ស្នេហា៖ អ្នករាល់គ្នាប្រាកដជាធ្លាប់បានឆ្លងកាត់ ការសម្រេចចិត្តជ្រើសរើស រវាងមនុស្សដែលស្រលាញ់យើង និងមនុស្សដែលយើងស្រលាញ់ហើយ ភាគច្រើនគឺយើងរាល់គ្នា តែងតែជ្រើសរើសយកមនុស្សដែលយើងស្រលាញ់ ទោះពេលខ្លះអាចនឹងឈឺចាប់ក៏ពិតមែន ប៉ុន្តែយើងរាល់គ្នានៅតែសម្រេចចិត្តបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ហេតុផលដែលយើងសម្រេចចិត្ត ជ្រើសរើសមនុស្សដែលយើងស្រលាញ់ ទាំងដែលដឹងថាមនុស្សម្នាក់នោះ អាចនឹងធ្វើឱ្យយើងទឹកភ្នែកក៏ដោយ តែយើងនៅតែជ្រើសរើសនោះ ព្រោះតែចំណុចមួយចំនួន ដែលជាគុណសម្បត្តិនៃការជ្រើសរើសមនុស្ស ដែលយើងស្រលាញ់នេះហើយ ទើបយើងម្នាក់ៗ គួរតែរើសមនុស្សដែលយើងស្រលាញ់។
គុណសម្បត្តិនៃការជ្រើសរើសមនុស្សដែលយើងស្រលាញ់៖
១. បាននៅក្បែរមនុស្សដែលយើងស្រលាញ់

ទោះបីជាមនស្សដែលយើងស្រលាញ់ គេមិនសូវស្រលាញ់យើងវិញក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ក៏យើងបាននៅក្បែរ និងនៅមើលថែមនុស្សដែលយើងស្រលាញ់ដែរ គ្រាន់បើជាងជ្រើសរើសមនុស្សដែលខ្លួនឯង មិនបានស្រលាញ់ ហើយបង្ខំឱ្យខ្លួនឯងនៅក្បែរគេគ្រប់ពេលទៀតនោះទេ ព្រោះវាមានតែធ្វើឱ្យខ្លួនឯងគ្មានក្តីសុខ និងមានតែសម្ពាធ។
២. មិនស្តាយក្រោយនឹងការជ្រើសរើស

ការជ្រើសរើសយកមនុស្សដែលយើងស្រលាញ់ ទោះមនុស្សម្នាក់នោះមិនអាចផ្តល់ក្តីសុខឱ្យក៏ដោយ សំខាន់គឺអ្នកបានសាកល្បងក្នុងការជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ ព្រោះបើអ្នកជ្រើសរើសមនុស្សដែលស្រលាញ់អ្នក តែអ្នកមិនបានស្រលាញ់គេសូម្បីតែបន្តិច អ្នកនឹងមានការស្តាយក្រោយ នៅពេលដែលធ្វើការសម្រេចចិត្តហើយ។
៣. មានក្តីសុខពេញលេញ

មិនថាទៅថ្ងៃមុខ មនុស្សម្នាក់នោះអាចនឹងធ្វើឱ្យអ្នកឈឺចាប់ប៉ុណ្ណាទេ ការដែលជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ វាជាសេចក្តីសុខយ៉ាងពេញលេញមួយ ដែលអ្នកផ្សេងទោះគេស្រលាញ់ និងលះបង់ចំពោះអ្នកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនអាចមានក្តីសុខពេញលេញ ដូចដែលអ្នកបាននៅក្បែរនឹងមនុស្សដែលអ្នកស្រលាញ់ដែរ។
៤. មិនធ្វើឱ្យអ្នកណាម្នាក់ឈឺចាប់

ការជ្រើសរើសយកមនុស្សដែលយើងស្រលាញ់ ទោះពេលខ្លះវាផ្តល់នូវការឈឺចាប់ និងការខកចិត្តបន្តិចក៏ពិតមែន ប៉ុន្តែការជ្រើសរើសរបស់អ្នក នឹងមិនធ្វើឱ្យអ្នកណាម្នាក់ឈឺចាប់ដោយសារតែអ្នកឡើយ ព្រោះបើអ្នកជ្រើសរើសយកមនុស្សដែលស្រលាញ់អ្នក តែអ្នកមិនបានស្រលាញ់គេសូម្បីតែបន្តិច គឺអ្នកមានតែធ្វើបាបចិត្តខ្លួនឯង និងចិត្តគេតែប៉ុណ្ណោះ៕