្ននូវកន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ជនរងគ្រោះទាំងអស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍នៅរសៀលថ្ងៃដដែលនោះ ដោយបញ្ជាក់ពីជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ លើសពីនេះ កម្ពុជាក៏បាន និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធផល១៣ចំណុចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ ក្រសួងព័ត៌មាន

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T