កូនបៅទឹកដោះគោ ម៉ាក់ៗកែទម្លាប់ ៤ នេះ កុំឲ្យកូនឈឺច្រើន!

//s9.kh1.co/ee/ee68f3ea358f08b7aa8c88490b2dc898ff6b5530.jpg
យល់ដឹង

 ៣០-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ដើម្បីចិញ្ចឹមកូនឲ្យលូតលាស់ និងមានសុខភាពល្អ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។

ដើម្បីចិញ្ចឹមកូនឲ្យលូតលាស់ និងមានសុខភាពល្អ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលឲ្យកូន​បៅ​ទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបជំងឺមិនសូវមកតោងខ្លួនកូន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុចត្រង់នេះដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក

១. ផ្ដល់ទឹកដោះគោនៅសល់ឲ្យកូន

ម៉ាក់ប៉ាខ្លះ ជ្រុលដៃលាយម្សៅទឹកដោះគោឲ្យកូនបៅអត់អស់ មិនចាក់ចោលទេ បែរជាទុកឲ្យកូនបៅពេលក្រោយទៀត។ នេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកូនឧស្សាហ៍ឈឺ ដោយសារទឹកដោះគោកូនម៉ឹមសល់ មិនអាចទុកយូរលើសពីមួយម៉ោងបានទេ។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ កុសល កណិការ ពេលកូនបៅទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះតាមទឹកមាត់កូន ហើយបើយើងទុកយូរម៉ោងបន្តិច កូនយើងបៅទឹកដោះគោដែលនៅសល់អាចបង្កឱ្យកូនឈឺពោះ រាករូសជាដើម។

២. បន្ថយ ឬបន្ថែមបរិមាណទឹក ឬម្សៅទឹកដោះគោ

ការឆុងទឹកដោះគោមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ តែទោះយ៉ាងណា ម៉ាក់ប៉ាមួយចំនួនបានបំពានក្បួនច្បាប់ទាំងនោះ នៅពេលកូនមានបញ្ហា ដូចជារាក ឬទល់លាមក។ ជាក់ស្ដែង ពេលកូនទល់លាមក ម៉ាក់តែងបន្ថយបរិមាណទឹកដោះគោ ដោយរក្សាបរិមាណទឹកដដែល ឬក៏រក្សាបរិមាណទឹកដោះគោដដែល តែបន្ថែមបរិមាណទឹកវិញ ដោយគិតថា ការបន្ថែមបរិមាណទឹក អាចកាត់បន្ថយអាការៈទល់លាមកកូនបាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា វិធីនេះមិនត្រឹមត្រូវទេ ថែមទាំងធ្វើឲ្យកូនមានបញ្ហាសុខភាពធ្ងន់ធ្ងរ អាចនឹងខ្វះអាហារូបត្ថម្ភក៏ថាបាន។

៣. ប្រើទឹកឆុងទឹកដោះគោកូនមិនបានត្រឹមត្រូវ

អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យម៉ាក់ប៉ាប្រើទឹកដែលល្អសម្រាប់ឆុងទឹកដោះគោឲ្យក្មេង គឺទឹកដាំពុះ ទុកឲ្យនៅក្តៅឧណ្ឌៗ មិនមែនជាទឹកត្រជាក់ ឬទឹកមានជាតិរ៉ែខ្ពស់នោះទេ។ ការយកទឹកក្តៅឧណ្ហៗមកឆុងទឹកដោះគោ ធ្វើឲ្យម្សៅទឹកដោះគោងាយរលាយ អាចកាត់បន្ថយអាការៈទល់លាមករបស់ក្មេងបានថែមទៀត។

៤. ប្រើដបទឹកដោះគោកខ្វក់

ក្នុងនាមជាម៉ាក់ប៉ាមួយថ្ងៃៗ មិនមែនទំនេរមើលតែកូនមួយមុខទេ ព្រោះតែរវល់ ម៉ាក់ប៉ាមួយចំនួនយកដបទឹកដោះគោប្រើរួចដែលមិនទាន់លាង មកឆុងទឹកដោះគោឲ្យកូនម៉ឹមម្ដងទៀត។ ការធ្វើបែបនេះអាចឲ្យកូនហើមពោះ ដោយសារដបទឹកដោះគោប្រើរួចទុកយូរដោយមិនបានលាងសម្អាត បាក់តេរីនឹងកកើតឡើង ទៅជាជូរផ្អូម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T