ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងពិធីការិនីកូនកាត់ខ្មែរ-អាល្លឺម៉ង កញ្ញា ម៉ៃយ៉ា ជាសិល្បការិនីស្រីមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ លើសពីនេះទៅទៀត ចាប់តាំងពីឈានជើងចូលសិល្បៈមកទល់នឹងពេលនេះ នាងនៅតែរក្សាកេរ្ដិ៍ឈ្មោះ និងភាពល្បីល្បាញបានដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បើងាកទៅមើលជីវិតឯកជនកញ្ញា ម៉ៃយ៉ា គេដឹងថានាងកំពុងទទួលបានក្ដីសុខខ្លាំង ខណៈមានគូស្នេហ៍ចេះយល់ចិត្ត ហើយមើលថែបារម្ភពីនាងដូច្នេះ។ មិនតែប៉ុណ្ណោះ គ្រប់ពេលតារារូបនេះ និងគូស្នេហ៍ បង្ហោះរូបម្ដងៗមើលទៅពិតជាផ្អែមល្ហែម ហើយយល់ចិត្តគ្នាតែម្ដង។
មួយវិញទៀត គេដឹងទៀតថាកញ្ញា ម៉ៃយ៉ា និងគូស្នេហ៍បានទាក់ទងគ្នាអស់រយៈពេល៤ឆ្នាំមកហើយ។ ក្នុងនោះដែរ ថ្មីៗនេះនាងកំពុងធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនអបអរសាទរ និងរំភើបជំនួសនាង ខណៈនាងបង្ហោះរូបថត ហើយបង្ហាញថាខ្លួនកំពុងពរពោះកូនដំបូងបែបនេះ។ គួរបញ្ជាក់ផងដែរថា តារារូបនេះកំពុងពរពោះ៧ខែ ហើយក៏ជិតដល់ថ្ងៃសម្រាលផងដែរ៕