ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការបញ្ជាក់ពី លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅ តាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយ ឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។
សូមបញ្ជាក់ផងដែលថា បច្ចុប្បន្នអ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១ ៕
ប្រភពព័ត៌មាន: ទូរទស្សន៍ជាតិខេត្តព្រះសីហនុ