បរទេស៖ យានអវកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានសំដៅទៅបុកអាចម៍ផ្កាយមួយ នៅក្នុងការធ្វើតេស្ដដំបូង នៃការការពារដែនភពផែនដីរបស់មនុស្សជាតិ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង ៦:១៤ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា) ដោយវាត្រូវបានសាទរដោយក្រុមបេសកកម្ម ក្នុងទីក្រុង Laurel រដ្ឋ Maryland។ បេសកកម្ម DART ឬពាក្យពេញ Double Asteroid Redirection Test ដែលមានន័យថា ការធ្វើតេស្ដបង្វែរទិសអាចម៍ផ្កាយភ្លោះ បានបាញ់បង្ហោះតាំងពី១០ខែមុន។
ខណៈពេលដែលអាចម៍ផ្កាយ Dimorphos មិនមានហានិភ័យក្នុងការប៉ះពាល់ដល់ផែនដីក៏ដោយ ក៏ការសាកល្បងមួយនេះគ្រាន់តែកំណត់ ពីរបៀបប្ដូរទិសថ្មអវកាស ដែលអាចគំរាមកំហែងដល់ផែនដីនាពេលអនាគត។ នៅកំឡុងពេលធ្វើតេស្ដបុកទង្គិច អាចម៍ផ្កាយភ្លោះ Didymos និង Dimorphos នៅជិតផែនដី ក្នុងចម្ងាយ១១លានគីឡូម៉ែត្រ។ ក្រុមការងារបានប៉ាន់ស្មានថា យានអវកាសនេះបានបុកអាចម៍ផ្កាយ នៅចំណុចប្រហែល១៧ម៉ែត្រ ពីចំណុចកណ្ដាលនៃថ្មអវកាសនេះ។
បន្ថែមពីការប៉ះទង្គិច គោលដៅរបស់យានអវកាសនេះគឺដើម្បីជះឥទ្ធិពល ដល់ចលនារបស់អាចម៍ផ្កាយនៅក្នុងលំហ ប៉ុន្តែសមាជិកក្រុម DART និយាយថា គេនឹងចំណាយពេលប្រហែលពីរខែទៀត សម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីកំណត់ថា តើគន្លងរបស់អាចម៍ផ្កាយបានផ្លាស់ប្ដូរ ឬក៏អត់។ Dimorphos គឺជាអាចម៍ផ្កាយតូចមួយដែលធ្វើដំណើរជុំវិញអាចម៍ផ្កាយធំមួយ គឺ Didymos (ធ្វើដំណើរជុំវិញ ប្រៀបដូចព្រះចន្ទធ្វើដំណើរជុំវិញផែនដីដែរ)។ អាចម៍ផ្កាយ Dimorphos ធ្វើដំណើរមួយជុំវិញអាចម៍ផ្កាយ Didymos ដោយប្រើរយៈពេល១១ម៉ោង៥៥នាទី។ បន្ទាប់ពីបានបុកទង្គិច វាអាចនឹងផ្លាស់ប្ដូររយៈពេលធ្វើដំណើរតាមគន្លង មកនៅត្រឹម១១ម៉ោង៤៥នាទីវិញ ប៉ុន្តែការតាមដានពីការផ្លាស់ប្ដូរនេះ នឹងកំណត់ថាតើការផ្លាស់ប្ដូរនឹងមានចំនួនប៉ុន្មាន។
មន្ត្រីទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា ប្រព័ន្ធអាចម៍ផ្កាយនេះមិនបានបង្កការគំរាមកំហែងដល់ផែនដីឡើយ ដែលវាគ្រាន់តែជាគោលដៅមួយ ដើម្បីធ្វើតេស្ដឥទ្ធិពលនៃគន្លង ដែលប្រហែលជាគេអាចនឹងត្រូវការ ពេលអនាគត ប្រសិនបើមានអាចម៍ផ្កាយមែនទែនធ្វើដំណើរមកបុកផែនដីមែន៕


ប្រភព: CNN