សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកលេងបណ្តាញសង្គមថា កូកាជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចប្រធានព្រឹទ្ធសភា បានណែនាំឲ្យរក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។
ជាមួយគ្នានោះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេង តែយើងបានបញ្ជាសការកាត់ផ្តាច់ និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត។
ការបញ្ជាក់របស់របស់សម្តេចតេជោ បានធ្វើឡើងក្រោយពីផ្អុះរឿងពហិការកូកាកូឡា ក្រោយផ្តាច់កុងត្រាជាមួយ វណ្ណដា។
តាមរយៈការបញ្ចេញមតិក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែសិហា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានសរសេរ ថា« សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។
ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថាទោះជាកូកាជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។
ការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជា។
ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជា នោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់ និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។
ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។
ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។
សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុកសង្ឃឹមថាវណ្ណដានិងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ។»
ប្រភព៖ ក្រសួងព័ត៌មាន

