កូរ៉េខាងត្បូង ៖ ខេត្ត Gyeonggi ត្រូវបានគេស្គាល់ថា ជាទីតាំងល្អ ក្បែរទីក្រុង Seoul បង្កើយ ពិតជាមានភាពល្បីល្បាញ សម្រាប់អ្នកទេសចរ ក្នុងនិងក្រៅស្រុក ប្រមូលផ្តុំដោយ តំបន់ទេសចរណ៍ល្បីៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយមួយក្នុងចំនោមនោះ ក៏មាន Paju ដែលខ្ញុំនឹងលើកយកមកនិយាយ នៅថ្ងៃនេះ។
Paju ជាទីក្រុងមួយ ក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ទើបតែត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៧ (ពីមុន វាធ្លាប់ជាស្រុក)។
ទីនេះ ក៏ល្បីមិនធម្មតា សម្រាប់អ្នកទេសចរបរទេសផងដែរ ដែលយើងអាចធ្វើដំណើរពី ទីក្រុង Seoul ទៅ Paju បានតាមមធ្យបាយផ្សេងៗ ដូចជារថយន្តក្រុង ឬរថភ្លើង ដោយការធ្វើដំណើរតាមរថយន្ត ចំណាយត្រឹមតែ ៩០ នាទី ប៉ុណ្ណោះ ជាមួយនឹងបរិយាកាសតាមផ្លូវ បែបជនបទ បៃតងស្រស់ខៀវខ្ចី អមដោយខ្សែទឹក ដែលដូចជាដៃទន្លេ។

ងាកមកនិយាយពីទិសដីទេសចរណ៍យើងវិញ តំបន់ដែលពេញនិយមបំផុត នៅក្រុង Paju គឺចៀសមិនផុតពី តំបន់ទល់ដែន រវាងកូរ៉េទាំងពីរឡើយ ហើយនោះជាបទពិសោធន៍ថ្មីមួយ ដែលមិនធ្លាប់មាន សម្រាប់អ្នកដំណើរ ជាមួយនឹងការទស្សនា ទេសភាពតំបន់ពោរពេញដោយភ្នំ ដើមឈើ ផ្លូវថ្នល់វែងស្អាត បត់បែនទៅតាមសណ្ឋានភ្នំ ហើយក៏មានស្ពានអាកាស ដែលបង្ហាញយ៉ាងច្បាស់ថា តំបន់នេះមានការអភិវឌ្ឍន៍ មិនចាញ់ទីក្រុង ប៉ុន្តែក៏នៅតែរក្សា សភាពពណ៌បៃតងស្រស់របស់ខ្លួនដូចដើម។

យ៉ាងណាមិញ បើយើងទៅទស្សនានៅទីនោះ យើងមុខជាបានឃើញថា ផ្នែកមួយចំនួននៃតំបន់ទេសចរណ៍ទីនេះ ហាក់ដូចជាមិនសូវឃើញមានមនុស្សច្រើនទេ ក្រៅពីអ្នកទេសចរគ្នាឯង និងក្រុមទាហានៗដែលនៅប្រចាំការ ខ្ញុំធានាថា នេះជា ដំណើរទេសរណ៍ដ៏ប្លែកអារម្មណ៍មួយ ដែលមិនធ្លាប់មាន វាហាក់ដូចជា ពួកយើងជាករណីលើកលែង ដែលអាចចូលទីនេះបាន យ៉ាងអញ្ចឹងដែរ

លើសពីនេះទៅទៀត វារឹតតែល្អ បើអ្នកបានស្ដាប់ការរៀបរាប់របស់ អ្នកនាំផ្លូវ ឬមគ្គុទ្ទេសក៍ទេសចរណ៍ អំពីទីតាំងនីមួយៗ និងប្រវត្តិរបស់វា។
តោះមកស្គាល់ ឈ្មោះតំបន់ទេសចរណ៍ល្បីៗមួយចំនួន ក្នុងក្រុង Paju ខាងក្រោមនេះ ៖
១. DMZ
ជាតំបន់ខ័ណចែកឧបទ្វីបកូរ៉េ ជា ២ គឺកូរ៉េខាងត្បូង និងខាងជើង។
នៅទីនេះ យើងអាចមើលឃើញ ផ្នែកខ្លះនៃកូរ៉េខាងជើង តាមរយៈឩបករណ៍ឆ្លុះ ហើយក៏អាចចូលទស្សនា រូងផ្លូវក្រោមដី ដែលពោរពេញដោយប្រវត្តិជូរចត់ជាច្រើន របស់កូរ៉េ។

