ស្នេហា៖ ជាការពិតដែលអារម្មណ៍របស់មនុស្សស្រីគឺពិបាកនឹងយល់ ប៉ុន្តែបើមនុស្សប្រុសព្យាយាមយល់បន្តិច វាអាចនឹងមិនពិបាកទេ ម្យ៉ាងចរិតរបស់មនុស្សស្រីអាចធ្វើឱ្យអ្នកដែលជាមនុស្សប្រុសឈឺក្បាល តែមនុស្សប្រុសក៏ត្រូវរៀនទទួលយកដែរ ព្រោះវាជាធម្មជាតិរបស់មនុស្សស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ សម្រាប់មនុស្សប្រុសគ្រប់រូប មុននឹងចង់យកសង្សារ អ្នកត្រូវមានការត្រៀមចិត្តទុកជាមុនក្នុងការទទួលយក នូវចរិតយ៉ាប់ៗមួយចំនួនរបស់មនុស្សស្រី ព្រោះចរិតទាំងនេះអាចនឹងធ្វើឱ្យអ្នកឈឺក្បាល និងកើតស្ត្រេសបាន តែបើអ្នករៀនចេះសម្របខ្លួនតាមមនុស្សស្រីដែលអ្នកស្រលាញ់បាន វានឹងក្លាយជារឿងធម្មតា។
ចរិតមនុស្សស្រី ដែលមនុស្សប្រុសត្រូវរៀនទទួលយក៖
១. ក្បាលរឹង

ចរិតរបស់មនុស្សស្រីដែលមនុស្សប្រុសត្រូវរៀនចេះទទួលយក គឺមនុស្សស្រីជាមនុស្សក្បាលរឹងបំផុត បើនាងមិនចង់បានអ្វី មិនចង់ធ្វើអ្វី អ្នកមិនចាំបាច់បង្ខំឱ្យនាងធ្វើទេ ដាច់ខាតគឺនាងមិនធ្វើឡើយ ហើយបើខឹងវិញ ទោះអ្នកប្រឹងតាមលួងយ៉ាងណា ក៏មិនងាយបាត់ដែរ តែបើអ្នកមិនតាមលួង គឺនាងនឹងកាន់តែខឹងអ្នកលើសដើម នេះហើយជាចរិតរបស់មនុស្សស្រី ដែលអ្នកត្រូវរៀនទទួលយក ទោះវាស្មុគស្មាញបន្តិចក៏ពិតមែន។
២. ពូកែងរង៉ក់

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ហេតុនេះបើអ្នកចង់បានសង្សារអ្នកត្រូវត្រៀមចិត្ត និងត្រៀមខ្លួនក្នុងការតាមលួងលោមមនុស្សស្រីដែលអ្នកស្រលាញ់ ព្រោះថាមនុស្សស្រីជាមនុស្សពូកែងរង៉ក់ខ្លាំងណាស់ រឿងមិនគួរងរក៏នាងអាចងរបានដែរ ដូច្នេះបើអ្នកមិនបានត្រៀមចិត្តទទួលយក អ្នកនឹងឈឺក្បាលជាក់ជាមិនខាន តែក៏មិនអាចបន្ទោសមនុស្សស្រីបានដែរ ព្រោះវាជាធម្មជាតិរបស់មនុស្សស្រី ដែលចង់បានការចាប់អារម្មណ៍ពីមនុស្សប្រុស។
៣. គិតច្រើន

គ្មានមនុស្សណាពូកែគិតច្រើនជាងមនុស្សស្រីទៀតទេ សូម្បីតែរឿងតូចតាច ដែលអ្នកគិតថាវាមិនមែនជារឿង ក៏មនុស្សស្រីអាចយកមកដេកគិតបានដែរ រហូតដល់ពេលខ្លះ គិតតែម្នាក់ឯងហើយយកមករករឿងអ្នកទៀតផង ហេតុដូចនេះ បើចង់បានសង្សារ ត្រូវរៀនទទួលយកថាមនុស្សស្រីជាមនុស្សពូកែគិតច្រើន ហើយក៏ពូកែតូចចិត្ត។
៤. ប្រច័ណ្ឌរករឿងច្រើន

វាជាធម្មជាតិរបស់មនុស្សស្រី ដែលជាមានចរិតពូកែប្រច័ណ្ឌនិងរករឿងច្រើន ហើយអ្វីដែលមនុស្សស្រីធ្វើ ក៏ព្រោះតែស្រលាញ់ និងខ្លាចបាត់បង់អ្នកដែរ ដូច្នេះអ្នកត្រូវរៀនទទួលយកនូវចរិតដ៏គួរឱ្យធុញទ្រាន់នេះរបស់មនុស្សស្រី ព្រោះមនុស្សស្រីណា ក៏មានចរិតនេះដែរ គ្រាន់តែមនុស្សស្រីខ្លះមានតិច មនុស្សស្រីខ្លះក៏មានច្រើន ទៅតាមទង្វើរបស់អ្នកដែលជាមនុស្សប្រុសធ្វើ។
៥. បិទសិទ្ធច្រើន

បើមិនទាន់ត្រៀមខ្លួនក្នុងការទទួលយការបិទសិទ្ធពីមនុស្សស្រីទេនោះ កុំទាន់យកសង្សារ ព្រោះចរិតរបស់មនុស្សស្រីគឺចូលចិត្តបិទសិទ្ធ ហើយការដែលមនុស្សស្រីបិទសិទ្ធ វាក៏មិនមែនជារឿងដែលខុសប៉ុន្មានដែរ គឺដើម្បីចង់ឱ្យអ្នកល្អ ហេតុនេះប្រុសៗត្រូវរៀនទទួលយក ទោះទទួលយកមិនបានក៏ត្រូវតែរៀន បើមិនអញ្ចឹងទេ មិនចាំបាច់យកសង្សារទេ។
៦. តែងតែចង់ឈ្នះ

ប្រុសៗត្រូវដឹងថាជីវិតគូ គឺជៀសមិនផុតពីការឈ្លោះប្រកែកទាស់ទែងគ្នានោះទេ ហើយរឿងដែលមនុស្សប្រុសត្រូវដឹងបំផុតទៀតនោះ គឺមនុស្សស្រីរាល់ពេលដែលឈ្លោះ គឺតែងតែចង់ឈ្នះ ព្រោះមនុស្សស្រីតែងតែគិតថាខ្លួនត្រូវគ្រប់ពេល ដូច្នេះបើអ្នកជាមនុស្សប្រុសមិនចង់ឱ្យមានរឿងវែងឆ្ងាយ អ្នកត្រូវរៀនទទួលយកថាគ្រប់មនុស្សស្រី គឺតែងតែចង់ឈ្នះ ហើយអ្នកជាមនុស្សប្រុស ក៏ត្រូវរៀនចុះចាញ់ដែរ៕