ស្រុករុក្ខគីរីជាស្រុកមួយដែលដីជីវជាតិល្អអំណោយផលលើការដាំដុះដំណាំច្រើនប្រភេទ ដូចជាស្រូវ ស្វាយចន្ទីដំឡូងមី កៅស៊ូ ពិសេសដំណាំម្នាស់ ។ កសិករមួយរូបនៅស្រុករុក្ខគីរីដាំដំណាំម្នាស់ជាង២០ឆ្នាំលើផ្ទៃដីប្រមាណជាង៤០ហិតា ស្របពេលដែលទីផ្សារម្នាស់ឆ្នាំនេះតម្លៃល្អ អាចរកចំណូលបានជាង២០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ឡាយ ប៉ក់ អាយុ៥២ឆ្នាំ កសិករដាំដណាំម្នាស់នៅភូមិ កែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា ដោយសារនៅតំបន់លោក ដីមានជីរជាតិ អំណោយផលលើដំណាំម្នាស់ ទើបលោកជ្រើសរើសដាំដំណាំនេះជាង២០ឆ្នាំកន្លងមក។
លោកបានបន្តថាចំពោះការដាំដុះចាប់ពីខែ៣ទៅខែ៤ ដំណាំម្នាស់ត្រូវការពេល១ឆ្នាំទៅ១ឆ្នាំជាងទើបអាចប្រមូលផល ចំពោះការដាំម្នាស់ ដំបូងត្រូវភ្ជូរដីឱ្យបានស្អាត ហើយលើកដីជារោងជួរៗ រួចចាប់ផ្តើមយកកូនម្នាស់ដាក់ដាំ ការប្រើប្រាស់ជីមានពីរត្រូវដំណាក់កាល ពេលកូនម្នាស់ដុះបានប្រហែល១ខែ យើងត្រូវធ្វើស្មៅ និងដាក់ដីបំប៉នម្ដង ក្នុងមួយហិកតាប្រើជីអស់៨ការ៉ុង។ លុះពេលម្នាស់លូតលាស់បាន៤ខែដាក់ជីម្ដងទៀត បន្ទាប់មកត្រូវលាយទឹកជាមួយថ្មស្អុយរួចចាក់ចូលបណ្ដូលម្នាស់ ។
កសិកររូបនេះបានបន្ថែមថាសម្រាប់ទីផ្សារម្នាស់ឆ្នាំនេះតម្លៃល្អ ដោយលោកមានមធ្យោបាយខ្លួនឯងផ្ទាល់ ដឹកជញ្ជូនទៅលក់នៅរាជធានីភ្នំពេញដែលមានស្តង់ទីនោះស្រាប់ ។ ឆ្នាំនេះលោកអាចទទួលផល ចន្លោះចាប់ពី បីម៉ឺនជាងផ្លែទៅបួនម៉ឺនផ្លែ1/ហិកតា បើគិតជាប្រាក់ ពី៣៤លានរៀលទៅ៤០លានរៀល បើសរុបទាំង៤០ហិកតា មួយឆ្នាំៗ លោកអាចរកចំណូលបានជាង២០ម៉ឺនដុល្លារ ឯណោះ។
លោកបានលើកឡើងថាការដាំដំណាំម្នាស់នេះមិនមែនងាយស្រួលនោះទេពិបាកខ្លះដែរ ត្រូវការពេលវេលានិងចំណាយច្រើនលើកម្លាំងកម្មករក្នុងការថែទាំ ម្នាស់នេះក៏មានរោគដែលដូចជា រោគរួញក្រហមស្លឹកអត់លូតលាស់ជាដើម ។
ម្ចាស់ចម្ការម្នាស់ខាងលើរីករាយ សម្រាប់បងប្អូនប្រជាកសិករ មានបំណង់ចង់ដាំឬចម្ងល់អាចសាកសួរ អំពីបច្ចេកទេសដាំដុះដំណាំម្នាស់នេះបាន លោកពេញចិត្តក្នុងការចែករំលែក គ្មានអ្វីលាក់លាមនោះទេ ។
ចំណែកឯ លោក ផេង ផល អភិបាលរងនៃគណៈអភិបាលស្រុករុក្ខគីរីថ្លែងឱ្យថាស្រុករុក្ខគីរីមានផ្ទៃដីដាំដុះជិត៤ម៉ឺនហិកតាក្នុងនោះមានឃុំពីរគឺឃុំព្រែកជីកនិងឃុំបាសាក់ដីអំណោយផល មានប្រជាលរដ្ឋច្រើនគ្រួសារដាំដំណាំម្នាស់។ មានកសិករខ្លះដាំខ្លួនឯងផង ប្រមូលទិញពីកសិករផ្សេងផង បាននាំចេញទៅកាន់ ទីផ្សារនៅខាងភ្នំពេញនិងខេត្តសៀមរាម ។
លោកអភិបាលរងស្រុក បានបន្ថែមថា ចំពោះតម្លៃទីផ្សារវិញ មួយគ្រាប់ តម្លៃចន្លោះពី៥០០រៀលទៅ២០០០រៀលទៅតាមប្រភេទផ្លែ តែបើករណីជុញច្រើនពេកអាចធ្លាក់ចុះដល់ក្រោម៥០០រៀល គឺខាត់ហើយ បញ្ហានេះក៏ធ្លាប់ឃើញមានប្រជាកសិករមករកអាជ្ងាធរស្រុកនិងឃុំឱ្យជួយដោះស្រាយរកទីផ្សារឱ្យផងដែរ ៕ អត្ថបទៈ ឈឿន ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

