ស្នេហា៖ នៅក្នុងរឿងស្នេហា ពេលខ្លះវាពិតជាច្របូកច្របល់ និងពិបាកយល់ខ្លាំងណាស់ ដែលងាយនឹងធ្វើឱ្យយើងទាំងអស់គ្នា មានការយល់ច្រឡំរវាងអារម្មណ៍អាណិតអាសូរ និងអារម្មណ៍ស្រលាញ់ចំពោះនរណាម្នាក់ ហើយវាក៏ងាយនឹងធ្វើឱ្យយើងទាំងអស់គ្នា ជ្រើសរើសខុស ដែលនាំឱ្យស្តាយក្រោយទៅថ្ងៃមុខដែរ ម្យ៉ាងវិញទៀត រវាងការស្រលាញ់និងការអាណិតអាសូរ វាមិនដូចគ្នានោះទេ ព្រោះមួយចេញពីបេះដូង និងមួយទៀតចេញពីចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាងនេះទៅទៀត វារឹតតែពិបាកនោះ គឺនៅពេលដែលស្ថិតក្នុងការជ្រើសរើសរវាងការស្រលាញ់ និងការអាណិតអាសូរ ដោយមិនដឹងថាគួរជ្រើសរើសមួយណា និងបោះបង់ចោលមួយណា ដែលជាហេតុធ្វើឱ្យមនុស្សដែលបានជួបនូវស្ថានភាពក្នុងការជ្រើសរើសនោះ មានការច្របូកច្របល់ និងមិនដឹងថាជ្រើសមួយណា ទើបជាជម្រើសដល់ល្អសម្រាប់ស្នេហា។ ប៉ុន្តែតាមពិតទៅ សេចក្តីស្នេហា គឺកើតចេញពីក្តីស្រលាញ់ដែលចេញពីបេះដូង មិនមែនកើតចេញពីការអាណិតអាសូរ ដែលចេញពីចិត្តទេ ហើយបើទោះបីជាការស្រលាញ់ និងការអាណិតអាសូរ ជាអារម្មណ៍ដែលងាយនឹងធ្វើឱ្យមានការភ័ន្តច្រឡំគ្នាក៏ដោយ ក៏ប៉ុន្តែប្រសិនបើសួរខ្លួនឯង ថារស់នៅដោយអត់នរណាម្នាក់មិនបាននោះ គួរណាតែជ្រើសមនុស្សម្នាក់នោះ។

មួយវិញទៀត ប្រសិនបើអ្នក ជ្រើសមនុស្សដែលអ្នកអាណិត ដោយមិនមានចិត្តស្រលាញ់នោះ អ្នកមិនត្រឹមតែគ្មានក្តីសុខទេ មនុស្សដែលអ្នកអាណិតគេក៏គ្មានក្តីសុខដូចគ្នា ព្រោះគេមិនបានទទួលក្តីស្រលាញ់ពីអ្នក គេទទួលបានត្រឹមតែការអាណិតអាសូរពីអ្នកតែប៉ុណ្ណោះ ដូច្នេះហើយ ជម្រើសដ៏ល្អ នៅក្នុងរឿងស្នេហា អ្នកគួរណាតែជ្រើសការស្រលាញ់ ព្រោះស្នេហា វាត្រូវការការស្រលាញ់ដែលចេញពីបេះដូង មិនមែនការអាណិតអាសូរទេ លើសពីនេះ មានតែការជ្រើសរើសការស្រលាញ់ទេ ទើបអាចធ្វើឱ្យអ្នកមានក្តីសុខ ហើយមនុស្សដែលអ្នកស្រលាញ់ គេក៏មានក្តីសុខដូចគ្នា។

ជារួមមក បើទោះបីជាការស្រលាញ់ និងការអាណិតអាសូរ វាជាអារម្មណ៍ដែលស្រដៀងគ្នា ងាយនឹងធ្វើឱ្យមានការភ័ន្តច្រឡំគ្នាក៏ដោយ ក៏អ្នកទាំងអស់គ្នា គួរតែចេះបែងចែកឱ្យដាច់រវាងអារម្មណ៍ពីរនេះ ហើយសួរខ្លួនឯងឱ្យច្បាស់ នោះអ្នកនឹងរកឃើញចម្លើយហើយថា ជម្រើសដ៏ល្អសម្រាប់អ្នកនោះ គឺការជ្រើសរើសការស្រលាញ់ ដែលចេញពីបេះដូង មិនមែនជាការអាណិតអាសូរ ដែលចេញពីចិត្តនោះទេ៕
ប្រភព៖ verywellmind