ស្នេហា៖ រឿងរ៉ាវស្នេហា ជៀសមិនផុតពីការប្រឈមមុខនឹងទទួលបានការខូចចិត្តនោះទេ ប្រសិនបើស្នេហាមួយនោះ វាមិនទទួលបានជោគជ័យ ហើយតម្រូវឱ្យយើងម្នាក់ៗចេះកាត់ចិត្ត ហើយចាប់ផ្តើមជីវិតដោយគ្មានគេសារជាថ្មី ប៉ុន្តែការចាប់ផ្តើមជាថ្មី វាមិនមែនស្រួលដូចជាការគិតឡើយ វាត្រូវការពេលវេលាជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ ប្រសិនបើអ្នករាល់គ្នាកំពុងតែស្ថិតនៅក្នុងការខូចចិត្ត ចំពោះការបាត់បង់មនុស្សដែលអ្នកស្រលាញ់ អ្នកគួរតែរៀនដោះលែងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបវាអាចជួយឱ្យអ្នកកាត់ចិត្តបានងាយ បើមិនអញ្ចឹងទេ ទោះប្រើពេលរាប់ឆ្នាំក្នុងការកាត់ចិត្ត ក៏អ្នកមិនអាចកាត់ចិត្តពីគេបានដោយងាយឡើយ។
កំពុងខូចចិត្ត? រៀនដោះលែងរឿងទាំងនេះ ទើបអាចកាត់ចិត្តបានងាយ
១. ដោះលែងរឿងអតីតកាល

ចង់កាត់ចិត្តបានងាយ លុះត្រាតែអ្នករាល់គ្នារៀនដោះលែងរឿងអតីតកាល មិនថាវាជារឿងល្អ ឬរឿងអាក្រក់ អ្នកត្រូវរៀនដោះលែងវា ហើយឈប់គិត ឈប់រំលឹកពីវាតទៀត នោះអ្នកអាចនឹងកាត់ចិត្តបានលឿន តែបើអ្នកនៅតែព្យាយាមរំលឹក និងតែងនឹកគិតដល់រឿងរ៉ាវពីមុនដែលធ្លាប់មានជាមួយគ្នា មិនថាអ្នកប្រើពេលវេលាយូរប៉ុណ្ណាទេ អ្នកក៏គ្មានថ្ងៃនឹងអាចកាត់ចិត្តបាន។
២. ដោះលែងគេ

ត្រូវចងចាំ មនុស្សដែលគេស្រលាញ់អ្នកពិត គេមិនបណ្តោយឱ្យអ្នកទទួលរងការខូចចិត្តនោះទេ ហើយគេក៏មិនបោះបង់អ្នកចោលដោយងាយដែរ ហេតុនេះ បើគេទៅចោលអ្នក គឺបានន័យថាគេឈប់ស្រលាញ់ ឈប់ត្រូវការអ្នកទៀតហើយ បើអ្នកនៅតែតោងទាមគេ មិនព្រមដោះលែងគេសោះ គឺវាមិនតែធ្វើឱ្យខ្លួនអ្នកកាន់តែអស់តម្លៃ។
៣. ដោះលែងខ្លួនឯងចេញពីគេ

ដោះលែងគេហើយ ក៏គួរតែរៀនដោះលែងខ្លួនឯងចេញពីគេផង កុំព្យាយាមនៅដិតដាម នឹងរឿងរ៉ាវដែលកន្លងហួស ព្រោះវាគ្មានបានអ្វីមកវិញ ក្រៅពីមិនអាចធ្វើឱ្យអ្នកកាត់ចិត្តបានទេ ផ្ទុយទៅវិញ មានតែធ្វើឱ្យខ្លួនអ្នកកាន់តែឈឺចាប់ រៀនដោះលែងខ្លួនឯងចេញពីគេ ដូចជាការស្វែងរកក្តីសុខថ្មីឱ្យខ្លួនឯងអញ្ចឹង ហើយក៏កុំគិតថាអ្នកមិនអាចរកបានមនុស្សល្អដូចគេ នៅមានមនុស្សល្អៗច្រើនណាស់កំពុងរង់ចាំអ្នក។
៤. ដោះលែងចិត្តនឹកនាដល់គេ

បើទោះបីជាដឹងថាវាពិបាកនឹងបញ្ឈប់ចិត្តនឹកនា ដល់មនុស្សដែលខ្លួនធ្លាប់ស្រលាញ់ក៏ពិតមែន តែបើចង់កាត់ចិត្តបានងាយ គឺមានតែត្រូវរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដោះលែងចិត្តនឹកនាគេ ត្រូវគិតថាគេរស់ខ្វះយើងបាន ដូច្នេះយើងមានហេតុផលអ្វី ដែលត្រូវរស់ខ្វះគេមិនបាននោះ ហើយគេក៏មិនស័ក្កសមនឹងទទួលបានការនឹកនាពីអ្នកដែរ។
៥. ដោះលែងការខ្វល់ខ្វាយពីគេ

មុននឹងខ្វល់ខ្វាយពីគេ ត្រូវខ្វល់ខ្វាយពីខ្លួនឯងជាមុនសិន ថាផ្លូវចិត្តខ្លួនឯងបានធូរស្រាលហើយឬនៅ កុំរវល់តែខ្វល់ពីសុខទុក្ខគេពេក ព្រោះពេលខ្លះគេបែកពីអ្នកទៅ គេមានតែសប្បាយចិត្ត ចំណែកឯអ្នកវិញ ត្រូវខូចចិត្ត ហើយនៅមានចិត្តខ្វល់ពីគេទៀត ដូច្នេះហើយ បើបែកគ្នាហើយ ឈប់យកអារម្មណ៍ខ្លួនឯងទៅខ្វល់ខ្វាយពីគេទៀត វានាំតែធ្វើឱ្យខ្លួនឯងកាន់តែគ្រាំគ្រាចិត្ត៕