លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានផ្ញើសារ៦ចំណុចឆ្លើយតបចំពោះទង្វើរបស់ទាហានថៃនិងពលរដ្ឋថៃនៅប្រាសាទតាក្របីថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១. កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។
ទី២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។
បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ទី៣. ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។ ទង្វើរនេះជាការបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។
ទី៤. ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ។
ទី៥. អ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។
ទី៦.កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ។
ប្រតិកម្មនេះបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងទាហានថៃ និងប្រជាជនថៃ ជាមួយពលរដ្ឋខ្មែរ ដែលទៅទស្សនានៅប្រាសាទតាក្របីកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង៤រសៀល។
ហេតុការណ៍នេះបានកើតឡើង ខណៈដែលភ្ញៀវទេសចរកម្ពុជា បាននាំគ្នាចូលទៅទស្សនាប្រាសាទតាក្របី ហើយត្រូវបានទេសចរជនជាតិថៃ និងទាហានថៃ មកហាមឃាត់ទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានហាមឃាត់ទេសចរកម្ពុជាមិនអោយបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកព្រឹត្តិការណ៍នោះថាអំឡុងពេលប្រជាពលរដ្ឋខ្មែរនិងថៃកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និង ទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចពាក្យសំដីគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ មានភារកិច្ចឈរជើងការពារ និង សម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និង ប្រាប់ទៅទាហានថៃទាំងនោះថា ការហាមនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃដែរ។
បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី៕
អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

