អង់គ្លេស៖ ផូស៊ីលនៃសត្វម្រើមព្រះយក្សមួយក្បាល ដែលត្រូវបានរកឃើញនៅលើឆ្នេរមួយ នៅភាគខាងជើងប្រទេសអង់គ្លេស បានបង្ហាញពីប្រភេទសត្វល្អិតដ៏ធំបំផុត ដែលធ្លាប់មានជីវិតរស់នៅ នេះបើយោងតាមសម្ដីអ្នកជំនាញសត្វពីបុរាណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផូស៊ីលនេះត្រូវបានរកឃើញក្នុងមករា ឆ្នាំ២០១៨ ក្នុងបំណែកថ្មខ្សាច់មួយ ដែលបានធ្លាក់ពីច្រាំងថ្មចោត មកកាន់ឆ្នេរសមុទ្រនៅ Howick Bay ក្នុងតំបន់ Northumberland។ ថ្មបានប្រេះបែកចំហ និងបង្ហាញផូស៊ីល។ សំណល់ផូស៊ីលរបស់សត្វនោះត្រូវបានគេឲ្យឈ្មោះថា Arthropleura ដែលមានអាយុកាលតាំងពី៣២៦លានឆ្នាំមុន។ នោះគឺជាង១០០លានឆ្នាំ មុនកំណើតដាយណូស័រ។
នៅពេលមានជីវិត សត្វនេះត្រូវបានគេប៉ាន់ស្មានថា មានទទឹង៥៥សង់ទីម៉ែត្រ និងប្រវែងរហូតដល់២.៦៣ម៉ែត្រ ដែលមានទម្ងន់៥០គីឡូក្រាម។ នេះបានធ្វើឲ្យវា ក្លាយជាសត្វឥតឆ្អឹងខ្នងដែលត្រូវបានគេស្គាល់ថា មានទំហំធំជាងគេ។ ដើម្បីទទួលបានទំហំបែបនេះ ពួកវាត្រូវការស៊ីអាហារដែលមានជីវជាតិ។ នៅពេលនោះ ចក្រភពអង់គ្លេសស្ថិតនៅលើខ្សែអេក្វាទ័រ ហើយពពួកសត្វឥតឆ្អឹងខ្នងនិងពពួកថលជលិកសត្វ (រស់ក្នុងទឹកក៏បាន លើគោកក៏បាន) ទំនងជារស់នៅពឹងផ្អែកលើរុក្ខជាតិ ដែលដុះនៅតាមមាត់អូរនិងទន្លេជាបន្តបន្ទាប់។
សត្វ Arthropleura ធ្លាប់បានរស់នៅប្រហែល៤៥លានឆ្នាំ មុនពេលផុតពូជ។ គេមិនដឹងច្បាស់ពីមូលហេតុដែលពួកវាបាត់វត្តមានពីលើលោកនោះទេ ប៉ុន្តែវាអាចដោយសារការប្រែប្រួលអាកាសធាតុ ដែលមិនស័ក្ដិសមនឹងពួកវា។ ឬវាអាចកើតឡើង ក្នុងកំឡុងពេលពពួកសត្វល្មូន បានចូលមកជ្រៀតជ្រែកក្នុងដែនជម្រកតែមួយ៕


ប្រភព: CNN