ស្នេហា៖ មនុស្សពីរនាក់ដែលសម្រេចចិត្តថាបែកគ្នាហើយ ទោះនៅមានចិត្តស្រលាញ់យ៉ាងណាក៏ដោយ ពេលបែកគ្នាគឺមានតែព្យាយាមកាត់ចិត្តពីគ្នា ហើយបន្តរស់នៅក្នុងជីវិតរៀងៗខ្លួន ប៉ុន្តែគ្រាន់តែថាអ្នកណាអាចកាត់ចិត្តបានលឿនជាងអ្នកណាតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត នៅក្នុងការកាត់ចិត្តពីមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ រវាងមនុស្សប្រុសនិងមនុស្សស្រីគឺមានភាពខុសគ្នា មនុស្សប្រុសគេមានរបៀបកាត់ចិត្តរបៀបគេ ចំណែកឯមនុស្សស្រី ក៏មានរបៀបកាត់ចិត្តរបស់គេដែរ ប៉ុន្តែកាត់ចិត្តបានឬមិនបាន វាអាស្រ័យទៅលើបុគ្គលម្នាក់ៗ។
ភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ក្រោយពេលបែកគ្នា៖
១. មនុស្សប្រុស
ជាទូទៅ នៅពេលដែលបែកគ្នាភ្លាម មនុស្សប្រុសមិនសូវជាកើតទុក្ខប៉ុន្មាននោះទេ ផ្ទុយទៅវិញ គឺមនុស្សប្រុសបែរជាមានអារម្មណ៍ថាធូរស្រាល និងមានសេរីភាពជាងមុន ព្រោះមិនចាំបាច់ត្រូវមានមនុស្សស្រីណាមកចាំហួងហែង ឬបិទសិទ្ធសេរីភាពគេច្រើនដូចមុនទៀត ប៉ុន្តែអារម្មណ៍នោះវាកើតឡើងត្រឹមតែជារយៈពេលខ្លី បន្ទាប់ពីបែកគ្នាតែប៉ុណ្ណោះ។

រយៈពេលក្រោយមកទៀត មនុស្សប្រុសនឹងចាប់ផ្តើមចេះកើតទុក្ខ នឹកគិតដល់គេ និងចង់ជួបមុខគេ ព្រោះអារម្មណ៍ពេលដែលបែកគ្នាដំបូង គឺមិនទាន់ដឹងពីភាពសំខាន់នៃវត្តមានរបស់គេឡើយ លុះដល់ពេលលែងមានអ្នកខ្វល់ខ្វាយ ឬចាំព្រួយបារម្ភដូចមុន ទើបដឹងថាអ្វីដែលមនុស្សស្រីធ្វើដាក់ពីមុន គឺសុទ្ធតែកើតចេញពីក្តីស្រលាញ់ នេះហើយជាអារម្មណ៍ដែលមនុស្សប្រុសមានក្រោយពេលដែលបែកគ្នាអស់មួយរយៈ។
២. មនុស្សស្រី
មនុស្សស្រី ជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅបំផុត ហើយបើដាក់ចិត្តថាស្រលាញ់អ្នកណាហើយ គឺមិនអាចបំភ្លេចបានភ្លាមៗឡើយ ដូច្នេះក្រោយពេលដែលបែកគ្នា មនុស្សស្រីគឺពិតជាទទួលបានអារម្មណ៍ឈឺចាប់ខ្លាំង ឈឺរហូតស្ទើរតែមានបញ្ហាផ្លូវអារម្មណ៍ទៀតផង ប្រសិនបើមនុស្សប្រុសម្នាក់នោះ ជាមនុស្សដែលគេស្រលាញ់ខ្លាំងបំផុត។

ប៉ុន្តែបន្ទាប់ពីខូចចិត្តខ្លាំង អស់មួយរយៈពេលកន្លងមកទៀត មនុស្សស្រីនឹងចាប់ផ្តើមក្លាយទៅជាមនុស្សថ្មីម្នាក់ ហើយក៏ក្លាយទៅជាមនុស្សដែលមានចិត្តដាច់បំផុតដែរ លើសពីនេះទៅទៀត ភាគច្រើននៃមនុស្សស្រីដែលអាចក្រោកឈរឡើងវិញ បន្ទាប់ពីខូចចិត្តនៃការបែកគ្នា គឺមិនងាយនឹងចិត្តទន់ វិលត្រឡប់ទៅរកសង្សារចាស់វិញឡើយ។

ទាំងនេះហើយ ជាភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី នៅក្រោយពេលដែលបែកគ្នា ប៉ុន្តែរាល់ការបែកគ្នាទាំងសុទ្ធ គឺសុទ្ធតែបានផ្តល់នូវស្នាមរបួសឱ្យគ្នាទៅវិញទៅមក ហេតុនេះបើដាក់ចិត្តថាស្រលាញ់គ្នា គួរតែស៊ូជាមួយគ្នាឱ្យដល់ទីបញ្ចប់ ព្រោះការកាត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ វាមិនងាយស្រួលឡើយ៕