នីតិវិធីការដាក់ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន និងការស្នើសុំបើកដំណើរការឡើងវិញ

//s9.kh1.co/2d/2d2f7ece9a2224804d078bcecb88e57c0525a01b.jpg
Khmerhome

 ០២-ឧសភា-២០២៥ ៩ព្រឹក · ១៤ ម៉ោងមុន

ចំពោះសហគ្រាសទាំងឡាយណាដែលអាជីវកម្មរបស់ខ្លួនមិនទាន់មានសកម្មភាពអាជីវកម្ម ឬមានបំណងផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ឬមានបំណងបើកដំណើរការអាជីវកម្មឡើងវិញត្រូវបំពេញបែបបទនិងនីតិវិធីស្នើសុំមករដ្ឋបាលសារពើពន្ធតាមជម្រើស មួយណាក៏បាន

https://s9.kh1.co/__image/w=650,h=342,q=100/2d/2d2f7ece9a2224804d078bcecb88e57c0525a01b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ចំពោះសហគ្រាសទាំងឡាយណាដែលអាជីវកម្មរបស់ខ្លួនមិនទាន់មានសកម្មភាពអាជីវកម្ម ឬមានបំណងផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ឬមានបំណងបើកដំណើរការអាជីវកម្មឡើងវិញត្រូវបំពេញបែបបទនិងនីតិវិធីស្នើសុំមករដ្ឋបាលសារពើពន្ធតាមជម្រើស មួយណាក៏បានដូចខាងក្រោម៖

១.បំពេញបែបបទនិងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)៖ ត្រូវចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន https://www.tax.gov.kh/km/e-service បន្ទាប់មកបំពេញព័ត៌មានតម្រូវព្រមទាំងឯកសារភ្ជាប់នានាតាម “ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ លើមុខងារ “ស្នើសុំផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ។

២.ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៊ីមែល៖ ត្រូវរៀបចំសំណុំឯកសារស្នើសុំមក នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ (ចំពោះសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រង របស់សាខាពន្ធដារខេត្ត-ខណ្ឌ) ឬតាមរយៈអ៊ីមែល [email protected] ដោយត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

-លិខិតស្នើសុំរបស់សហគ្រាស ដោយមានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន

-ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ឬបើកដំណើរការអាជីវកម្មឡើងវិញ (ទម្រង់ SUS_01) ដោយមានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន

-បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ

-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)

-ករណីជាអ្នកតំណាង ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិ ឬត្រូវភ្ជាប់ភាគបុគ្គលិក អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ និងអ៊ីមែល ករណីអ្នកតំណាងជាបុគ្គលិកសហគ្រាស។

ចំពោះ ការស្នើសុំបន្តផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវភ្ជាប់ឯកសារដូចរៀបរាប់ខាងលើ រួមនិងលិខិតអនុញ្ញាតឱ្យផ្អាកដំណើរការអាជីវកម្មជាបណ្ដោះអាសន្នចេញដោយរដ្ឋបាលសារពើពន្ធ។

សូមបញ្ជាក់ផងដែរថា សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន មានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបង់ពន្ធអាករដទៃទៀត (ប្រសិនបើមាន) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ក្នុងអំឡុងពេលនៃការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ននេះ សហគ្រាស៖

មិនអាចចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស

-មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម និង

-មិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T