អាមេរិក៖ ស្វាមីភរិយាមួយគូមកពីរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក បានស្វាគមន៍សូវកូនភ្លោះប្រុសចំនួនបួននាក់ កាលពីខែថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលប្រទេសកំពុងទទួលរងការរាតត្បាតពីជំងឺកូវីដ-១៩យ៉ាងខ្លាំង។ ហើយចំពោះករណីពរពោះកូនភ្លោះចំនួនបួននាក់ ត្រូវបានគេចាត់ទុកថាជាករណីដ៏កម្រ និងមានតែ១ករណីប៉ុណ្ណោះ ក្នុងចំណោម១១លានករណី ឬ១៥លានករណីនៅលើពិភពលោក។
ជាក់ស្ដែង អ្នកស្រី ចេននី ម៉ា (Jenny Marr) អាយុ៣៦ឆ្នាំ និងស្វាមីរបស់គាត់ បានបង្កកំណើតឲ្យកូនភ្លោះទាំងបួននាក់ ដោយធម្មជាតិ និងមិនបានទទួលការជួយពីខាងវេជ្ជសាស្ត្រឡើយ ដែលពេលទៅឆ្លុះអេកូដំបូង ពួកគាត់ទាំងពីរនាក់ មានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់ផ្ទុះសំណើច និងមិនដឹងត្រូវនិយាយយ៉ាងម៉េច។ ទោះជាយ៉ាងណាក៏ដោយ កូនភ្លោះទាំងបួន ត្រូវបានសម្រាលចេញមកនាអំឡុងពេលកំពុងពរពោះទើបតែ២៨សប្ដាហ៍ប៉ុណ្ណោះ ដោយការវះ.កាត់ និងតម្រូវឲ្យដាក់បំពង់អុកស៊ីសែនជំនួយ ដោយសារតែទំហំរបស់ពួកគេតូចៗខ្លាំងពេក។
តួយ៉ាង ងាកទៅលើការចំណាយវិញ អ្នកស្រី និងស្វាមី បានចំណាយអស់ចំនួន៣០០ដុល្លារអាមេរិក ទៅលើការទិញម្ហូបអាហារដាក់ផ្ទះម្ដងៗ បូករួមទាំងទិញទឹកដោះគោសម្រាប់កូនៗ ដែលអស់ប្រមាណ៦.៨លីត្រ ក្នុងរយៈពេលពីរទៅបីថ្ងៃ។ ចំណែកខោទឹកនោម ក្នុងមួយថ្ងៃ កូនៗបានផ្លាស់ប្ដូរអស់ចំនួន២៤ខោឯណោះ។
យ៉ាងណាមិញ អ្នកស្រី ចេននី និងស្វាមី ពិតជាអារម្មណ៍ថាខ្លួន ក្លាយជាឪពុកម្ដាយដែលមានសំណាងខ្លាំងបំផុតនៅលើពិភពលោក ចំពោះការមានកូនភ្លោះបួននាក់។ ហើយសព្វថ្ងៃនេះ កូនភ្លោះទាំងបួន ធំលូតលាស់បានយ៉ាងល្អ ដោយមិនមានបញ្ហាសុខភាពផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖





