មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំក្នុងការសម្រួលដល់ធុរកិច្ចដែលរងផល ប៉ះពាល់ពីភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គត់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈវិធានការជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅក្នុងស្រុកដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងវិធានការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ធាតុផ្សំក្នុងស្រុកឱ្យបានច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនេះ រាជរដ្ឋាភិបាលបានលើកពីវិធានការកែលម្អបរិយាកាសវិនិយោគដែលអាចធ្វើឱ្យកម្ពុជាក្លាយមជ្ឈមណ្ឌលផលិតកម្មដែលមានភាពប្រកួតប្រជែង ដូចជាការកាត់បន្ថយថ្លៃអគ្គិសនី និងថ្លៃភស្តុភារកម្ម, ការអភិវឌ្ឍធនធានមនុស្ស, ការសម្រួលនីតិវិធីរដ្ឋបាល, ការជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម, ការទាក់ទាញកន្សោមឧស្សាហកម្មពីដើមទីដល់ចុងទី។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ បានលើកឡើងថា ក្នុងនីតិកាលទី៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យសម្របសម្រួលរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនិងកង្វល់ពាក់ព័ន្ធនឹងការវិនិយោគឯកជន ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមសម្រាប់វិស័យមួយចំនួនក្នុងការកាត់បន្ថយថ្លែដើមធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ” លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។
ឯកឧត្តមអគ្គលេខាធិការរងបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើពិពិធកម្មឧស្សាហកម្មទៅកាន់វិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដូចជា ការផ្គុំដំឡើងយានយន្ដនិងគ្រឿងបង្គុំយានយន្ត, ការផលិតសំបកកង់រថយន្ត, កង់, សម្ភារៈបរិក្ខារអេឡិចត្រូនិក, សម្ភារៈបរិក្ខារអគ្គិសនីនិងអំពូលលម្អ, សម្ភារៈតុបតែងលម្អដើមគ្រីសស្មាស់, គ្រឿងសង្ហារិម, និងក្តារបន្ទះ។ល។ ដែលវិស័យទាំងអស់នេះប្រើប្រាស់បច្ចេកវិទ្យាមធ្យម និងតម្លៃបន្ថែមសមរម្យ។
ឯកឧត្តមអគ្គលេខាធិការរងបានបង្ហាញសុទិដ្ឋិនិយមថា ឧស្សាហកម្មថ្មីទាំងអស់នេះនឹងបន្តហូរចូលមកកម្ពុជាបន្ថែមទៀត អាស្រ័យដោយរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបន្តដាក់ចេញនូវគោលនយោបាយ និងវិធានការគាំទ្រដល់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនានា និងមានភាពមិនប្រាកដប្រជាខ្ពស់។
មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់។ល។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៧សីហាឆ្នាំ២០២៥នេះតទៅ សហរដ្ឋអាមេរិកបានចាប់អនុវត្តការបន្ធូរបន្ថយពន្ធនាំចូលពីកម្ពុជានៅត្រឹម១៩ភាគរយប៉ុណ្ណោះដែលនេះជាអំណោយផលដ៏ល្អបំផុតចំពោះបរទេសដែលចង់មកវិនិយោគនៅកម្ពុជា៕
