តើអ្វីទៅជាពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដោយប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត?

//s9.kh1.co/d9/d974dc1bc938fcfa8774e7426de32a5a52f91fa8.jpg
Khmerhome

 ០៩-ឧសភា-២០២៤ ១១ព្រឹក · ១១ ថ្ងៃមុន

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យ ពន្ធប្រថាប់ត្រាក៏ត្រូវអនុវត្តផងដែរចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ថវិការដ្ឋ (កិច្ចសន្យាលទ្ធកម្មសាធារណៈដែលទូទាត់ តាមរយៈរតនាគារជាតិ) និងលិខិតមានលក្ខណៈគតិយុត្ត រួមមាន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការបិទក្រុមហ៊ុន។

https://s9.kh1.co/__image/w=650,h=433,q=100/10/10bc5b814cafef3f717021f3ba846f156c42620a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យ ពន្ធប្រថាប់ត្រាក៏ត្រូវអនុវត្តផងដែរចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ថវិការដ្ឋ (កិច្ចសន្យាលទ្ធកម្មសាធារណៈដែលទូទាត់ តាមរយៈរតនាគារជាតិ) និងលិខិតមានលក្ខណៈគតិយុត្ត រួមមាន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការបិទក្រុមហ៊ុន។

ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានលើកយកប្រធានបទសំខាន់មួយមកធ្វើបទបង្ហាញនិងពិភាក្សាគឺ ពន្ធប្រថាប់ត្រាលើការផ្ទេរ ភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ដោយមានការចូលរួមពីវាគ្មិនជាមន្ត្រី ជំនាញនៃអគ្គនាយកដ្ឋានពន្ធដារចំនួនពីររូបគឺ លោក ស៊ាង សុធារ៉ា ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ម៉ុម វន្ថា អនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។

លោក ស៊ាង សុធារ៉ា បានបញ្ជាក់ឱ្យដឹងថា ក្រៅពីការប្រមូល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យ ពន្ធប្រថាប់ត្រាក៏ត្រូវអនុវត្តផងដែរចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ថវិការដ្ឋ (កិច្ចសន្យាលទ្ធកម្មសាធារណៈដែលទូទាត់ តាមរយៈរតនាគារជាតិ) និងលិខិតមានលក្ខណៈគតិយុត្ត រួមមាន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការបិទក្រុមហ៊ុន។

លោក បានបន្តថា ចំពោះមូលដ្ឋានគិតពន្ធ និងអត្រាពន្ធត្រូវបានកំណត់ដូចខាងក្រោម៖

-ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ជាប់ពន្ធតាមអត្រា ០,១% ដោយយកមូលដ្ឋានគិតពន្ធតាមតម្លៃភាគហ៊ុន ផ្អែកលើតម្លៃទីផ្សារ។ ក្នុងករណីតម្លៃនៃការផ្ទេរភាគហ៊ុនមិនឆ្លុះបញ្ចាំងពីតម្លៃទីផ្សារពិតជាក់ស្តែង រដ្ឋបាលសារពើពន្ធនឹងកំណត់យក មូលដ្ឋានគិតពន្ធតាមតម្លៃខ្ពស់ជាងគេក្នុងចំណោម ១. កិច្ចសន្យាទិញ-លក់ភាគហ៊ុន ២. ដើមទុនចុះបញ្ជី ឬ ៣. មូលនិធិឬទុនម្ចាស់ (Total equity)

-កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ថវិការដ្ឋ ជាប់ពន្ធតាមអត្រា ០,១% ដោយយកមូលដ្ឋានគិតពន្ធតាមតម្លៃក្នុងកិច្ចសន្យា ផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ (មិនរួមបញ្ចូលអាករលើតម្លៃបន្ថែម)

-លិខិតមានលក្ខណៈគតិយុត្ត ត្រូវជាប់ពន្ធប្រថាប់ត្រាចំនួន ១ ០០០ ០០០ (មួយលាន) រៀល

លោក ស៊ាង សុធារ៉ា បានបន្តទៀតថា អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាមករដ្ឋបាលសារពើពន្ធ ក្នុងនោះអ្នកជាប់ពន្ធធំ ត្រូវស្នើសុំមកនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ដោយឡែក អ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធមធ្យម ត្រូវដាក់ពាក្យស្នើសុំមកសាខាពន្ធដារខេត្ត-ខណ្ឌដែលសហគ្រាសស្ថិតនៅ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ករណីស្នើសុំបង់ពន្ធប្រថាប់ត្រា

ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុន របស់ក្រុមហ៊ុន ឯកសារភ្ជាប់ មាន

-លិខិតអនុញ្ញាតផ្ទេរភាគហ៊ុនពីក្រសួងពាណិជ្ជកម្ម

-លក្ខន្តិកៈក្រុមហ៊ុនថ្មី (ច្បាប់ដើម)

-លក្ខន្តិកៈក្រុមហ៊ុនចាស់ (ថតចម្លង)

-កិច្ចសន្យាទិញ-លក់ភាគហ៊ុន

-លិខិតប្រកាសពន្ធលើប្រាក់ចំណូល (ឆ្នាំចុងក្រោយ)

-បណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ)

-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)

-បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប្រថាប់ត្រា។

កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដោយប្រើប្រាស់ ថវិការដ្ឋ ឯកសារភ្ជាប់ មាន៖

-កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា (ច្បាប់ដើម)

-បណ្ណពន្ធប៉ាតង់

-បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប្រថាប់ត្រា។

លិខិតមានលក្ខណៈគតិយុត្ត ឯកសារភ្ជាប់ មាន៖

-លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នាពីក្រសួងពាណិជ្ជកម្ម

-លក្ខន្តិកៈក្រុមហ៊ុនថ្មី (ច្បាប់ដើម)

-លក្ខន្តិកៈក្រុមហ៊ុនចាស់ (ថតចម្លង)

-លិខិតអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច (បើមាន)

-បណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ)

-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)

-បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប្រថាប់ត្រា៕

ដោយ៖ មឿន ឌីណា (\Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T