អឺរ៉ុប៖ យោងតាម Football Insider បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងពិចារណាផ្ដល់ជូនខ្សែការពារ Hactor Bellerin ទៅឲ្យក្រុម Inter Milan ដើម្បីប្ដូរយកខ្សែប្រយុទ្ធ Lautaro Martinez នារដូវក្ដៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមកាំភ្លើងធំសង្ឃឹមថា ការផ្ដល់ជូននូវ Bellerin នឹងអាចកាត់បន្ថយការចំណាយបានច្រើន ដោយសារ Martinez បច្ចុប្បន្នមានតម្លៃខ្លួន ៧៧លានផោន (ឬប្រមាណ ១០៧លានដុល្លារអាមេរិក)។
គួរឲ្យដឹងថា តាមពិតទៅ Bellerin បានជូនដំណឹងទៅកាន់ក្រុម Arsenal ពីបំណងចង់ចាកចេញតាំងពីរដូវក្ដៅឆ្នាំមុនមកម្ល៉េះ ហើយពេលនេះក្រុមកាំភ្លើងធំកំពុងតែព្យាយាមផ្ដល់ជូនខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ទៅកាន់ក្លិបណាមួយក្នុងទ្វីបអឺរ៉ុប។
ទន្ទឺមនឹងនេះ ក្រុមនៅអ៊ីតាលី Inter Milan ដែលទើបលក់ Achraf Hakimi ទៅឲ្យក្រុម PSG ក៏កំពុងសម្លឹងរកខ្សែការពារស្ដាំម្នាក់ផងដែរ។ ហើយក្រុមជើងឯក Serie A មួយនេះក៏ចាប់អារម្មណ៍លើ Bellerin យូរមកហើយ និងកំពុងត្រៀមនាំយករូបគេមកនារដូវក្ដៅនេះផងដែរ។
ដោយឡែក បើងាកទៅកាន់កីឡាករសញ្ជាតិអាហ្សង់ទីន Martinez វិញ គឺជាកីឡាករលេចធ្លោម្នាក់របស់ Inter Milan ចាប់តាំងពីផ្ទេរមកក្នុងឆ្នាំ ២០១៨។ កីឡាករវ័យ ២៣ឆ្នាំរូបនេះលេងចាប់ដៃគូបានយ៉ាងល្អជាមួយខ្សែប្រយុទ្ធសញ្ជាតិប៊ែលស៊ិក Lukaku ដែលជាផ្នែកដ៏សំខាន់ក្នុងការជួយក្រុមឲ្យឈ្នះជើងឯក Serie A រដូវកាល ២០២០-២០២១ កន្លងទៅនេះ៕