ភ្នំពេញ៖ គួរឱ្យភ្ញាក់ផ្អើល សំបុត្រចំនួន ៣០០០ សន្លឹកសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League រវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុមភ្ញៀវ អេហ្វខេ អារកាដាហ្ក មកពីប្រទេសបង់ក្លាដែស ត្រូវបានលក់អស់យ៉ាងឆាប់រហ័សត្រឹមតែរយៈពេល ១០ នាទីប៉ុណ្ណោះ នៃការបើកលក់តាមអនឡាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតដ៏សំខាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សំបុត្រទស្សនាការប្រកួត បានចាប់ផ្ដើមដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ នេះតទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ PKR Svay Rieng FC ដែលមានភាពងាយស្រួលក្នុងការទិញ និងរហ័ស ដោយគ្រាន់តែស្កេនចូលទស្សនា ដោយពុំចាំបាច់ប្ដូរយកសំបុត្របោះពុម្ពឡើយ។
សម្រាប់អ្នកគាំទ្រដែលមិនទាន់មានកម្មវិធីនេះ អាចទាញយកបានតាមរយៈតំណភ្ជាប់ខាងក្រោម៖
* Android:https://play.google.com/store/apps/details?id=asia.wonderpass.pkrsrfc* iOS :https://apps.apple.com/us/app/pkr-svay-rieng-fc/id6505087491
ក្រៅពីការទិញតាមអនឡាញ អ្នកគាំទ្រក៏អាចរកទិញសំបុត្រដោយផ្ទាល់បាននៅរោងភាពយន្តលេជេន សាខាអេដេនហ្គាដិន ចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច (ទីតាំង https://maps.app.goo.gl/2vw766HSqYzzRTys8)។
ទន្ទឹមនឹងនេះ ទូរទស្សន៍ BTV News នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតដ៏កក្រើកនេះជូនប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទូទាំងប្រទេសផងដែរ។
ការលក់សំបុត្រអស់យ៉ាងឆាប់រហ័សនេះ បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រចំពោះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ដូចជាការទន្ទឹងរង់ចាំចង់ទស្សនាការប្រកួតដ៏សំខាន់ក្នុងព្រឹត្តិការណ៍ AFC Challenge League នេះផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន



