កម្សាន្ត៖ កក្រើកទៀតហើយ Adora ដែលធ្លាប់បានផលិតបទចម្រៀងល្បីៗជាច្រើនឲ្យក្រុម BTS នោះនាងបានត្រៀមចេញចម្រៀងផ្ទាល់ខ្លួនហើយ។ ក្នុងនោះដែរ Adora អតីតផលិតករដ៏ល្បីល្បាញ នៅក្នុងផលិតកម្ម Big Hit បានត្រៀមខ្លួន Debut ជាតារាចម្រៀងទោលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ផងដែរថា Adora មានឈ្មោះពិតថា Park Soo Hyun គឺជាអតីតសមាជិកម្នាក់ ដ៏មានទេពកោសល្យនៅក្នុងក្រុមផលិតកររបស់ផលិតកម្ម Big Hit។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានផលិតចម្រៀងរបស់ BTS ជាច្រើនបទដូចជា Spring Day, Love Maze, Magic Shop ដែលបទចម្រៀងទាំងនោះ សុទ្ធតែទទួលបានការស្រលាញ់ចូលចិត្តរហូតមកដល់សព្វថ្ងៃ។

លើសពីនោះទៅទៀត ផលិតករ Adora ក៏ធ្លាប់បានផលិតចម្រៀងឲ្យក្រុម TXT និងក្រុម Gfriend ជាច្រើនបទផងដែរ។ ដោយឡែកអតីតផលិតករ ដ៏ល្បីឈ្មោះនេះ បានចុះកុងត្រាជាមួយ Arua Entertainment ដែលជាផលិតកម្មទើបនឹងបង្កើតថ្មីកាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។

ជាពិសេស ក្រៅពីជំនាញផលិតចម្រៀងហើយ Adora នឹងបង្ហាញខ្លួនជា តារាចម្រៀងទោលជាផ្លូវការណ៍ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាងនេះទៅទៀត មហាជនដែលបានស្គាល់នាងតាមរយៈ ការផលិតចម្រៀងឲ្យក្រុមចម្រៀងល្បីៗនោះកំពុងតែទន្ទឹមរង់ចាំ ស្ដាប់សម្លេងចម្រៀងរបស់នាង៕

ប្រភព៖ allkpop