មិនធម្មតា! អ្នកវិទ្យាសាស្ត្រក្រៅអាជីព បានរកឃើញភពក្រៅមួយ មើលទៅដូចភពព្រហស្បតិ៍ណាស់

//s9.kh1.co/db/db75111bf96c2d050a3b628e4a2cf76356010910.jpg
បច្ចេកវិទ្យា

 ១៩-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ភពក្រៅជាច្រើនត្រូវបានគេប្រទះឃើញ ដោយសារតែវាធ្វើដំណើរនៅពីខាងមុខនិងបាំងពន្លឺផ្កាយរបស់វា។

បរទេស៖ ការងារភាគច្រើនដែលបានធ្វើនៅក្នុងវិស័យតារាសាស្ត្រ តម្រូវឲ្យមនុស្សមួយក្រុមធំសហការ និងធ្វើការជាមួយគ្នា ដើម្បីបង្កើតរបកគំហើញថ្មីៗ។ ខណៈពេលដែលការងារនោះភាគច្រើនធ្វើឡើងដោយតារាវិទូ ដែលមានជំនាញវិជ្ជាជីវៈ ក៏នៅមានឱកាសមួយចំនួនដែលសាធារណៈជនបានចូលរួមជួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក្រៅអាជីពទាំងនេះបានជួយស្វែងរក តាមរយៈទិន្នន័យពីតេឡេទស្សន៍របស់ណាសា ដើម្បីកំណត់អត្តសញ្ញាណភពយក្សឧស្ម័នមួយ ដែលមានចម្ងាយ៣៧៩ឆ្នាំពន្លឺពីយើង។ ក្រុមអ្នកវិទ្យាសាស្ត្រក្រៅអាជីពបានប្រើប្រាស់ទិន្នន័យពីតេឡេទស្សន៍អវកាស Transiting Exoplanet Survey Satellite ហៅកាត់ TESS ដើម្បីកំណត់អត្ដសញ្ញាណភពមួយ ដែលមានឈ្មោះ TOI-2180 b។ វាធ្វើដំណើរគោចរជុំវិញផ្កាយមួយ ដែលមានម៉ាស់ប្រហាក់ប្រហែលនឹងព្រះអាទិត្យយើងដែរ ហើយមួយឆ្នាំរបស់ភពនេះមានរយៈពេល២៦១ថ្ងៃ។

ភពក្រៅជាច្រើនត្រូវបានគេប្រទះឃើញ ដោយសារតែវាធ្វើដំណើរនៅពីខាងមុខនិងបាំងពន្លឺផ្កាយរបស់វា។ ការធ្លាក់ចុះនៃពន្លឺនៃផ្កាយអាចប្រាប់តារាវិទូ អំពីវត្តមានរបស់ភព។ ទោះជាយ៉ាងណាក៏ដោយ វាក៏ទាមទារឲ្យតេឡេទស្សន៍ ភព និងផ្កាយ ស្ថិតក្នុងទិសដៅតែមួយយ៉ាងប្រុងប្រយ័ត្នផងដែរ។ វិធីសាស្ត្រនេះដំណើរការបានយ៉ាងល្អបំផុត នៅពេលដែលភពទាំងនោះស្ថិតនៅជិតផ្កាយរបស់វា។

ការឆ្លងកាត់ពីខាងមុខផ្កាយជាធម្មតាត្រូវបានគេប្រទះឃើញ ដោយក្បួន algorithm កុំព្យូទ័រ ប៉ុន្តែក្នុងករណីនេះ ដោយសារតែវាគោចរឆ្ងាយពីផ្កាយរបស់វា ភពបានធ្វើដំណើរឆ្លងកាត់ពីមុខតែមួយដង នៅក្នុងទិន្នន័យ។ នោះហើយជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រក្រៅអាជីពចូលមក ដោយពួកគេបានជួយកំណត់អត្តសញ្ញាណភពក្រៅដ៏មានសក្ដានុពល ដោយផ្អែកលើខ្សែកោងពន្លឺរបស់ពួកវា ឬក្រាបនៃពន្លឺចេញពីផ្កាយតាមពេលវេលា៕

ភព TOI-2180 b
ភព TOI-2180 b

ប្រភព: Digital Trends

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T