
ស្វាយរៀង៖ អនុគម្រោងទី២ ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃជិត ៣០លានដុល្លារ នៅចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងសាធារណការ។
ក្នុងធីនេះ លោក វង្ស ពិសិដ្ឋ បានថ្លែងថា មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងរហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ ហើយក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។
លោក អភិបាលខេត្តបានថ្លែងបន្តថា នេះគឺជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត។ លោក បានថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងADB ដែលបានផ្តល់ជូនសម្រាប់ការអនុវត្តគម្រោងទីក្រុង ក៏ជាមោទនភាពដោយក្រុងបាវិតជាក្រុងមួយក្នុងចំណោមក្រុងទាំង៣ មានក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ។
ក្នុងចំណោមអនុគម្រោង៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម (មានទីតាំងនៅភូមិច្រកម្ទេស សង្កាត់ ច្រកម្ទេស) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សម្រេចបានប្រមាណ ៥៤%។ ជាការបន្តទៀត លោក ប៉េង ពោធិ៍សា បានបន្ថែមថា បើកការដ្ឋានសាងសង់អនុគម្រោងទី២ គឺប្រព័ន្ធលូនិងស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលត្រូវប្រើពេលវេលាសាងសង់ចំនួន ៣៦ខែ បញ្ចប់នៅឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ជិត ២៩លានដុល្លារ។
បើតាម អភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅដែលមូលដ្ឋានកំពុងជួបប្រទះ បើប្រៀបធៀបពីមុនក្រុងតូច ប្រជាជនតិច មូលដ្ឋានអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មផ្សេងៗ ក៏មិនសូវមាន ខុសពីបច្ចុប្បន្នក្រុងបាវិតមានការអភិវឌ្ឍរីកចម្រើន។
លោ បានបន្ថែមទៀតថា គួរឱ្យកត់សម្គាល់ ដោយបានប្រែក្លាយពីតំបន់ព្រំដែនធម្មតាដែលមានសកម្មភាពសេដ្ឋកិច្ចតិចតួច ទៅ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផលិតកម្ម និងជាទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលបានដើរតួនាទីជាប្រភពការងារដ៏សំខាន់ មិនសម្រាប់តែប្រជាពលរដ្ឋនៅក្នុងខេត្ត តែក៏មានប្រជាពលរដ្ឋពីបណ្តាខេត្តផ្សេងៗមកបម្រើការងារនៅទីនេះផងដែរ។ សព្វថ្ងៃមូលដ្ឋានក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ ៦កន្លែង និងមានរោងចក្រ ១២៤កន្លែង ជាទីផ្តល់នូវប្រភពការងារជិត ៧ម៉ឺននាក់ ដែលស្មើនឹងពាក់កណ្តាល នៃចំនួនកម្មករ ក្នុងខេត្តទាំងមូល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)