ស្នេហា៖ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា នៅពេលខ្លះមិនចាំបាច់ធ្វើអ្វីច្រើនដើម្បីគ្នាទេ ត្រឹមតែរឿងសាមញ្ញៗក៏អាចធ្វើឱ្យគ្នាសប្បាយចិត្តបានដែរ បែបនេះហើយ បើថាមិនបានធ្វើរឿងអ្វីដើម្បីគ្នាបានច្រើន យ៉ាងហោចណាស់ក៏រឿងសាមញ្ញខ្លះ អាចធ្វើបានដើម្បីគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សស្រលាញ់គ្នាពីរនាក់ បើចង់ឱ្យស្នេហានៅតែផ្អែមល្ហែម និងស្ថិតស្ថេរនៅជារៀងរហូត អ្នកទាំងពីរគ្រាន់តែធ្វើរឿងសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបានជារៀងរាល់ថ្ងៃ ស្នេហាអ្នកទាំងពីរនឹងនៅតែល្អ ហើយក៏គ្មានថ្ងៃបែកគ្នា។
រឿងសាមញ្ញ៥យ៉ាង ដែលគូស្នេហ៍គួរធ្វើជាមួយគ្នាជារៀងរាល់ថ្ងៃ៖
១. និយាយជាមួយគ្នារាល់ថ្ងៃ

គូស្នេហ៍ណាក៏អាចធ្វើបានដែរ ចំពោះរឿងសាមញ្ញនេះមួយ ឱ្យតែមានចិត្តចង់ ព្រោះការនិយាយជាមួយគ្នារាល់ថ្ងៃ ទោះមិនបានជួបមុខគ្នាផ្ទាល់ យ៉ាងហោចណាស់ក៏នៅមានទំនាក់ទំនងជាមួយគ្នា គ្រាន់បើជាងដែលមិនទាក់ទងទៅគ្នា ហើយទុកគ្នាចោល អញ្ចឹងហើយ ការនិយាយជាមួយគ្នាជារៀងរាល់ថ្ងៃ វានឹងធ្វើឱ្យស្នេហានៅតែល្អនឹងគ្នា។
២. ស្តាប់រឿងរបស់គ្នា

មនុស្សស្រលាញ់គ្នាពីរនាក់ មិនអាចនៅជិតឬនៅក្បែរគ្នាបានគ្រប់ពេលនោះទេ ហើយក៏មិនដឹងថាម្នាក់ៗជួបនឹងរឿងរ៉ាវអ្វីដែរ ដូច្នេះ ការស្តាប់រឿងរបស់គ្នាទៅវិញទៅមក វាជាអ្វីដែលធ្វើឱ្យគ្នាមានអារម្មណ៍ថាមិនឯកា ហើយក៏បានធូរចិត្តនៅពេលដែលបាននិយាយរួច បែបនេះហើយ ការស្តាប់រឿងរបស់គ្នា វាជារឿងសាមញ្ញមួយដែលគូស្នេហ៍ណាក៏អាចធ្វើបានដើម្បីគ្នា។
៣. លើកទឹកចិត្តដល់គ្នា

ទោះមិនបានជួបមុខគ្នារាល់ថ្ងៃ មិនបានផ្តល់ភាពកក់ក្តៅឱ្យក៏ដោយ មនុស្សពីរនាក់នៅតែអាចលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឱ្យគ្នាបាន ហើយការដែលលើកទឹកចិត្តដល់គ្នាជារៀងរាល់ថ្ងៃនេះ វានឹងធ្វើឱ្យមនុស្សស្រលាញ់គ្នាពីរនាក់កាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នា ទោះមិនបាននៅក្បែរគ្នា គ្រប់ពេលដែលជួបបញ្ហាក៏ដោយ។
៤. បង្ហាញការបារម្ភពីគ្នា

អ្នកណាក៏ដូចអ្នកណា គឺតែងតែចង់ទទួលបានការបារម្ភ និងការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រលាញ់ អញ្ចឹងហើយ ការបង្ហាញការបារម្ភពីគ្នា សួរនាំសុខទុក្ខគ្នា ជារឿងសាមញ្ញដែលគូស្នេហ៍គ្រប់រូប សុទ្ធតែអាចធ្វើបានដើម្បីគ្នា ព្រោះបើគ្រាន់តែបង្ហាញការបារម្ភចំពោះគ្នាធ្វើមិនបាន ស្នេហានោះច្បាស់ជាទៅមុខមិនរួចឡើយ។
៥. ទៅណាមកណា តែងប្រាប់គ្នា

វាមិនមែនជាការបិទសិទ្ធគ្នាទេ តែវាជាការដែលគូស្នេហ៍ចេះឱ្យតម្លៃគ្នាទៅវិញទៅមក ហើយវាក៏មិនមែនជារឿងអ្វីដែលពិបាកណាស់ណាដែរ បើគ្រាន់តែទៅណាមកណា ត្រូវប្រាប់មនុស្សដែលខ្លួនស្រលាញ់នោះ ព្រោះការប្រាប់ ឬផ្តល់ដំណឹងឱ្យគ្នាបែបនេះ វាបង្ហាញពីការដែលមនុស្សស្រលាញ់គ្នាចេះផ្តល់តម្លៃឱ្យគ្នា៕