២. Panmunjom
នេះមូលដ្ឋានយោធា ក្បែរៗនឹង DMZ ដែរ។
៣. Imjingak Pyeonghoa-Nuri Park :
the Park & the Freedom Bridge អតីតស្ពានភ្ជាប់ខ្សែររថភ្លើង ទៅក្រុង Pyongyang កូរ៉េខាងជើង។

៤. Dora Observatory ៖
កន្លែងឆ្លុះមើលទៅកាន់ត្រើយម្ខាងទៀត នៅប៉ែកខាងជើង និងមើលទៅទីតាំងដែលមានកងទ័ព។

៥. The Third Tunnel ៖
នេះជាការទស្សនា ផ្លូវរូងក្រោមដីពិតប្រាកដ ដែលជីកដោយជនជាតិកូរ៉េខាងជើង រហូតដល់ពួកគេត្រូវបានរកឃើញ ដោយកូរ៉េខាងត្បូង។
ផ្លូវរូងក្រោមដីនេះ មានកម្ពស់ប្រហែលៗនឹងអគារក្រោមដី កម្ពស់ ២៥ ជាន់ ដូច្នេះអ្នកដំណើរ នឹងត្រូវដើរចុះក្រោម ក្នុងផ្លូវរូងក្រោមដី ក្នុងចម្ងាយប្រហែលជា ៤០០ ម៉ែត្រ។
ខាងក្នុងនោះត្រជាក់បន្តិច ហើយគេមិនអនុញ្ញាតឲ្យថតរូបទេ។ យើងត្រូវផ្ញើអីវ៉ាន់ ទុកនៅខាងលើសិន ហើយដើរចុះទៅក្រោម តាមផ្លូវដែលគេចែកជា ២ ខ្សែសម្រាប់អ្នកទៅ និងអ្នកមក។បទពិសោធន៍នៅទីនោះ នឹងធ្វើឲ្យអ្នកដំណើរ មានអារម្មណ៍ដិតជាប់ ទៅនឹងទិដ្ឋភាព កាលពីអតីតកាល នេះអារម្មណ៍ពិតណា៎!

៦. Odusan Unification Tower
ជាអគារខ្ពស់នៅខាងលើភ្នំ ដែលយើងអ្នកមើលឃើញ ទិដ្ឋភាពនៃក្រុង Paju បានយ៉ាងច្បាស់ ពិសេសយើងអាចប្រើកែវពង្រីក ដែលមាននៅខាងលើនោះ ដើម្បីមើលទៅកាន់ ខាងជើង និងតំបន់ទល់ដែន រវាងប្រទេសទាំង ២។

៧. Dorasan Station
ជាអតីតស្ថានីយ៍រថភ្លើង ភ្ជាប់ទៅកាន់កូរ៉េខាងជើង ពេលមកដល់ទីនេះ អ្នកនឹងឃើញពាក្យស្លោកជាច្រើន មួយក្នុងចំនោមនោះ បានសរសេរថា ៖
«ទីនេះមិនមែនជាស្ថានីយ៍ដំបូង ដែលភ្ជាប់ទៅកាន់ខាងជើង ប៉ុន្តែវាជាស្ថានីយ៍ចុងក្រោយ»… ខ្ញុំក្ដុកក្ដួលណាស់ដែរ ពេលទៅដល់ទីនោះ ហើយឃើញពាក្យស្លោកទាំងនោះ ... ។

8. Gamaksan Chulleong Bridge
ជា Suspension Bridge ថ្មីដែលទើបបើកសម្ពោធ នៅទីក្រុង Paju ក្នុងខែមីនា ឆ្នាំ ២០១៨។
ស្ពាននេះមានប្រវែងជាង ២២០ ម៉ែត្រ និងកម្ពស់ ១០ ម៉ែត្រ បច្ចុប្បន្នជា Suspension Bridge វែងបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង។
ការដើរនៅលើស្ពានដ៏វែង ដោយមានទេសភាពធម្មជាតិ អមជុំវិញ រួមទាំងមានបឹងដ៏ស្រស់ស្អាតនៅខាងក្រោម ពិតជាដំណើរកម្សាន្តដ៏ស្រស់ស្រាយ យ៉ាងប្រាកដ។

ប្រភព ៖ GoGo with Noona