ចំណេះដឹង ៖ ជំនាញនៅសាកលវិទ្យាល័យ គឺមានច្រើនណាស់ សម្រាប់និស្សិតជ្រើសរើស គឺអាស្រ័យលើសាមីខ្លួនផ្ទាល់ចង់រៀន ហើយស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយចំពោះជំនាញរៀននៅ សាកលវិទ្យាល័យមានច្រើនដូចជា ៖ ខាងផ្នែកពេទ្យ វិស្វករ ជំនាញអក្សរសាស្រ្តខ្មែរ វិទ្យាសាស្រ្ត គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ទីផ្សារ គណនី បច្ចេកវិទ្យា ព័ត៌មានវិទ្យា ទេសចរណ៍ ជំនួញ សេដ្ឋកិច្ច សណ្ឋាគារ សិល្បៈ តន្រ្តី និងជំនាញពាក់ព័ន្ធនឹងការបង្រៀនក្នុងវិស័យអប់រំជាដើម។
រាល់ជំនាញទាំងអស់ គឺសុទ្ធតែមានគុណសម្បត្តិ និងឱកាសការងារដូចគ្នា ជាពិសេស អក្សរសាស្រ្តខ្មែរ ដែលជាជំនាញមួយ ត្រូវបានគេទទួលស្គាល់ថា ជាជំនាញមានសារប្រយោជន៍ច្រើនមហាសាលចំពោះនិស្សិត ដែលក្រៅពីនិស្សិតបានចូលរួមលើកស្ទួយវិស័យ អក្សរសាស្រ្តជាតិ ហើយនោះ ថែមទាំងជំនាញមួយនេះ ក៏ជាឯកទេសដែលសាងឱកាសការងារច្រើនផងដែរ។

ជាមួយគ្នានេះដែរ គ្រប់គ្រឹះស្ថានសាកលវិទ្យាល័យឯកជន រដ្ឋ បើសិស្សនិស្សិតចង់រៀនផ្នែកអក្សរសាស្រ្តខ្មែរ ខាងសាលាសុទ្ធតែមានផ្ដល់នូវការសិក្សាដែលប្រកបដោយជំនាញពិតប្រាកដ និងគុណភាពដល់អ្នកសិក្សាដូចៗគ្នា ក្នុងនោះ យើងសូមណែនាំសាកលវិទ្យាល័យចំនួន ៣ ដែលអ្នកមិនគួររំលង ប្រសិនបើចង់រៀនផ្នែក អក្សរសាស្រ្តខ្មែរ នេះ។
១. សាកលវិទ្យាល័យភូមិន្ទ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ជាអង់គ្លេស RUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេ និងធំជាងគេនៅកម្ពុជា ដែលចែកជាមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ វិទ្យាស្ថានភាសាបរទេស IFL និងមហាវិទ្យាល័យជាច្រើនទៀត។

ជំនាញអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យនេះ នឹងផ្ដល់ឲ្យនិស្សិតគ្រប់គ្នា នូវជំនាញពិតប្រាកដ ទទួលបានចំណេះដឹងថ្មីៗអំពីអក្សរជាតិ វេយ្យាករណ៍ ប្រភពដើមកំណើតភាសា អក្សរសិល្ប៍ និងមានមុខវិជ្ជាពាក់ព័ន្ធជាច្រើនទៀត បង្រៀនដោយលោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់។
២. សាកលវិទ្យាល័យព្រះសីហនុរាជ
សាកលវិទ្យាល័យព្រះសីហនុរាជ ជាស្ថាប័នអប់រំឧត្តមសិក្សាពីដើមឡើយ គឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃ តែបច្ចុប្បន្ននិស្សិតជាគ្រហស្ថក៏អាចរៀនបានដែរ។ សាលានេះមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងមានសាខានៅខេត្តកំពង់ចាម និងបាត់ដំបង ហើយក៏ជាសាកលវិទ្យាល័យត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងធម្មការ និងសាសនា។

ក្រៅពីឯកទេសផ្ដល់ឲ្យនិស្សិតផ្នែក ទស្សនវិជ្ជាពុទ្ធសាសនា ភាសាសំស្រ្កឹត និងភាសាបាលីហើយនោះ សាកលវិទ្យាល័យព្រះសីហនុរាជនេះ ក៏ត្រូវបានគេទទួលស្គាល់ថាជា សាលាដែលមានគុណភាពមួយផ្នែក អក្សរសាស្រ្តខ្មែរផងដែរ។ និស្សិតចេញមក សុទ្ធតែមានចំណេះដឹងអាចយកទៅប្រើប្រាស់តាមការគួររៀងៗខ្លួន។
៣. សាកលវិទ្យាល័យខេមរៈ
សាកលវិទ្យាល័យខេមរៈ ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមលោកគ្រូសាស្ត្រាចារ្យ បណ្ឌិតមានជំនាញច្បាស់លាស់ និងជាសាកលវិទ្យាល័យអនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យអប់រំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីសម្រេចបាននូវកម្មវិធីកែលម្អគុណភាព។

ចំពោះនិស្សិតដែលមានបំណងចង់រៀនជំនាញ អក្សរសាស្រ្តខ្មែរ នេះ សូមពិចារណាលើសាកលវិទ្យាល័យទាំង ៣ ខាងលើនេះ ពិតជាមិនខកបំណងឡើយ ហើយក៏សូមលើកទឹកចិត្តដល់អ្នកសិក្សាអក្សរសាស្ត្រនេះ ព្រោះនេះជាជំនាញមួយ ក្នុងការលើកស្ទួយភាសាជាតិ ធ្វើឲ្យអ្នកយល់ដឹងពីដើមកំណើតរបស់ភាសា ការប្រើប្រាស់ពាក្យឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ហើយក៏ជាជំនាញសំខាន់មួយ ដែលសាកសមទៅនឹងទីផ្សារការងារជាច្រើន និងក៏សមស្របទៅនឹងតម្រូវការរបស់សង្គមយើងចប្ចុប្បន្នផងដែរ៕
