
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តារាជធានី-ខេត្ត បានវាស់វែងដីបានចំនួន ១៣ ៣៣៧ ៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣ ៦៥១ ៩៦៣ក្បាលដី។ ខណៈ មានខេត្ត ចំនួន ១៣ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្នុងនោះ ខេត្តចំនួន៧ បានប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ។
ក្នុងគោលដៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាព ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាស ស្រះស្រួលគ្នា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួង ដ.ន.ស. បានជំរុញការងារវាស់វែងចុះបញ្ជីដីរដ្ឋនិងដឹឯកជន និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។ បើតាមការបន្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)។
ក្នុងន័យនេះ ក្រសួង ដ.ន.ស. បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លី បានចុះបញ្ជីរួចរាល់ ហើយពុំទាន់បានទទួលបណ្ណកម្មសិទ្ធិ សូមទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ក្នុងការទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។
ជាមួយគ្នានេះដែរ ក្រសួង ដ.ន.ស. បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន១៣ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគិរី កែប ព្រះសីហនុ តាកែវ កណ្តាល ព្រះវិហារ និងខេត្តព្រៃវែង ក្នុងនោះ ខេត្តចំនួន៧ គឺ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់។
ដោយឡែក រាជធានី-ខេត្តចំនួន ១២ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខឆាប់ៗនេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ ស្របតាមនីតិវិធី។
បើតាមប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តារាជធានី-ខេត្ត ទទួលបានលទ្ធផលដូចខាងក្រោម៖
-វាស់វែងបានចំនួន ១៣ ៣៣៧ ៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេស ចំនួន១៣ ៦៥១ ៩៦៣ ក្បាលដី, -ចេញបណ្ណបានចំនួន ៨ ៤៥៩ ៦១៩បណ្ណ, -ចែកបណ្ណ បានចំនួន ៧ ៨៤២ ៥៨៧បណ្ណ។
-ម្ចាស់មិនទាន់មកទទួលបណ្ណចំនួន ២៣៥ ៤៦០បណ្ណ, -បណ្ណជាប់ពន្ធប្រថាប់ត្រាទិញលក់ ចំនួន ១៨៦ ១៣២ បណ្ណ
បណ្ណជាប់ពន្ធសូន្យចំនួន ១៩៥ ៤៤០បណ្ណ, -ក្បាលដីមិនទាន់បានវាស់វែងសរុបចំនួន ៣១៤ ៤៥៦ក្បាលដី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)