កណ្ដាល៖ បណ្តាលោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យមួយចំនួន នៅខេត្តកណ្តាល បានស្ម័គ្រចិត្តបង្កើនម៉ោងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ យ៉ាងសកម្ម ដើម្បីជួយពង្រឹងសមត្ថភាពសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ក៏ដូចជាគ្រូបង្រៀននៅវិទ្យាល័យផ្សេងៗទៀត បញ្ជាក់ថា នៅថ្ងៃទី២៤ខែវិច្ឆិកានេះថា នៅក្នុងអំឡុងថ្ងៃប្រឡងបាក់ឌុបជិតឈានមកដល់នេះ បណ្តាគ្រូតាមមុខវិជ្ជាដែលត្រូវប្រឡង បានបង្កើនម៉ោងបង្រៀនបំប៉នសម្រាប់សិស្សថ្នាក់ទី១២បន្ថែម ទៅតាមការណែនាំរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈការបង្រៀន និងការរៀននៅក្នុងឆ្នាំនេះ គឺបានជួបការរំខានច្រើន ដោយសារវិបត្តិកូវីដ១៩។
បើតាមសិស្សថ្នាក់ទី១២ ថ្លែងថា ការរៀនបំប៉នចំណេះដឹងបន្ថែមបូកនឹងថ្ងៃសៅរ៍ អាទិត្យផងដែរនេះ គឺពិតជាមានសារសំខាន់ណាស់ ដោយសារគ្រប់លោកគ្រូអ្នកគ្រូបានលើកយកសំណួរ លំហាត់គន្លឹះជាច្រើនដែលសិស្សមានចម្ងល់យកមកដោះស្រាយពន្យល់ប្រាប់សិស្សទាំងអស់គ្នា ហើយតាមរយៈការបង្រៀន និងការៀននេះ គឺជាការធ្វើឱ្យសិស្សមានចំណេះដឹងបន្ថែមដ៏សំខាន់ដើម្បីត្រៀមខ្លួនបន្ថែមសម្រាប់ការប្រឡងនៅថ្ងៃទី២៧ខែធ្នូនេះ។
សម្រាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំ២០២១នេះ នឹងត្រូវរៀបចំតាមទម្រង់ដូចឆ្នាំមុនៗ និងត្រូវបន្តអនុវត្តន៍តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្រប នឹងវិធានការសុវត្ថិភាពសុខភាព។
យ៉ាងណាមិញ ឯកឧត្តម បន្តថា គិតត្រឹមមកដល់ពេល ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ បាក់ឌុបនេះ មានបេក្ខជនប្រឡង ១១៥,១៣៩នាក់ ក្នុងនោះនារី មាន៦០,៦៦១នាក់ ហើយបានបែងចែងមណ្ឌលប្រឡងចំនួន ២០៥មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ៤៦៥១បន្ទប់ ហើយការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖


