គួរកក់សក់ញឹកញាប់ប៉ុនណាទើបល្អចំពោះសក់ និងស្បែកក្បាល?

//s9.kh1.co/92/9287712fca70b5ae5d75d0494a12b1e3cc45805e.jpg
យល់ដឹង

 ២១-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ការ​កក់​សក់​មិន​​ត្រឹមតែ​ជា​ការ​លាង​សម្អាតសក់ពីធូលីដី ឬ​ញើសទេ​ ថែមទាំង​​​ថែរក្សា​ស្បែក​ក្បាល និងសក់ឱ្យមានសុខភាពល្អទៀតផង។

ការ​កក់​សក់​មិន​​ត្រឹមតែ​ជា​ការ​លាង​សម្អាតសក់ពីធូលីដី ឬ​ញើសទេ​ ថែមទាំង​​​ថែរក្សា​ស្បែក​ក្បាល និងសក់ឱ្យមានសុខភាពល្អទៀតផង ព្រោះសក់ដែល​​មានសុខភាព​ល្អ​ គឺ​ចាប់ផ្តើមពីឫសសក់នៅស្បែកក្បាលមានសុខភាពល្អ។ អ៊ឹចឹង​យើងគួរកក់​សក់​ញឹកញាប់​ប៉ុនណាដើម្បីឱ្យសក់ និងស្បែកក្បាល​យើងមានសុខភាពល្អ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សក់ត្រង់ ឬសក់ស្តើង

ស្បែកក្បាលរបស់យើងគ្របដណ្តប់ដោយឫសសក់ ដែលឫសសក់នីមួយៗ​មាន​​ក្រពេញ​ខ្លាញ់សម្រាប់ផលិតខ្លាញ់ ដើម្បីផ្តល់សំណើមដល់សក់។

ប្រសិនបើយើងមានសក់ត្រង់ ឬសក់​តិច ស្បែកក្បាលមានចន្លោះច្រើន​ដែលងាយ​​នឹង​ឡើង​ប្រេង។ អ៊ឹចឹងសក់របស់យើងក៏ងាយឡើងប្រេងដែរ ដូច្នេះយើងត្រូវកក់សក់ពីរ ឬបីថ្ងៃម្តង​ដើម្បីការពារស្បែកក្បាល និងសក់កុំឱ្យឡើងប្រេង និងក្អែលដែលបណ្តាល​ឱ្យ​ឡើង​អង្គែ និងជ្រុះសក់។

២. សក់ក្រាស់

ដោយសារសក់ក្រាស់មានឫសសក់ច្រើន ដូច្នេះស្បែកក្បាលយើងមានចន្លោះតិច ដែល​មិនងាយនឹងឡើងប្រេង។ ដូច្នេះការកក់សក់ម្តង ឬពីរដងក្នុងមួយ​សប្តាហ៍ ​គឺគ្រប់គ្រាន់ហើយ។

៣. សក់ស្ងួត ឬខូច

សក់ស្ងួតអាចបណ្តាលមកពីការកៀប អ៊ុត ឬលាបសក់ជាដើម។ យើងគួរ​កក់​​សក់​រៀង​រាល់ ៥ ទៅ ៧ ថ្ងៃម្តង ដើម្បីឱ្យស្បែកក្បាលយើងឡើងប្រេង​ដែលជួយផ្តល់​សំណើម​ដល់​សក់។ ការកក់សក់ញឹកញាប់អាចបណ្តាលឱ្យសក់​កាន់តែស្ងួត និងកាន់តែខូច។

៤. សក់រួញ

យើងគួរកក់សក់បីថ្ងៃម្តង ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីការពារស្បែកក្បាល និងសក់ឡើងក្អែល ឬឡើងប្រេង​ដែល​ធ្វើឱ្យឫសសក់ស្ទះ ព្រោះសក់រួញមិនងាយឡើងប្រេងដូចសក់ត្រង់ទេ។

៥. សក់មានជាតិប្រេងច្រើន

សក់យើងអាចមានជាតិប្រេងច្រើនដោយសារក្រពេញខ្លាញ់នៅឫសសក់ផលិតខ្លាញ់ច្រើន ឬដោយសារយើងប្រើផលិតផលលាប ឬតុបតែងសក់មួយចំនួន។ យើងគួរកក់​សក់​រាល់​ថ្ងៃ ដើម្បី​ការពារស្បែកក្បាល និងសក់ឡើងប្រេង​​ខ្លាំង​ដែលបណ្តាលឱ្យស្ទះ​ឫសសក់ ឡើងអង្គែ និងជ្រុះសក់។ ​

៦. កើតអង្គែ

អង្គែអាចបណ្តាលមកពីស្បែកក្បាលឡើងប្រេងច្រើន ឬមានមេរោគផ្សិត ដូច្នេះ​យើង​គួរ​កក់សក់​រាល់ថ្ងៃដើម្បីសម្អាតអង្គែ ជាតិប្រេង និងមេរោគផ្សិតជាមួយសាប៊ូ​កម្ចាត់អង្គែ​ដើម្បី​បញ្ឈប់ការឆ្លងមេរោគផ្សិត និងឡើងអង្គែ។

យើងអាចកក់សក់រាល់ថ្ងៃ ប្រសិនបើយើងបែកញើសច្រើនដើម្បីការពារស្បែក​ក្បាល និងសក់ឡើងក្អែល ឬប្រេង។ យើងក៏ត្រូវកក់សក់ក្រោយពេល​ហែលទឹកក្នុងអាង ឬទឹកសមុទ្រដែរដើម្បីលាងសម្អាតសារធាតុក្លរីន និងអំបិលចេញពីសក់ និង​ស្បែក​ក្បាល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T