ស្នេហា៖ ក្តីស្រលាញ់មិនអាចបង្ខិតបង្ខំបានឡើយ ហើយក្តីស្រលាញ់ក៏រឹតតែមិនអាចបញ្ឈប់បានដោយងាយៗ បើដាក់ចិត្តថាស្រលាញ់ហើយ ចង់ឈប់ស្រលាញ់វិញគឺមិនងាយទេ ប៉ុន្តែទោះជាស្រលាញ់យ៉ាងណាក៏ដោយ ក៏មិនអាចឱ្យខ្លួនឯងក្លាយទៅជាមនុស្សអាត្មានិយមម្នាក់ ដោយសារតែស្នេហាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ ប្រសិនជាអ្នកជ្រុលចិត្តទៅលង់ស្រលាញ់នឹងមនុស្សម្នាក់ ដែលគេមានសង្សាររួចហើយនោះ អ្នកមិនចាំបាច់បន្ទោសខ្លួនឯងនោះទេ ព្រោះគ្រាន់តែស្រលាញ់មនុស្សម្នាក់វាមិនខុសទេ បើខុសនោះគឺការដែលអ្នកទៅបំបែកបាក់គេ ដូច្នេះចង់កាត់ចិត្តពីគេបាន អ្នករាល់គ្នាត្រូវសាកជាមួយនឹងវិធីដូចដែលបានរៀបរាប់នេះ។
ដកចិត្តបែបណា បើជ្រុលជាស្រលាញ់សង្សារគេ?
១. រក្សាគម្លាតពីមនុស្សម្នាក់នោះ

វាមិនខុសនោះទេ ដែលអ្នកគ្រាន់តែស្រលាញ់ តែបើអ្នកដឹងថាគេមានសង្សារហើយ អ្នកនៅតែព្យាយាមចង់បានគេទៀតនោះ ទើបជារឿងដែលខុស ដូច្នេះបើចង់កាត់ចិត្តពីមនុស្សដែលគេមានម្ចាស់រួច អ្វីដែលអ្នកត្រូវធ្វើដំបូង គឺរក្សាគម្លាតពីគេ ទោះគេទាក់ទងមកអ្នកមុនក៏ដោយ ក៏អ្នកត្រូវតែនៅឱ្យឆ្ងាយពីគេ គឺដើម្បីឱ្យអ្នកកាត់ចិត្តបានឆាប់ ហើយក៏មិនធ្វើឱ្យសង្សារគេឈ្លោះគ្នាដោយសារតែអ្នកដែរ។
២. កុំប្រៀបធៀបខ្លួនឯងទៅនឹងសង្សារគេ

ស្រលាញ់មនុស្សម្នាក់ដែលមានម្ចាស់ វាជារឿងដែលឈឺចាប់ណាស់ទៅហើយ កុំប្រៀបធៀបខ្លួនឯងទៅនឹងសង្សារគេ នាំតែធ្វើឱ្យខ្លួនឯងគិតច្រើនទេ គេល្អបែបគេ អ្នកល្អបែបអ្នក កុំដោយសារតែស្រលាញ់មនុស្សម្នាក់ អ្នកត្រូវមើលរំលងចំណុចល្អរបស់ខ្លួនឯងឱ្យសោះ ដកខ្លួនចេញពីក្តីស្រលាញ់បែបនោះ ហើយផ្តោតលើខ្លួនឯងឱ្យបានច្រើន មិនខ្វះឡើយមនុស្សល្អៗច្រើនជាងនេះទៀត។
៣. បណ្តោយឱ្យខ្លួនឯងខូចចិត្ត

កុំព្យាយាមដាក់សម្ពាធឱ្យខ្លួនឯង ស្រលាញ់ប៉ះចំមនុស្សដែលគេមានសង្សារហើយ ទទួលរងនូវការឈឺចាប់វាជារឿងធម្មតាតែប៉ុណ្ណោះ បណ្តោយឱ្យខ្លួនឯងខូចចិត្តមួយរយៈពេល នោះការឈឺចាប់ទាំងប៉ុន្មាន វានឹងរលាយបាត់អស់ទៅតាមពេលវេលា គ្រាន់បើជាជាងនៅធ្វើជាបញ្ហា ឱ្យសង្សារគេឈ្លោះគ្នាដោយសារតែខ្លួនឯងដែរ។
៤. ទទួលយកការពិត

អ្វីដែលអ្នកអាចធ្វើដើម្បីខ្លួនឯងបាន ក្រោយពីដឹងថាមនុស្សដែលអ្នកស្រលាញ់ គេមានសង្សារហើយនោះ គឺការយល់ព្រមទទួលយកការពិត ថាគេមានម្ចាស់រួចហើយ ត្រូវរៀនដកចិត្តពីគេបន្តិចម្តងៗ កុំកុហកខ្លួនឯងជាមួយនឹងក្តីសង្ឃឹមក្លែងក្លាយ ព្រោះគេគ្មានថ្ងៃបែកពីមនុស្សដែលគេស្រលាញ់ ដើម្បីមកយកមនុស្សដែលគេមិនស្រលាញ់នោះទេ។
៥. ផ្តល់ឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មី

មិនខ្វះឡើយមនុស្សល្អៗ សំខាន់ឱ្យតែខ្លួនអ្នកចេះផ្តល់ឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មីៗ មិនមែនបិទបេះដូងខ្លួនឯង ដោយសារតែធ្លាប់ខូចចិត្តហើយម្តងនោះទេ ព្រោះធ្វើបែបនេះ គឺមានតែធ្វើឱ្យខ្លួនអ្នកដកចិត្តពីមនុស្សម្នាក់នោះមិនបាន តែបើអ្នកចេះបើកចិត្តម្តងទៀតជាមួយនឹងមនុស្សថ្មីៗ អ្នកនឹងអាចស្វែងរកស្នេហាពិតនៅថ្ងៃណាមួយជាក់ជាមិនខាន៕