
ក្រចេះ៖ វឌ្ឍនភាព គម្រោងស្ថាបនាផ្លូវខេត្តលេខ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥គីឡូម៉ែត្រ សម្រេចការស្ថាបនា បានប្រមាណជា ៦៥%។ បើការឱ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី។
ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារលម្អចំកណ្តាល និងមានប្រវែងជាង ៥គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស ក្នុងសង្កាត់ក្រចេះ ឆ្ពោះទៅដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ បើតាមការបន្ត លោក ឈឺន រិទ្ធ។
លោក ឈឺន រិទ្ធ បានបន្តទៀតថា នៅអំឡុងខែមិថុនា ឆ្នាំ២០២៥នេះ នឹងធ្វើការក្រាលកៅស៊ូ និងមួយផ្នែកទៀតកំពុងតែរៀបខឿនសួនច្បារពុះកណ្ដាល។
គួរបញ្ជាក់ថា ពលរដ្ឋក្នុងនៅសង្កាត់ អូរឫស្សី បានសម្ដែងការសម្បាយរីករាយ ដែលខេត្តក្រចេះទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១,៧៦១ម៉ែត្រ ខណៈបច្ចុប្បន្ន សម្រេចបានការស្ថាបនាជាង ៩០% ហើយគ្រោងដាក់បើកឱ្យធ្វើដំណើរការឆ្លងកាត់ ជាបណ្តោះអាសន្ននាក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)