បាងកក៖ ស្ត្រីថៃវ័យចំណាស់ម្នាក់ បានទទួលការចាក់វ៉ាក់សាំង AstraZeneca រហូតដល់ទៅ ២ដូស ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលរឿងរ៉ាវនេះបានកើតឡើងស្ថិតនៅស្រុកមួង ប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសម្នាក់បានបង្ហោះរូបមួយសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖
មានតែមួយគត់ ខេត្តបុរីរាំ។ លោកយាយ Somwang Jukul បានចាក់វ៉ាក់សាំង ២ដូស នៅថ្ងៃទី ១៤ ខែសីហា។ នៅព្រឹកនេះ មន្រ្តីសុខាភិបាលម្នាក់ បានតេទូរសព្ទមកសួរអំពីស្ថានភាព ដោយលោកយាយ គឺមានសុខភាពធម្មតា។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅផ្ទះរបស់គាត់ ស្ថិតក្នុងស្រុកណាងរ៉ុង លោកយាយវ័យ ៧០ឆ្នាំរូបនេះ បានលើកឡើងថា គាត់បានទៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងស្រុកមួង ជាមួយស្វាមី កូនប្រុស រួមទាំងសាច់ញាតិ។ បន្ទាប់ពីពិនិត្យមើលឯកសារ វាស់កម្តៅ និងសម្ពាធឈាមរួច ពួកគាត់ត្រូវបានហៅទៅកន្លែងចាក់ ដែលមានមនុស្សច្រើនកុះករ។ លោកយាយ ប្តី និងកូនប្រុស ព្រមទាំងសាច់ញាតិ បានអង្គុយចាក់តាមតុខុសៗគ្នា។

លោកយាយ រៀបរាប់ទៀតថា គាត់បានចាក់មួយដូសនៅលើដៃស្តាំ ហើយក៏បានអង្គុយចាំនៅតុនោះមួយរយៈពេលខ្លីតាមការណែនាំរបស់គ្រូពេទ្យមុនពេលចាកចេញជាមួយនឹងឯកសារ។ ខណៈពេលដើរចេញ លោកយាយត្រូវបានគ្រូពេទ្យម្នាក់ទៀត នៅតុផ្សេងហៅឲ្យចូលនិងអង្គុយចុះ ដោយគ្មានបានសួរនាំអ្វីទាំងអស់ គ្រូពេទ្យនោះក៏ចាក់ដូសទី២ នៅលើដៃឆ្វេង។ ពេលនោះលោកយាយមិនបានប្រកែកអ្វីទេ ដោយមិនបានដឹងថា វាជាការយល់ច្រឡំ។
ក្រោយចាកចេញពីចាក់វ៉ាក់សាំង លោកយាយបានជួបកូនប្រុសគាត់ ហើយប្រាប់ថា គាត់បានចាក់វ៉ាក់សាំងចំនួន២ដូស។ ពេលឮដូច្នេះ កូនប្រុសរបស់គាត់មានអារម្មណ៍ភ្ញាក់ផ្អើល និងបានសួរពីអារម្មណ៍ ក៏ដូចជាអាការ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន លោកយាយមិនមានអាការវិវត្តរោគសញ្ញា ឬធ្វើទុក្ខអ្វីឡើយ គ្រាន់តែគ្រុនក្តៅអស់កម្លាំង និងងងុយដេក បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ យ៉ាងណាមិញ លោកយាយផ្ទាល់ក៏មានការព្រួយបារម្ភផងដែរ។ តែបើទោះជាយ៉ាងណាក្តី ខាងមន្ទីរសុខាភិបាលខេត្តបានតេទូរសព្ទសាកសួរជាញឹកញាប់ ដើម្បីតាមដានអាការរបសគាត់៕