Samsung ប្រកាសជាផ្លូវការ នូវព្រឹត្តិការណ៍ “Unpacked 2022” ដែលសេរ៊ី Galaxy S22 នឹងមកដល់

//s9.kh1.co/ce/cefeb3f448e8effdc6ce1d3c3fb4fd3d312cedd1.jpg
បច្ចេកវិទ្យា

 ២៦-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Samsung ត្រូវបានគេរំពឹងថា នឹងផ្ដោតជាចម្បងទៅលើ Galaxy S22, S22+ និង Galaxy S22 Ultra កំឡុងពេលព្រឹត្តិការណ៍សម្ពោធ នាពេលខាងមុខ។

បរទេស៖ គេបានឃើញការលេចធ្លាយជាបន្តបន្ទាប់ ទាក់ទងនឹងសេរ៊ីទូរសព្ទ Galaxy S22 របស់ Samsung ហើយទីបំផុតពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសពីព្រឹត្តិការណ៍សម្ពោធរបស់ខ្លួន Samsung Unpacked 2022 ដែលនឹងមកដល់នៅថ្ងៃទី9 ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលបរិច្ឆេទ ថ្ងៃទី9 ខែកុម្ភៈនេះ ធ្លាប់មានពាក្យចចាមអារ៉ាមមួយរយៈមកហើយ ដោយសូម្បីតែការអញ្ជើញជាផ្លូវការនៅពេលនេះ ក៏បែកធ្លាយនៅដើមសប្ដាហ៍នេះផងដែរ។ ក្រុមហ៊ុន Samsung កំពុងតែបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើការផ្សាយទាំងស្រុង តាមប្រព័ន្ធអនឡាញ ដោយគ្មានអ្នកចូលរួមដោយផ្ទាល់នោះទេ ដូចករណីចាប់តាំងពីការសម្ពោធ Galaxy Note 20 នៅចុងឆ្នាំ2020មក។

ព្រឹត្តិការណ៍ “Unpacked 2022” នឹងចាប់ផ្ដើមនៅម៉ោង10:00យប់ (នៅកម្ពុជា)។ នៅក្នុងរូបភាព teaser របស់ Samsung ក្រុមហ៊ុនបានប្រើប្រាស់ពាក្យ "The Epic Standard" ប៉ុន្តែគេមិនប្រាកដទាំងស្រុង ថាវាសំដៅទៅលើអ្វីនោះទេ។ ចំណែក ពណ៌នៃអក្សរ “S” គឺស្វាយ ដែលស្រដៀងនឹងពណ៌ Purple Lilac ដ៏ស្រស់ស្អាតរបស់ Galaxy S9 កាលពីឆ្នាំ2018។

Samsung ត្រូវបានគេរំពឹងថា នឹងផ្ដោតជាចម្បងទៅលើ Galaxy S22, S22+ និង Galaxy S22 Ultra កំឡុងពេលព្រឹត្តិការណ៍សម្ពោធ នាពេលខាងមុខ។ ចំណែក សេរ៊ីថេប្លេត Galaxy Tab S8 ក៏ត្រូវបានគេរំពឹងថា នឹងមកដល់នៅពេលនោះផងដែរ៕

រូបភាពពី Samsung
រូបភាពពី Samsung

ប្រភព: 9to5Google

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T